ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ បុរសម្នាក់ រួមដំណើរជាមួយស្រ្តីម្នាក់ទៀត បានបើករថយន្ត ចុះពីលើស្ពានព្រះមុនីវង្ស ជ្រុលទៅបុកម៉ូតូ ដែលបត់ចេញពីផ្លូវកោង ក្រោមស្ពានក្បាលថ្នល់ ចំពាក់កណ្តាល ពេញទំហឹង ដួលចូលក្រោមកង់រថយន្ត អូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឱ្យមនុស្ស ពីរនាក់ រងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ១០ យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយមហាវិថី ព្រះនរោត្តម ត្រង់ចំណុចជាប់ស្ពានអាកាសក្បាលថ្នល់ ចុងខាងជើង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសម្តីបុរសម្នាក់ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកម៉ូតូ ម៉ាកហុងដា ស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IZ-8527 ជិះឌុបប្រពន្ធ រួមនឹងកូន បើកតាមបណ្តោយមហាវិថី ព្រះនរោត្តម ក្នុងទិសដៅពីខាងជើង មកខាងត្បូង រួចបានបត់ឆ្វេង ចូលតាមផ្លូវក្រោមស្ពាន ។ ពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្ត ម៉ាក HILUX VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-9819 បើកបរដោយបុរសម្នាក់ រួមដំណើរ ជាមួយនឹងស្រ្តីម្នាក់ទៀត បើកចុះពីលើស្ពានព្រះមុនីវង្ស ក្នុងទិសដៅពីខាងកើត មកខាងលិច យ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុ ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូ ចំពាក់កណ្តាល ពេញទំហឹង បណ្តាលឱ្យដួលចូលក្រោមរថយន្ត អូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឱ្យម្ចាស់ម៉ូតូ និងអ្នកអង្គុយពីក្រោយ រងរបួស ចំណែកឯអ្នកបើកបរ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាន នៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ច ជំនាញចរាចរណ៍ ចុះមកដល់ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕/V-PC