ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធកីឡា ឈិនឡូនអាស៊ី និងសហព័ន្ធកីឡាសីដក់ និង ឈិនឡូនកម្ពុជា បានឈានដល់ការធ្វើកិច្ចព្រមព្រៀង ជាមួយគ្នា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ដើម្បីជួយ អភិវឌ្ឍន៍វិស័យកីឡា ឈិនឡូនកម្ពុជា ឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។

កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង ដោយលោក U SOE NAING ប្រធានសហព័ន្ធកីឡា ឈិនឡូនអាស៊ី និងជាប្រធានសហព័ន្ធកីឡា ឈិនឡូនមីយ៉ាន់ម៉ា និងលោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ក្រោមការចូលរួមជាសាក្សី ពីលោក​ វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC)។

លោក វ៉ាត់ ចំរើន បានថ្លែងអំណរគុណ ដល់លោក U SOE NAING ប្រធានសហព័ន្ធឈិនឡូ អាស៊ី ដែលបានយកចិត្តទុកដាក់ ក្នុងការជួយអភិវឌ្ឍន៍ធនធានកីឡារបស់កម្ពុជា ដើម្បីឆ្លើយ តបនឹងគោលដៅ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ ជាមួយគ្នានោះ លោកអគ្គលេខាធិការ CAMSOC ក៏បានសំណូមពរ លោក U SOE NAING ជួយបង្កើនការយក ចិត្តទុកដាក់ខ្ពស់ ទៅលើសុខទុក្ខ អំឡុងពេលហ្វឹកហាត់ នៅមីយ៉ាន់ម៉ា ហើយលោកក៏ជំរុញឲ្យ សហព័ន្ធឈិនឡូនអាស៊ី ជួយដាក់គ្រូបង្វឹកកម្រិតខ្ពស់ បង្ហាត់ដល់អត្តពលិកកម្ពុជា ព្រោះកម្ពុជា ត្រូវការឈ្នះមេដាយច្រើនគ្រឿង លើវិញ្ញសាឈិនឡូន ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។

លោកបណ្ឌិត មាស សារិន បានមានប្រសាសន៍ថាៈ សហព័ន្ធកីឡាឈិនឡូអាស៊ី និងជាប្រធាន សហព័ន្ធឈិនឡូន មីយ៉ាន់ម៉ា នឹងធានារ៉ាប់រង សម្រាប់គ្រូបង្វឹក កីឡាករ កីឡាការិនី និងមន្ត្រី អាជ្ញាកណ្តាលកម្ពុជា លើការហូបចុក ស្នាក់នៅ ការដឹកជញ្ជូន ក្នុងអំឡុងពេលហ្វឹកហាត់ បំប៉នបច្ចេកទេស នៅប្រទេសមីយ៉ាន់ម៉ា រយៈពេលវែង រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា តែម្តង។

ប្រភេទកីឡាឈិនឡូននេះ មានវិញ្ញាសាសរុបចំនួន១២ គឺផ្នែកបុរស ៤ នារី៤ និងវិញ្ញាសា ចម្រុះ៤ ហើយលោក U SOE NAING នឹងទទួលស្វាគមន៍ និងរ៉ាប់រងលើចំនួនគ្រូ កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ប៉ុន្មាននាក់ ក៏លោកទទួល ដោយក្តីរីករាយ និងផ្តល់ភាព កក់ក្តៅបំផុត។

លោកបានបញ្ជាក់ទៀតថាៈ ចំពោះកីឡាករ កីឡាការិនី និងមន្រ្តីបច្ចេកទេស ដែលសហព័ន្ធ កីឡាសីដក់ និងឈិនឡូនកម្ពុជា បញ្ជូនទៅ តាមរយៈអនុស្សរណៈនេះ នឹងត្រូវចេញដំណើរ ក្នុងខែសីហា ឆ្នាំ២០២២ រហូតដល់កៀកព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ទើបវិលត្រឡប់មក វិញ ចូលរួមប្រកួតតែម្តង។

ការទៅហ្វឹកហាត់ និងរៀនសូត្រ រយៈពេលយូរនេះ សហព័ន្ធសំដៅឲ្យកីឡាករ កីឡាការិនី និងមន្រ្តីបច្ចេកទេស មានសមត្ថភាព និងគុណភាពគ្រប់គ្រាន់ ក្នុងការប្រជែងដណ្តើមមេដាយ ជូនជាតិ និងបម្រើការងារ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣។

លោក U SOE NAING បានបង្ហាញក្តីរីករាយ និងការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះវត្តមានកីឡាករ កីឡាការិនី និងមន្រ្តីបច្ចេកទេស កីឡាឈិនឡូនកម្ពុជា ទៅហ្វឹកហាត់ និងបណ្តុះ បណ្តាល នៅប្រទេសមីយ៉ាន់ម៉ា ដោយលោកសន្យាថា នឹងធ្វើបដិសណ្ឋារកិច្ច ទទួលខុសត្រូវ ទាំងស្រុង ដើម្បីជួយជំរុញ ធ្វើយ៉ាងណាឲ្យអត្តពលិក និងមន្រ្តីបច្ចេកទេសកម្ពុជា ត្រឡប់មក ចូលរួមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មានគុណភាពខ្ពស់ ដោយអាចរៀបចំព្រឹត្តិការណ៍ បានល្អ និងប្រកួតដណ្តើមមេដាយបាន៕/V-PC