ដោយៈ សុផល / ភ្នំពេញ​៖ ដើម្បី​ចូលរួម​កាត់បន្ថយ ការកកស្ទះ​ចរាចរណ៍ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​ចិន កំពុង​សិក្សា​ពី​លទ្ធភាព ដើម្បី​សាងសង់​ផ្លូវ​រថភ្លើង​ក្រោម​ដី (Subway) ឬ ផ្លូវ​រថភ្លើង​លើ​អាកាស (Monorail) នៅ​រាជធានី​ភ្នំពេញ​។​

​កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីស្ដីការក្រសួង លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ ស្តីពី​លទ្ធផល​សិក្សា​បឋម លើ​ការរៀបចំ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ ផ្លូវ​រថភ្លើង ក្រោម​ដី (Subway) ឬ ផ្លូវ​រថភ្លើង​លើ​អាកាស (Monorail) ជា​ជម្រើស​នៅក្នុង​រាជធានី ភ្នំពេញ​។ កិច្ចប្រជុំ មានការ​ចូលរួម​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ពី​ថ្នាក់ដឹកនាំ​ក្រសួង តំណាង​សាលា​រាជធានី​ភ្នំពេញ តំណាង​ក្រុមហ៊ុន​សាជីវកម្ម ស្ពាន​ថ្នល់​ចិន (CRBC) តំណាង​ក្រុមហ៊ុន​គមនាគមន៍ និង​សំណង់​ចិន (CCCC) និង​មន្ត្រី​បច្ចេកទេស មកពី​អង្គភាព ពាក់ព័ន្ធ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន អំពី​គម្រោង​សិក្សា​របស់​រាជរដ្ឋាភិបាល ក្នុងការ អភិវឌ្ឍ ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ ដែល​អាច​ចូលរួម​កាត់បន្ថយ ការកកស្ទះ ចរាចរណ៍ ក្នុង​ក្រុង ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល ធ្វើការ​ពិនិត្យ សម្រេច​ជ្រើសរើស យក​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ណាមួយ ដែល​សមស្រប និង​អាច​ទទួលយកបាន សម្រាប់ រាជធានី​ភ្នំពេញ ដើម្បី​ដោះ ស្រាយ​បញ្ហា នៃ​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កំពុង​កើតមាន នាពេល​បច្ចុប្បន្ននេះ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ធ្វើការ​សិក្សា ឱ្យបាន ស៊ីជម្រៅ​បន្ថែមទៀត លើ​ចំណុច​ដែល​នៅ​ខ្វះចន្លោះ មួយចំនួនទៀត គឺ​ធ្វើយ៉ាងណា​ឱ្យ​គម្រោង នៃ​ការអភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​របស់​កម្ពុជា មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ​វិស័យនេះ ឱ្យ​កាន់តែ​មានការ​រីកចម្រើន និង​ដោះស្រាយ បញ្ហា​កកស្ទះ​ចរាចរណ៍​។​

​សូមបញ្ជាក់ថា ក្រុម​អ្នកជំនាញ​ឯកទេស​ក្រុមហ៊ុន បាន​សិក្សា​ទៅលើ​លទ្ធភាព សាងសង់ បណ្តាញ​ផ្លូវ​រថភ្លើង ដែល​បានគ្រោង​ត​ភ្ជាប់ ស្ទើរ​គ្រប់​ទីតាំង ជាពិសេស​លើ​តំបន់ ដែលមាន ដង់ស៊ីតេ ប្រជាជន​ខ្ពស់ នៃ​រាជធានី​ភ្នំពេញ រួចមក​អង្គប្រជុំ បាន​ពិភាក្សា​លម្អិត​បន្ថែម ទៅលើ​លទ្ធផល នៃ​ការសិក្សា ជាបឋម​នេះ​។ ក្រុមហ៊ុន​បាន​សិក្សា ដោយ​ផ្អែកលើ​មូលដ្ឋាន នៃ​ការប្រៀបធៀប តម្លៃ​ឯក​តា ចំណាយ​លើ​ការសាងសង់​ផ្លូវ​រថភ្លើង​ក្រោម​ដី (Subway) ឬ​ផ្លូវ​រថភ្លើង លើ​អាកាស (Monorail) រយៈពេល​នៃ​ការសាងសង់ តម្លៃ​ប្រតិបត្តិការ និង​ចំណាយ លើ​ការថែទាំ​ជាដើម ៕/V​-PC