​ប្រែ​សម្រួលៈ​បំណង​(ST,FT)៖ យោធា​ចិន​នៅ​ថ្ងៃ​សៅរ៍​ទី​២៥​មិថុនា​នេះ​បាន​និយាយថា ការ​ដែល​យន្តហោះ​កងទ័ព​ម៉ា​រី​ន​អាម៉េរិក​មួយ​ហោះ​ពីលើ​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ពេល​ថ្មីៗ​មាន​ចេតនា​រំខាន​ដល់​​ស្ថានការណ៍​និង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព​និង​ស្ថិរភាព​តំបន់​។​

​វរសេនីយ៍ឯក ស៊ី យី​(Shi Yi)​អ្នកនាំពាក្យ​បញ្ជាកា​តំបន់​ខាងកើតរ​បស់​កងទ័ព​រំដោះប្រជាជន​(​ចិន​) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា យោធា​ចិន​បាន​កេណ្ឌ​កម្លាំង​អាកាស​និង​ជើងគោក​​ដើម្បី​តាមដាន​ប្រតិបត្តិការ​របស់​យន្តហោះ​អាម៉េរិក ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​។​

​លោក​បាន​បន្ថែមថា ចិន​ប្រឆាំង​ជំទាស់​យ៉ាង​មុតមាំ​ចំពោះ​អំពើ​របស់​អាម៉េរិក​នេះ និង​ថា​ទាហាន​របស់​ខ្លួន​នៅ​បន្ត​រក្សា​ការប្រុងប្រៀប​ខ្លួន​កំរិត​ខ្ពស់​។​

​វា​បាន​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​អាជ្ញាធ​រកោះ​តៃវ៉ាន់​បាន​រាយការណ៍​ថា​យន្តហោះ​យោធា​ចិន​ចំនួន​២៩​គ្រឿង​បាន​ហោះ​ចូលក្នុង​អ្វី​ដែល​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិះ​ចាត់ទុកថា​ជា​តំបន់​ការពារ​ដែន​​អាកាស​របស់​ខ្លួន​តែ​ចិន​ចាត់ទុកថា​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​ផងដែរ​។​

​តៃវ៉ាន់​ដែល​ចិន​អះអាងថា​ជា​ខេត្ត​ផ្តាច់ខ្លួន​មួយ​របស់​ខ្លួន​តែង​បាន​ត្អូញត្អែរ​តវ៉ា​អស់​ជាង​ពីរ​ឆ្នាំ​មកហើយ​អំពី​បេសកកម្ម​ដដែលៗ​នៃ​យន្តហោះ​យោធា​ចិន​នៅក្បែរៗ​ខ្លួន​។​

​វា​ក៏​បាន​កើតឡើង​តែ​មួយ​សប្តាហ៍​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិ​កលោក ឡយ អូ​ស្ទីន បាន​និយាយ​នៅ​វេទិកា​សន្តិសុខ​មួយ​ថា អាម៉េរិក​នឹង​នៅ​តែ​រក្សា​សមត្ថភាព​ប្រឆាំង​ទល់នឹង​ការប្រើ​កម្លាំង​ណា​​មួយ​លើ​កោះ​តៃវ៉ាន់​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិ​កលោក ឡយ អូ​ស្ទីន

​លោក​អូ​ស្ទីន បាន​ចោទប្រកាន់​ចិន​ថា​បង្កើន​សកម្មភាព​សម្លុត​គំរាម​ចំពោះ​តៃវ៉ាន់​ហើយ​លោក​បាន​បញ្ជាក់ថា​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​រក្សា​សមត្ថភាព​យោធា​របស់​ខ្លួន​ដើម្បី​ទប់ទល់​នឹង​កងកម្លាំង​​ណាមួយ​ដែល​គំរាម​អាម៉េរិក​និង​កោះ​តៃវ៉ាន់​។​

​លោក​អូ​ស្ទីន បានបញ្ជាក់​ថា​គោលនយោបាយ​អាម៉េរិក​ចំពោះ​តៃវ៉ាន់​មិន​បាន​ផ្លាស់ប្តូរ​ទេ និង​ថា​រដ្ឋាភិបាល​អាម៉េរិក​នៅតែ​ប្រឆាំង​នឹង​ការធ្វើអោយ​ផ្លាស់ប្តូរ​ជា​ឯ​តោ​ភាគី​ស្ថានភាព​ជាក់ស្តែង​បច្ចុប្បន្ន​កាត់​​ច្រក​សមុទ្រ​តៃវ៉ាន់ ទាំង​មកពី​ខាង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​និង​តៃប៉ិះ​។​

​តែ​លោក​ឧត្តមសេនីយ៍ ចាង​ស៊ី ហ្សេ​ង​ចុង​(Zhang Zhenzhong)​នាយសេនាធិការរង​នៃ​គណៈកម្មាធិការ​យោធា​កណ្តាល​ចិន បាន​ច្រាន​ចោល​សម្តី​របស់​លោក​អូ​ស្ទីន​ដែលថា អាម៉េរិក​មិន​ស្វះស្វែង​រក​​សង្គ្រាមត្រជាក់​មួយ ណា​តូ​អាស៊ី​មួយ​ឬ​បំបែក​តំបន់​នេះ​ទៅ​ជា​ប្លុក​ប្រឈម​មុខ​គ្នា​មួយ​។​

​លោក​បាន​និយាយថា «​សម្តី​មិន​ស៊ី​នឹង​ទង្វើ​។​ចេតនា​ពិត​របស់​អាម៉េរិក​គឺ​ប្រើ​វិធី​នេះ​ដើម្បី​រក្សា​ប្រព័ន្ធ​អនុត្តរភាព​របស់គេ​។​ពួកគេ​កំពុង​ព្យាយាម​បង្កើត​ក្រុម​តូចៗ​ជាមួយ​ប្រទេស​ខ្លះ​។​យុទ្ធសាស្ត្រ​ឥណ្ឌូ​​ប៉ាស៊ីហ្វិក​របស់​អាម៉េរិក​ជា​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​និង​ការប្រកួតប្រជែង​រវាង​ប្លុក​មួយ​»​។​

​លោក​ចាង ក៏​ព្រមាន​កុំអោយ​អាម៉េរិក​គាំទ្រ​កោះ​តៃវ៉ាន់​បន្ថែមទៀត ដោយ​ថា​កន្លងមក​អាម៉េរិក​បាន​រំលោភ​ការសន្យា​របស់​ខ្លួន​ស្តីពី​គោល​នយោបាយ​ចិន​មួយ ដោយ​បាន​លក់​សព្វាវុធ​អោយ​ខេត្ត​ផ្តាច់ខ្លួន​​របស់​ចិន​មួយ​នេះ​ជា​បន្តបន្ទាប់​៕