ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹងធ្វើ​ការផ្សាយ លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ នៅវេលា​ម៉ោង ៧​ព្រឹក នា​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២​។​

​បើតាម​គ​.​ជ​.​ប បាន​បង្ហាញថា ក្នុងចំណោម​គណបក្សនយោបាយ ទាំង​៩ ដែល​ទទួលបាន សម្លេងគាំទ្រ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ ៩.៣៧៦ អាសនៈ នាំមុខ​គណបក្សនយោបាយ ចំនួន ៨​ផ្សេងទៀត​។​

​ទាក់ទង​ការប្រកាស​លទ្ធផល​ផ្លូវការ​នេះ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២២ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ជូនដំណឹង​ដល់ សាធារណជន ទាំងអស់ ឱ្យបាន​ជ្រាបថាៈ គ​.​ជ​.​ប នឹង​ប្ដូរ​ពេលវេលា នៃ​ការផ្សាយ​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ ពី​ម៉ោង ១:០០​នាទី រសៀល មក​ម៉ោង ៧:០០​នាទី ព្រឹក​វិញ នា​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ ដដែល តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចខាងក្រោម​៖
– ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​)
– វិទ្យុជាតិ​កម្ពុជា (​វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និង​វិទ្យុ​វត្តភ្នំ FM 105.70 MHz)
– ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា – AKP
– គេហទំព័រ គ​.​ជ​.​ប​៖ www.nec.gov.kh និង electresult.nec.gov.kh
– កម្មវិធី​ទូរស័ព្ទដៃ​៖ NEC KH និង CamNEC News
– Facebook៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត National Election Committee
– YouTube៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត National Election Committee ។​

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ បោះឆ្នោត (​គ​.​ជ​.​ប​) កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២ បានបង្ហាញ​បញ្ជី​បេក្ខជន នៃ​គណបក្សនយោបាយ ចំនួន​៩ ក្នុងចំណោម​គណបក្សនយោបាយ ចំនួន​១៧ ដែល​បាន​ចូលរួម​ប្រកួតប្រជែង បានទទួល អាសនៈ​ក្រុមប្រឹក្សា សម្រាប់​ការ បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ។ ក្នុងចំណោម គណបក្សនយោបាយ ទាំង​៩ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ ៩.៣៧៦ អាសនៈ ពោលគឺ នាំមុខ​គណបក្សនយោបាយ ចំនួន ៨ ផ្សេងទៀត​។​

​គ​.​ជ​.​ប បាន​បញ្ជាក់ថា គណបក្សនយោបាយ​ចំនួន ៩ ដែល​បាន​ចូលរួម​ប្រកួតប្រជែង បានទទួល​អាសនៈ​ក្រុមប្រឹក្សា សម្រាប់​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ មានដូចជាៈ បញ្ជី​បេក្ខជន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៩.៣៧៦ អាសនៈ​។ បញ្ជី​បេក្ខជន​នៃ​គណបក្ស​ភ្លើងទៀន ទទួលបាន ២.១៩៨ អាសនៈ​។ បញ្ជី​បេក្ខជន​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន ១៩ អាសនៈ​។ បញ្ជី​បេក្ខជន​នៃ​គណបក្ស ខ្មែរ​រួបរួម​ជាតិ ទទួលបាន ១៣ អាសនៈ​។ បញ្ជី​បេក្ខជន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួលបាន ៦ អាសនៈ ។ បញ្ជី​បេក្ខជន​នៃ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ទទួលបាន ៥ អាសនៈ​។ បញ្ជី​បេក្ខជន​នៃ​គណបក្ស​យុវជន​កម្ពុជា ទទួលបាន ៣ អាសនៈ​។ បញ្ជី​បេក្ខជន​នៃ​គណបក្ស កម្ពុជា​និយម ទទួលបាន ១ អាសនៈ​។ បញ្ជី​បេក្ខជន​នៃ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទទួលបាន ១ អាសនៈ​។​

​គ​.​ជ​.​ប បាន​បន្តថា ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត សរុប​ចំនួន ៧.៣៩៤.៤២៧ នាក់ ស្មើនឹង ៨០,៣២% ។ សន្លឹកឆ្នោត​បានការ សរុប​ចំនួន ៧.២៣៧.០៣៧ សន្លឹក​។ សន្លឹកឆ្នោត​មិនបាន ការ សរុប​ចំនួន ១៥៧.៣៩០ សន្លឹក ។

​ជាមួយគ្នានេះ គ​.​ជ​.​ប សម្រេច​ឱ្យ​អង្គភាព​ជំនាញ ផ្សព្វផ្សាយ​លទ្ធផល​ផ្លូវការ នៃ​ការបោះ ឆ្នោត​នេះ ជា​សាធារណៈ នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែមិថុនា ឆ្នាំ​២០២២ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ព័ត៌មាន​របស់​រដ្ឋ និង​ផ្សាយ​តាម​គេហទំព័រ និង​តាម​ប្រព័ន្ធ ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម របស់ គ​.​ជ​.​ប ៕/V​-PC