​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយក​គ្រប់គ្រង​អង្គការ IMF លោកស្រី គ្រី​ស្តាលី​ណា ច​ច​ជីវ៉ា (Kristalina Georgieva) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​មិថុនា​ថា​ខណៈ​អតិផរណា​​កើនឡើង​យ៉ាង​ខ្លាំង​និង​ធនាគារកណ្តាល​ដំឡើង​អត្រា​ការប្រាក់ សហរដ្ឋ​អាម៉េរិក​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ការធ្លាក់​ចុះ​សេដ្ឋកិច្ច​ខ្លាំង​ឡើង​។​

​ប៉ុន្តែ​លោកស្រី​បាន​និយាយថា ផលប៉ះពាល់​បណ្តោះអាសន្ន​ណាមួយ​ដែល​បណ្តាល​មកពី​ការធ្លាក់​ចុះ​សេដ្ឋកិច្ច​គឺជា “​តម្លៃ​ត្រូវ​បង់​ជា​ចាំបាច់​” ដើម្បី​កម្ចាត់​អតិផរណា​ដ៏​បំផ្លិចបំផ្លាញ​។​

​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​ក្នុង​គ្រា​មាន​វិបត្តិ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នេះ ជាថ្មី​ម្តងទៀត​បាន​កាត់បន្ថយ​ការ​ព្យាករណ៍​កំណើន​នៅ​សហរដ្ឋ​អាម៉េរិក​មក​ត្រឹម ២,៩ ភាគរយ​ពី​ការព្យាករណ៍ ៣,៧ ភាគរយ​ក្នុង​ខែ​មេសា​។​

​លោកស្រី​ច​ច​ជីវ៉ា​បាន​និយាយថា សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​របស់​ពិភពលោក​បាន​ងើប​ឡើងវិញ​យ៉ាងខ្លាំង​ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​បង្ក​ដោយ​ជំងឺ​រាតត្បាត ប៉ុន្តែ​វា​ក៏​បាន​នាំ​មក​ជាមួយនឹង​”​ផលប៉ះពាល់​ដែល​មិន​​ចង់​បាន​ផង​ដែរ​” គឺ​ការឡើង​ថ្លៃទំនិញ​។​

​លោកស្រី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខណៈ IMF​មាន​ទំនុកចិត្ត​ថា​ការដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​អាម៉េរិក​នឹង​ធ្វើឱ្យ​អតិផរណា​ធ្លាក់ចុះ​”​យើង​បានដឹង​ថា​នឹងមាន​​ផ្លូវ​តូច​ចង្អៀត​ដើម្បី​បញ្ចៀស​វិបត្តិ​សេដ្ឋកិច្ច​”​។​

​កាលពី​សប្តាហ៍​មុន​ធនាគារកណ្តាល​អាម៉េរិក​បាន​ដំឡើង​អត្រា​ការប្រាក់​កម្ចី​គោល​របស់​ខ្លួន​ខ្ពស់បំផុត​ក្នុង​រយៈពេល​ជិត ៣០ ឆ្នាំ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ខ្លាំងក្លា​របស់​ខ្លួន​ដើម្បី​លុប​បំ​​បាត់​អតិផរណា​ដែល​មាន​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​បួន​ទសវត្សរ៍ និង​ដើម្បី​ជួយ​សម្រាល​ដល់​ក្រុមគ្រួសារ​អាម៉េរិក​ដែល​កំពុង​ជួប​ការលំបាក​ជាមួយនឹង​ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ អាហារ និង​លំនៅដ្ឋាន​។​

​សេដ្ឋកិច្ច​អាម៉េរិក​កំពុង​មើល​ឃើញ​តម្រូវការ​ខ្លាំង​ប៉ះទង្គិច​ជាមួយ​នឹង​បញ្ហា​ផ្គត់ផ្គង់​ដោយសារ​តែ​ការបិទ​ខ្ទប់​ទប់ស្កាត់​ជំងឺ​រាតត្បាត​នៅក្នុង​ប្រទេស​ចិន​និង​កន្លែង​ផ្សេងទៀត​នៅ​ពេល​រុស្ស៊ី​លុកលុយ​​អ៊ុ​យក្រែន ដែល​រឹត​បង្កើន​សម្ពាធ​អតិផរណា​។​

​សម្រាប់​ឆ្នាំ ២០២៣ កំណើន​ត្រូវគេ​រំពឹងថា​នឹង​ថយ​ចុះ​មក​នៅត្រឹម ១,៧ ភាគរយ ប៉ុន្តែ “​ចៀស​ផុត​យ៉ាង​ប្រផុតប្រផើយ​” ពី​វិបត្តិ​សេដ្ឋកិច្ច នេះ​បើ​យោង​តាម​ឯកសារ​ពិនិត្យឡើងវិញ​ប្រចាំឆ្នាំ​នៃ​សេដ្ឋកិច្ច​​អាម៉េរិក​ដែល​គេ​ស្គាល់​ថា ការពិគ្រោះ​យោបល់​មាត្រា ៤ ។​

​ប្រធាន IMF​បាន​និយាយថា ការប្រយុទ្ធប្រឆាំង​នឹង​អតិផរណា​ត្រូវតែ​ជា “​អាទិភាព​កំពូល​” ទោះបីជា​ផល​ប៉ះពាល់​ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាម៉េរិក អាច​មាន​លើ​សេដ្ឋកិច្ចពិភពលោក​ក៏ដោយ​។​

​លោកស្រី​បាន​និយាយ​នៅក្នុង​ការឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ថា “​ភាពជោគជ័យ​រយៈពេល​វែង​នឹង​មាន​ប្រយោជន៍​សម្រាប់​កំណើន​ពិភពលោក​ប៉ុន្តែ​ផលប៉ះពាល់​ខ្លះ​​ដើម្បី​ឈាន​ទៅរក​ភាព​ជោគជ័យ​នោះ​អាច​ជា​តម្លៃ​ត្រូវ​បង់​ជា​ចាំបាច់​”៕

នាយក​គ្រប់គ្រង​អង្គការ IMF លោកស្រី គ្រី​ស្តាលី​ណា ច​ច​ជីវ៉ា