​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​អាថ៌កំបាំង​នៃ​យុវវ័យ​អម​តរៈ គឺ កើត​ជា​អណ្តើក​ឬ​កន្ធាយ​។​

​ការ​សិក្សា​ចំនួន​ពីរ ដែល​ចេញផ្សាយ​នៅក្នុង​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​មិថុនា បាន​បង្ហាញ​ភស្តុតាង​ខ្លះ​នៃ​ភាព​ចាស់ជរា​ក្នុងចំណោម​ប្រភេទ​សត្វ​ឈាម​ត្រជាក់​មួយចំនួន​ដែល​ជំទាស់​​នឹង​ទ្រឹស្ដី​នៃ​ការវិវដ្ត ដែល​លើកឡើង​ថា ភាព​ចាស់​ឬ​ការថយចុះ​រាងកាយ​បន្តិច​ម្តងៗ​តាម​ពេលវេលា គឺជា​ជោគវាសនា​មិន​អាច​ជៀសផុត​បាន​ទេ​។​

​អ្នកជំនាញ​បរិស្ថាន​សត្វ​ព្រៃ​របស់​រដ្ឋ​ផេន​ស៊ីល​វ៉ានៀ លោក ដេវីត មី​ល​ល័​រ (David Miller) ជា​អ្នកនិពន្ធ​ជាន់ខ្ពស់​នៃ​ឯកសារ​មួយ​ក្នុងចំណោម​ឯកសារ​ទាំងពីរ​ខាងលើ បា​ប្រាប់​ទីភ្នាក់ងារ​សារ​​ព័ត៌មាន AFP​ថា ទោះបី​មាន​របាយការណ៍​គួរឱ្យ​ចាប់អារម្មណ៍​ដូចជា​អណ្តើក​ឈ្មោះ ចូ​ណាថា​ន​ដឹ​សី​ស្ហែរ (Jonathan the Seychelles) ដែល​ឈាន​ចូល​អាយុ ១៩០ ឆ្នាំ​នៅ​ឆ្នាំ​នេះ​ក៏​ដោយ​ក៏​​ករណី​ទាំងនេះ​នៅ​តែ​ត្រូវគេ​ចាត់ទុកថា​ជា​រឿង​មិន​អាច​ជឿជាក់​បាន ហើយ​បញ្ហា​នេះ​មិន​ត្រូវបាន​សិក្សា​ជា​ប្រព័ន្ធ​នោះទេ​។​

​លោក​បាន​និយាយថា “​អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការងារ​ប្រៀបធៀប​ច្រើន​និង​ទូលំទូលាយ​ជាមួយ​សត្វ​ស្លាប​និង​សត្វ​នៅក្នុង​ព្រៃ​ប៉ុន្តែ​អ្វី​ដែល​យើង​បានដឹង​អំពី​ថលជលិក​សត្វ​និង​សត្វ​ល្មូ​ន​គឺ​បាន​ពី​ប្រភេទ​​សត្វ​នៅទីនេះ​និង​ប្រភេទ​សត្វ​នៅ​ទីនោះ​”​។​

​សម្រាប់​ឯកសារ​របស់​ពួកគេ លោក​មី​ល​ល័​រ​និង​សហការី​បាន​ប្រមូល​ទិន្នន័យ​ពី​ការសិក្សា​ស្រាវជ្រាវ​ចុះ​ផ្ទាល់​រយៈពេល​វែង ដែល​មាន​សត្វ​ចំនួន ១០៧ ពី​ពូជ​សត្វ ៧៧ ប្រភេទ​នៅក្នុង​ព្រៃ រួម​ទាំង​អណ្តើក ថលជលិក​សត្វ ពស់ ក្រពើ និង​អណ្តើក​។​

​ទាំងអស់នេះ​គឺ​គេ​ប្រើ​បច្ចេកទេស​មួយ​ហៅថា “​ការ​គូស​ចំ​ណាំ​និង​ការចាប់យក​មកវិញ​” ដែល​ក្នុងនោះ​ចំនួន​សត្វ​ជាក់លាក់​ត្រូវបាន​ចាប់​និង​គូស​ស្លាក​ចំណាំ​បន្ទាប់​មក​អ្នកស្រាវជ្រាវ​បាន​តាមដាន​ពួកវា​​ជាច្រើន​ឆ្នាំ ដើម្បី​មើល​ថា​តើ​ពួកគេ​អាច​រក​ឃើញ​ពួក​វា​ម្តង​ទៀត​ឬ​អត់ ដោយ​ប៉ាន់ស្មាន​អត្រា​មរណៈ​របស់​ពួក​វា​ផ្អែក​លើ​ប្រូ​បាប​។​

​ពួកគេ​ក៏​បាន​ប្រមូល​ទិន្នន័យ​អំពី​ថា​តើ​សត្វ​អាច​រស់នៅ​បាន​យូរ​ប៉ុនណា​បន្ទាប់​ពី​ឈាន​ដល់​វ័យ​រួមភេទ​ផងដែរ​ហើយ​បាន​ប្រើ​វិធីសាស្ត្រ​ស្ថិតិ​ដើម្បី​បង្កើត​អត្រា​នៃ​ភាព​ចាស់​ក៏ដូចជា​អាយុកាល​វែង​បំផុត​​របស់​សត្វ​។​

​ជីវ​វិទូ​និង​ជា​អ្នកដឹកនាំ​ការស៊ើបអង្កេត​លោកស្រី បេត រី​ន​កេ (Beth Reinke)​នៃ​សាកលវិទ្យាល័យ​ន័រអ៊ី​សធឺន​អ៊ីល​លី​ណយ (Northeastern Illinois) បាន​ពន្យល់ថា​”​យើង​បាន​រកឃើញ​​ឧទាហរណ៍​នៃ​ភាព​ចាស់​ដែល​គេ​មើលរំលង​”​។​

​ទោះបីជា​ពួកគេ​រំពឹង​ថា​វា​ជា​ការពិត​សម្រាប់​សត្វ​អណ្តើក​ក៏ដោយ ក៏ប៉ុន្តែ​អាយុ​វែង​ក៏​ត្រូវបាន​រកឃើញ​ផងដែរ​ចំពោះ​ក្រុម​សត្វ​ឈាម​ត្រជាក់​នីមួយៗ រួម​ទាំង​ក្រុម​សត្វ​កង្កែប​និង​គីង្គក់ និង​ក្រពើ​។​

​លោកស្រី​បាន​បន្ថែមថា “​ភាព​ចាស់​ឬ​ភាព​ជរា​ដែល​គេ​មើល​រំលង​នេះ​មិន​បានន័យថា​មាន​ជីវិត​អមតៈ​នោះទេ​។ អ្វី​ដែល​គេ​ចង់​មានន័យ​គឺថា​វា​មាន​ឱកាស​ងាប់ ប៉ុន្ត​មិនមែន​ងាប់​ដោយសារកើន​អាយុកាល​​នោះទេ​”៕

​កូនអណ្តើក​និង​មេ​វា​ត្រូវ​បាន​ថត​នៅ​សួនសត្វ​មួយ​នៅ​ប្រទេស​ស្វីស​កាលពី​ថ្ងៃទី​៣​ខែ​មិថុនា​ឆ្នាំ​២០២២​