​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖​សមាជិក​សភា​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​មិថុនា បាន​បំបែក​ភាពជាប់គាំង​អស់​ជាច្រើន​ទសវត្សរ៍​លើ​ការគ្រប់គ្រង​អាវុធ​ដោយ​បាន​អនុម័ត​បទប្បញ្ញត្តិ​​សុវត្ថិភាព​សំខាន់ៗ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​៣០ ឆ្នាំ ពោលគឺ​តិចជាង ២៤ ម៉ោង​បន្ទាប់ពី​តុលាការ​កំពូល​បាន​ជំរុញ​សិទ្ធិ​ក្នុងការ​កាន់​អាវុធ​។​

​បទ​ប្បញ្ញត្តិ​កាំភ្លើង​គឺជា​បញ្ហា​សំខាន់​មិនអាច​ប៉ះ​បាន​ទាំង​សម្រាប់​ពួក​អភិរក្សនិយម​និង​ពួកសេរីនិយម​នៅក្នុង​សហរដ្ឋ​អាម៉េរិក ដែល​បាន​ធ្វើឱ្យ​ខាត​ប្រយោជន៍​នយោបាយ​ជាតិ​ចំពេល​មាន​ការបាញ់​​ប្រហារ​ទ្រង់ទ្រាយ​ធំ​ជា​ច្រើនលើក​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​សភាតំណាងរាស្ត្រ ដែល​ដឹកនាំ​ដោយ​បក្ស​ប្រជាធិបតេយ្យ បាន​បោះឆ្នោត​លើ​ច្បាប់​ស្តីពី​កាំភ្លើង​របស់​ព្រឹទ្ធសភា​ទ្វេ​បក្ស ដែល​វា​ស្មើនឹង​ចំណែក​សំខាន់​លើក​ដំបូង​នៃ​ច្បាប់​គ្រប់គ្រង​អាវុធ​ចាប់តាំងពី​ឆ្នាំ ១៩៩៤ បើទោះជា​វា​មាន​ទំហំ​តិច​តួចក្តី​។​

​ប្រធាន​សភា​មកពី​បក្ស​ប្រជាធិបតេយ្យ លោកស្រី​ណាន់​ស៊ី ប៉េ​ឡូ​ស៊ី បាន​និយាយថា “​ចូរ​យើង​កុំ​វិនិច្ឆ័យ​ច្បាប់​នេះ​សម្រាប់​អ្វី​ដែល​មិន​មាន​នៅក្នុង​វា ប៉ុន្តែ​ត្រូវ​គោរព​វា​សម្រាប់​អ្វី​ដែល​វា​បានធ្វើ​។​ហើយ​អ្វី​ដែល​វា​​បាន​ធ្វើ​គឺ​ជួយសង្គ្រោះ​ជីវិត​។ ហើយ​យើង​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​រឿង​នោះ​”​។​

​សមាជិក​គណបក្ស​សាធារណរដ្ឋ​ចំនួន ១៤ នាក់​បាន​ផ្គើន​នឹង​មេដឹកនាំ​របស់​ពួកគេ​គឺ លោក ខេ​វិន ម៉ាក​កា​ធី (Kevin McCarthy) ដើម្បី​បោះឆ្នោត​អនុម័ត​ច្បាប់​កម្រាស់ ៨០ ទំព័រ​ដែល​រុញ​ពី​សភា​​ជាន់ខ្ពស់ ក្រោយ​មាន​ការគាំទ្រ​ពី​បក្ស​ទាំង​ពីរ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។​

​ការបោះឆ្នោត​នេះ​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​សំឡេង​ភាគច្រើន​របស់​ពួក​អភិរក្សនិយម​នៅ​តុលាការ​កំពូល​បាន​គាំទ្រ​លើ​ច្បាប់​មាន​អាយុកាល​មួយ​សតវត្សរ៍ ដែល​តម្រូវ​ឱ្យ​មាន​ការ​អនុញ្ញាត​សម្រាប់​ការកាន់កាប់​កាំភ្លើងខ្លី​នៅ​ទី​សាធារណៈ​។​

​ច្បាប់​ស្តីពី​កាំភ្លើង​គឺ​រួមបញ្ចូល​ការពង្រឹង​ការត្រួតពិនិត្យ​ប្រវត្តិរូប​សម្រាប់​អ្នកទិញ​វ័យក្មេង​និង​សាច់ប្រាក់​សហព័ន្ធ​សម្រាប់​រដ្ឋ​នានា ដែល​ណែនាំ​ច្បាប់ “​ទង់​ក្រហម​”​ដែល​អនុញ្ញាត​ឱ្យ​តុលាការ​ដកហូត​អាវុធ​​ជា​បណ្តោះអាសន្ន​ពី​អ្នក​ដែល​គេ​ចាត់ទុកថា​ជា​ការគំរាមកំហែង​។​

​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​ត្រូវបាន​បែងចែក​ដើម្បី​បង្ក្រាប “​អ្នកទិញ​ឱ្យ​គេ​” ដែល​ទិញ​អាវុធ​សម្រាប់​មនុស្ស​ដែល​មិន​ត្រូវបាន​អនុញ្ញាត និ ដើម្បី​ទប់ស្កាត់​ការជួញដូរ​កាំភ្លើង​៕

​សាច់ញាតិ​ជនរងគ្រោះ​ដោយ​កាំភ្លើង​កាន់​រូបថត​អ្នកស្លាប់​នៅ​មុខ​សភា​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ