ដោយៈ ប.ខុន / ភ្នំពេញៈ គម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ ស្ទឹងព្រែកត្នោត សម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល អនុវត្តសម្រេចបាន លទ្ធផលការងារ ប្រមាណជា ៦៥,២៨ ភាគរយ នៃគម្រោងទាំងមូលហើយ ពោលគឺ អាចដោះ ស្រាយបាន នូវបញ្ហាប្រឈម ពីគ្រោះទឹកជំនន់ស្ទឹងព្រែកត្នោត មួយផ្នែកធំ សម្រាប់រាជធានី ភ្នំពេញហើយ។

លោក ជា សុខនី នាយករងខុទ្ទកាល័យរបស់មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ថាៈ គម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ ស្ទឹងព្រែកត្នោត នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ពេលនេះ (២៥មិថុនា) អនុវត្តការងារ សម្រេចបានលទ្ធផល ប្រមាណជា ៦៥,២៨ ភាគរយ នៃគម្រោងទាំងមូលហើយ។ គម្រោងនេះ នឹងកាត់បន្ថយបាន នូវការគំរាមកំហែង ពីទឹកជំនន់ដែលតែងតែកើតមាន លើរាជធានី និងក្រុងតាខ្មៅ មួយផ្នែកធំហើយ។

គម្រោងខាងលើនេះ អនុវត្តដោយក្រុមហ៊ុនThe Consortium of Guangdong Foreign Construction Co., Ltd & Guangdong Yuantian Engineering Company Co., Ltd. ដោយប្រើ ប្រាស់ជំនួយហិរញ្ញប្បទានសម្បទាន បានមកពីសាធារណរដ្ឋប្រជាមានិតចិន ជាគម្រោងដ៏ មានសារៈសំខាន់ ក្នុងការកាត់បន្ថយ ជំនន់ទឹកស្ទឹងព្រែកត្នោត ដែលតែងតែយាយីដល់រាជធានី ភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយការសាងសង់ គម្រោងនេះ ជួយកាត់បន្ថយ ទឹកជំនន់ បានមួយផ្នែកធំ និងមានលទ្ធភាព ស្រោចស្រព លើផ្ទៃដីស្រែបានចំនួន ១០.១៥០ ហិកតា នៅរដូវប្រាំង និងបានចំនួន ១៧.៧៣០ ហិកតា នៅរដូវវស្សា ។

គម្រោងដែលដឹកនាំផ្ទាល់ដោយលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនេះ រួមមាន ការងារស្តារស្ទឹងព្រែកត្នោត ប្រវែង ២៦ គីឡូម៉ែត្រ , ស្តារស្ទឹងតូច ប្រវែង ២,៥ គីឡូម៉ែត្រ ពង្រឹងទំនប់សណ្តរការពារទឹកជំនន់ សងខាងស្ទឹងព្រែកត្នោត ប្រវែងត្រូវបុកដែកសន្លឹក (Sheet pile) ខាងឆ្វេងច្រាំង ប្រវែង ៨,៨២ គីឡូម៉ែត្រ ខាងស្តាំប្រវែង ៦,៥៥ គីឡូម៉ែត្រ។ ចំពោះកំណាត់ច្រាំង ដែលងាយច្រោះដី ត្រូវបានការពារ ដោយសំណាញ់ Reynolds mat slope proctection ប្រវែង ៣,៣៤ គីឡូម៉ែត្រ និងរៀបជញ្ជាំងការពារ ប្រវែង ៤១៧ ម៉ែត្រ ។ សាងសង់ និងជួសជុលប្រឡាយភា្ជប់លេខ១ ប្រវែង១៥០ម៉ែត្រ, ប្រឡាយភា្ជប់ លេខ២ ប្រវែង៩០០ម៉ែត្រ (ចាក់បេតុងត្រង់ ៥០០ម៉ែត្រ), ប្រឡាយភា្ជប់លេខ៣ ប្រវែងស្តារ ៥.៧០០ម៉ែត្រ, ប្រឡាយលេខ៧៨ ធ្វើការជួសជុលនិងចាក់បេតុងប្រវែង ២.៨០០ម៉ែត្រ, ប្រឡាយជីកថ្មី ប្រវែង ៤.៥០០ម៉ែត្រ, ប្រឡាយស្រោចស្រពហនុមាន ប្រវែងជួសជុល ៣.៦០០ ម៉ែត្រ (ក្នុងនោះចាក់បេតុង ១.០០០ ម៉ែត្រ), ព្រែកហូរ ប្រវែងស្តារ និងចាក់បេតុង ៧.២០០ ម៉ែត្រ, ព្រែកយាយជា ប្រវែងស្តារ ១.៤០០ ម៉ែត្រ និងព្រែកថី ប្រវែងស្តារ និងចាក់បេតុង ៣.៦០០ ម៉ែត្រ។ សាងសង់សំណង់យកទឹកមួយកន្លែង, សំណង់សម្រួលចរន្តទឹក ចំនួន៤កន្លែង, សំណង់បង្វែរចរន្តទឹក ចំនួន៣កន្លែង, សំណង់ដោះទឹកចំនួន ២ កន្លែង និងសំណង់តាម ប្រឡាយចំនួន ៥៨ កន្លែង៕/V-PC