ដោយៈ សុក្ខារិន / ពោធិសាត់: នគរបាលស្រុកតោលោសែនជ័យ នៅវេលាម៉ោង ៣និង២៥នាទី ថ្ងៃទី២៤ មិថុនា ២០២២ បានឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាលួចម៉ូតូ តាមពាក្យបណ្តឹង របស់ជនរងគ្រោះម្នាក់ នៅចំណុចសួនកម្សាន្ត រីសត មួយកន្លែង ស្ថិតនៅក្នុងភូមិ បត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។

លោកវរសេនីយ៍ឯក អ៊ូ ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ បានឲ្យដឹងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៥ មិថុនា នេះថា ជនរងគ្រោះ មានឈ្មោះ ម៉ក់ ដេវិដ អាយុ ១៧ ឆ្នាំ មានមុខរបរ បុគ្គលិកនៅហាង ២៥០០ រស់នៅក្នុងភូមិខ្នារ សង្កាត់លលកស ក្រុងពោធិ៍សាត់ ជាម្ចាស់ម៉ូតូ ម៉ាក Honda dream ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ស្លាកលេខ ពោធិសាត់ 1J.8626 ។
ដោយឡែក ជនសង្ស័យ មានឈ្មោះ ឈឹម សំណាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយក៍ជាមុខសញ្ញាចាស់ផងដែរ។

លោកវរសេនីយ៍ឯក អ៊ុល ហៃ បានឱ្យដឹងទៀតថាៈ នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ ធ្វើការជាមួយគ្នា ខណ:ដែលជនរងគ្រោះ កំពុងដេកលក់នៅផ្ទះជួលមួយកន្លែង ក្រោយពីធ្វើការរួចហើយនោះ ពេលភ្ញាក់ឡើងវិញ ត្រូវជនសង្ស័យខាងលើ លួច រូចហើយជិះ គេចបាត់ កាលពីថ្ងៃទី២២ មិថុនា ២០២២ ថ្មីៗនេះ។ ក្រោយពេលកើតហេតុ ជនរងគ្រោះ បាន ដាក់ពាក្យបណ្តឹង មកសមត្ថកិច្ច តាមបណ្តាស្រុក ក្រុង ក្នុងខេត្តពោធិសាត់ ឱ្យជួយស្វែករក។

ក្រោយទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ ខាងលើនេះ សមត្ថកិច្ច បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ខាងលើ នៅចំណុចសួនកម្សាន្ត រីសត មួយកន្លែង ស្ថិតនៅក្នុងភូមិ បត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ក្នុងពេលជនសង្ស័យ កំពុងជិះម៉ូតូ ជនរងគ្រោះ ហើយដោយសារសមត្ថកិច្ច ស្គាល់ស្លាកលេខម៉ូតូ និងដកហូតវត្ថុតាង មានម៉ូតូ ១គ្រឿង និងទូរស័ព្ទដៃ ២គ្រឿង នាំខ្លួនជនសង្ស័យ មកសាកសួរ និងកសាងសំណុំរឿង ប្រគល់ជូនទៅអធិការដ្ឋាននគបាលក្រុងពោធិសាត់ ដែលជាម្ចាស់ករណី ដើម្បីកសាង សំណុំរឿង ចាត់ការបន្ត តាមនីតិវិធី៕V-PC