ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ បុរសម្នាក់ក្នុងចំណោមពីរនាក់ ស្រវឹងស្រាជោក បានបើករថយន្ត Toyota Prius ជ្រុលទៅបុកម៉ូតូ ដែលជិះដោយនារីពីរនាក់ ដើរលក់ម្ជូរ ពេលយប់ ពេញទំហឹង បណ្ដាលឱ្យនារីម្នាក់ របួសខ្ទេចជើង មួយចំហៀង និងម្នាក់ទៀត របួសស្រាល។ ហេតុការណ៍ នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២២ នៅចំណុចមុខមន្ទីរពេទ្យសែនសុខ តាមបណ្តោយផ្លូវលេខ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថាៈ មុនកើតហេតុ គេឃើញនារីពីរនាក់ ជិះម៉ូតូឌុបគ្នា ម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HI-7684 ដឹកម្ជូរដើរលក់តាមហាង ពេលយប់ ដោយធ្វើដំណើរពីទិសខាងកើត ទៅខាងលិច ។

លុះមកដល់ចំណុចកើតហេតុ ខាងលើ ក៏មានរថយន្តម៉ាកតូយ៉ូតា ព្រូស មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5220 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយ បុរសម្នាក់ទៀត ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ពីទិសខាងលិច ទៅខាងកើត បានរេចង្កូតទៅបុកម៉ូតូ ពេញទំហឹង បណ្ដាលឱ្យនារីម្នាក់ រងរបួសខ្ទេចជើង ខាងឆ្វេង និងម្នាក់ទៀត រងរបួសស្រាល។

ភ្លាមៗនោះ រថយន្តបង្ក មិនបានឈប់ទទួលខុសត្រូវនោះទេ ដោយបានព្យាយាម បើករត់ រហូតមកដល់ចំណុចមុខការាសសាំងមួយកន្លែង តាមបណ្តោយផ្លូវ លេខ១៩៨៦ កែងផ្លូវលេខ ១០០៣ ត្រូវបានបងប្អូនប្រជាពលរដ្ឋ នាំគ្នាដេញឃាត់ជាប់ រួចប្រគល់ជូនសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើកបរ និងអ្នករួមដំណើរ ដាក់ក្នុងរថយន្ត បញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីធ្វើការសួរនាំ ។ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចជំនាញ បានវាស់វែង យកទៅរក្សាទុក រង់ចាំដោះស្រាយគ្នា តាមផ្លូវច្បាប់៕/V-PC