ដោយៈ សុផល / ភ្នំពេញ​៖ ការនាំចេញ​អង្ករ ក្នុង​ឆ្នាំ​២០២២​នេះ អាច​សម្រេចបាន ចន្លោះ​ពី ៧០ ទៅ​៧៥​ម៉ឺន​តោន មាន​កំណើន​ជាង​១០​ម៉ឺន​តោន បើ​ធៀប​នឹង​ឆ្នាំ ២០២១​។ នេះ​បើតាម​ការឱ្យ​ដឹង របស់លោក​ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុម ប្រឹក្សា​ភិ​បាល សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។

​ក្នុង​ពិធី​សម្ពោធ​ម៉ាក​សមូហភាព អង្ករ​ក្រអូប និង​អង្ករដំណើប កាលពី​ចុង​សប្តាហ៍​នេះ លោក ឧកញ៉ា ហ៊ុន ឡាក់ បាន​មានប្រសាសន៍ថា​´ បើតាម​ការព្យាករណ៍រ​បស់ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សម្រាប់​ឆ្នាំ​២០២២ ការនាំចេញ​អង្ករ​របស់​កម្ពុជា អាច​នឹងមាន​កំណើន ជាង ១០ ម៉ឺន​តោន ធៀប​នឹង​ឆ្នាំ​២០២១ ពោលគឺ ចន្លោះ​ពី ៧០ ទៅ ៧៥ ម៉ឺន​តោន​។​

​លោក​ឧកញ៉ា បានឱ្យដឹង​ទៀតថាៈ គិត​ត្រឹម​សប្តាហ៍​ទី​៣ នៃ​ខែមិថុនា ឆ្នាំ​២០២២ នេះ កម្ពុជា បាន​នាំចេញ​អង្ករ​គ្រប់​ប្រភេទ ទៅកាន់​ទីផ្សារ​អន្តរជាតិ តាមរយៈ​ក្រុមហ៊ុន ចំនួន ៥៣ ក្រុមហ៊ុន បាន​ចំនួន​ប្រមាណ​ជាង ៣១ ម៉ឺន​តោន មាន​កំណើន ២១,៧៣ ភាគរយ បើ​ធៀប​នឹង​ពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២១​។​

​គួររម្លឹកថា ក្នុង​រយៈពេល ៥​ខែ ឆ្នាំ​២០២២ នេះ កម្ពុជា​នាំ​អង្ករ​ទៅ​ចិន បាន​ប្រមាណ ១៤៩.៤៧៧ តោន កើនឡើង ៥២,៦៨ ភាគរយ នៃ​បរិមាណ​នាំចេញ​អង្ករ សរុប​របស់​កម្ពុជា ដែលមាន​ជាង ២៨០.០០០ តោន​។ រីឯ​ការនាំ​ចេញទៅ​អឺរ៉ុប មាន​ចំនួន ៨១.៩៣១ តោន កើនឡើង ២៨,៨៨ ភាគរយ តំបន់​អាស៊ាន ២៥.៦៩១ តោន កើនឡើង ៩,០៦ ភាគរយ និង​ទិសដៅ​ផ្សេងៗ មាន​ចំនួន ២៦.៦០៦ តោន កើនឡើង ៩,៣៨ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ ២០២១៕/V​-PC