ដោយ: សុខុម / ស្ទឹងត្រែងៈ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានបញ្ជូនសំណុំរឿងបង្ក្រាបបទល្មើសព្រៃឈើ ចំនួនបីគ្រឿង ទៅឲ្យរដ្ឋបាលព្រៃឈើ ស្រុកសេសាន ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកសេសាន និងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បានចុះបង្ក្រាបឈើជាច្រើនម៉ែត្រគូប នៅចំណុចភូមិខ្សាច់ថ្មីតូច ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។

សមត្ថកិច្ច បានឲ្យដឹងថាៈ ប្រតិបត្តិការចុះបង្ក្រាបឈើ និងរឹបអូសរថយន្តចំនួន បីគ្រឿង មានរថយន្តប៉ាកុង១គ្រឿង, រថយន្តវេអង១គ្រឿង, រថយន្តម៉ាកនីសាន១គ្រឿង។ ចំណែក ឈើរឹបអូស គឺជាឈើអារ គ្រឿងផ្ទះ ប្រភេទឈើលេខ១ និងលេខ២ គេសន្និដ្ឋានថា មិនក្រោម ៣០ ម៉ែត្រគូបឡើយ។

លោក ទិត្យ វី នាយសង្កាត់រដ្ឋបាលព្រៃឈើស្រែគ និងក្បាលរមាស ខេត្តស្ទឹងត្រែង បានប្រាប់ ឲ្យដឹង នៅល្ងាចថ្ងៃទី២៤ មិថុនាថាៈ ឈើ និងរថយន្ត គឺបានដឹកជញ្ជូនយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើហើយ។ តែមិនទាន់បានវាស់ឲ្យដឹងម៉ែត្រគូប នៅឡើយទេ៕/V-PC