ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ កម្មករ កម្មការិនី ចំនួន២៧នាក់ បានរងរបួសធ្ងន់-ស្រាល បន្ទាប់ពីរថយន្ត បានបើកក្នុងល្បឿនលឿន ហើយមកដល់ចំណុចផ្លូវកោង ក៏ក្រឡាប់ចាក់ មនុស្យចោល។ ហេតុការណ៍គ្រោះថ្នាក់នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង១៥នាទី ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិច្រកពូល ឃុំជំពូរព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច បានឲ្យដឹងថាៈ មុនកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ចំណុះ២តោនកន្លះ ពាក់ផ្លាកលេខ កំពង់ស្ពឺ ៣A២៨១៦ ដឹកកម្មករ កម្មការិនី ចំនួន ២៧ នាក់
បើកបរពីទិសខាងជើង ទៅទិសខាងត្បូង ក្នុងល្បឿនលឿន ហើយមកដល់ចំណុចកើតហេតុ ខាងលើ ជាផ្លូវកោង ក៏បានក្រឡាប់ចាក់កម្មករ កម្មការិនី ចោល បណ្តាលឲ្យរងបួសធ្ងន់-ស្រាល ចំណែកអ្នកបើករថយន្ដដឹកកម្មករ មិនទាន់ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន ក្រោយកើតហេតុ។

ប្រភពបានបន្តទៀតថាៈ កម្មករ កម្មការិនី ដែលរងរបួសធ្ងន់ ចំនួន១១នាក់ ស្រាលចំនួន១៦នាក់ ត្រូវបានមន្ត្រីជំនាញ ហៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យបង្អែក ស្រុកឧដុង្គ ។ ចំណែកវត្ថុតាងរថយន្ត បានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកឧដុង្គ រង់ចាំដោះស្រាយ នៅពេលក្រោយ៕/V-PC