ដោយៈ ចាន់ ថន / ព្រៃវែង​៖ ព្រោះតែ​រឿង​គំនុំ​ចាស់​របស់​គ្រួសារ បុរស​ម្នាក់ បាន​ទាញ​កាំបិត ចាក់​សម្លាប់ ប្អូនប្រុស​ជីដូនមួយ បណ្ដាល​ឲ្យ​ស្លាប់ ក្នុង​ថ្លុកឈាម នៅ​ភូមិ​ក្រាំង​ចិន ឃុំ​ក្រាំង​ត្រ​យ៉ង ស្រុក​ពាម​ជរ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង ៨ ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២​។​

​លោក ជា ហេង អធិការ​ស្រុក​ពាម​ជរ បាន​ឲ្យ​ដឹងថាៈ ក្រោយ​ទទួលបាន​ព័ត៌មាន ពី​កម្លាំង ប៉ុស្តិ៍នគរបាល​ឃុំ​ក្រាំង​ត្រ​យ៉ង​ថាៈ មាន​ករណី​ឃាតកម្ម ចាក់​សម្លាប់​នៅ មូលដ្ឋាន លោកស្នងការ នគរបាល​ខេត្តព្រៃវែង និង​លោក ពៅ ជីវី ស្នងការរង ទទួល​ផែន​ព្រហ្មទណ្ឌ បានដាក់​បទបញ្ជា ឲ្យ​កម្លាំង ចុះ​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន ជនសង្ស័យ បាន​ភ្លាមៗ ដើម្បី​សាកសួរ​ជុំវិញ​រឿង ឃាតកម្ម​នេះ​។​

​លោក​បាន​បន្តថាៈ ជនសង្ស័យ ឈ្មោះ កុយ ភាន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ក្រាំង​ចិន ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជរ ខេត្តព្រៃវែង បាន​យក​កាំបិត​ចាក់​លើ ឈ្មោះ រ៉េត រ៉ា​យ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​ត្រូវជា​ប្ងូ​ន​ជីដូនមួយ​) បណ្ដាលឱ្យ​ស្លាប់ នៅ​កន្លែង កើតហេតុ ។​

​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ បានធ្វើ​ដំណើរ ទៅ​បង់សំណាញ់ នៅ​ចំណុច ប្រឡាយទឹក ចម្ងាយ​ពី​ភូមិ ៧០០ ម៉ែត្រ ដូច​សព្វមួយដង ។ ខណៈ​កំពុងតែ​ដើរ​សុខៗ ស្រាប់តែ​ជនសង្ស័យ ឈ្មោះ កុយ ភាន បាន​រត់​មកពី ក្រោយ​ជនរងគ្រោះ រួច​ចាក់​ជាច្រើន​កាំបិត បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែង កើតហេតុ​តែម្ដង​។ ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនដៃដល់ ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន​បានតែ​ម្ដង​។​

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច បាន​កំពុង​សាកសួរ និង​ចាត់ការ តាមច្បាប់​។​ ​ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕/V​-PC