ដោយៈ សុផល / ភ្នំពេញ​៖ ក្នុងនាម​ប្រធាន​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤៣ ក្នុង​ឆ្នាំ​២០២២ នេះ សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៥ របស់​ក្រុមប្រឹក្សា​យោបល់ អាយ​ប៉ា ស្តីពី​គ្រឿងញៀន (AIPACODD-5) នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២ តាម​ប្រព័ន្ធ​និម្មិត ដែល​ផ្សាយ ចេញពី វិមាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប អនុប្រធាន​ទី​១ នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម រដ្ឋសភាជាតិ អាយ​ប៉ា​-​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​មហាសន្និបាត អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤៣ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើក និង​ពិធី​បិទ នៃ​កិច្ចប្រជុំ​នេះ​។​

​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៥ របស់​ក្រុមប្រឹក្សា​យោបល់​អាយ​ប៉ា ស្តីពី​គ្រឿងញៀន ក្រោម​ប្រធាន បទ ” ការដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា សម្រាប់​តំបន់​អាស៊ាន គ្មាន​គ្រឿងញៀន ” ដែលមាន​គណៈប្រតិភូ​ស​ភា នៃ​បណ្តា​ប្រទេស ជា​សមាជិក អន្តរ​សភា​អាស៊ាន ចំនួន​៧​ប្រទេស រួមមាន សភា​ប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី សឹង្ហ​បុរី ថៃ និង ប្រទេស​វៀតណាម​។ ចំណែក​សភា​ប្រទេស ៣ ផ្សេងទៀត រួមមាន ព្រុយ​ណេ ដា​រូ​ស្សាឡា​ម មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន បាន​ចាត់​ឱ្យ​មន្ត្រី​ជំនាញ ចូលរួម​ជា​អ្នកសង្កេតការណ៍​។​

​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក ទី សុគន្ធ លេខាធិការ គណៈកម្មការ កិច្ចការ បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា និង​លោក ឆាយ វណ្ណា លេខាធិការ គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​ព្រឹទ្ធសភា ជា​ប្រធាន​គណៈប្រតិភូ​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៥ របស់​ក្រុមប្រឹក្សា​យោបល់​អាយ​ប៉ា ស្តីពី​គ្រឿងញៀន លោកស្រី Nguyen Tong Van អគ្គលេខាធិការ អាយ​ប៉ា បាន​ថ្លែង នូវ​សុន្ទរកថា​ស្វាគមន៍ ទៅកាន់​កិច្ចប្រជុំ ដោយបាន​លើកឡើង ពី​បញ្ហា​ប្រឈម និង​ផលវិបាក​ជាច្រើន ដែល​បណ្ដាល មកពី​គ្រឿងញៀន នៅក្នុង​តំបន់ និង​បាន ស្នើ​ដល់​ប្រតិភូ​អាយ​ប៉ា ដែល​បាន​អញ្ជើញ​ចូលរួម កិច្ចប្រជុំ នា​ថ្ងៃនេះ ចែករំលែក​នូវ បទពិសោធន៍​ល្អៗ ទៅវិញទៅមក ក្នុងការ​រួមចំណែក ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​ឆ្ពោះទៅ​សហគមន៍​អាស៊ាន គ្មាន​គ្រឿងញៀន​។​

​ក្នុងឱកាស​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៥ របស់​ក្រុមប្រឹក្សា​យោបល់​អាយ​ប៉ា ស្តីពី​គ្រឿងញៀន កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប អនុប្រធាន​ទី​១ រដ្ឋសភា បាន​មានប្រសាសន៍ លើកឡើង​ពី បញ្ហា​ប្រឈម​ជាច្រើន ដែល​បាន​ជះឥទ្ធិពល ជាខ្លាំង លើ​ការការពារ និង​ត្រួតពិនិត្យ​បញ្ហា គ្រឿងញៀន នៅក្នុង​បណ្តា​ប្រទេស សមាជិក​អាស៊ាន​។ ដូច្នេះ នេះ​ជា​ពេលវេលា​សមស្រប សម្រាប់​ការឆ្លើយតប របស់​អាស៊ាន ទៅលើ​បញ្ហា​នេះ តាមរយៈ​ការធ្វើសកម្មភាព​ប្រយុទ្ធប្រឆាំង គ្រឿងញៀន​នៅក្នុង​តំបន់​។ ក្នុងន័យនេះ អាស៊ាន បានអនុម័ត​វិធីសាស្ត្រ​អនុគ្រោះ សូន្យ ចំពោះ​គ្រឿងញៀន (Zero tolerance approach) ជា​មធ្យោបាយ​មួយ ដែល​សកម្មភាព​គ្រឿង ញៀន ខុសច្បាប់​ទាំងអស់ ត្រូវតែ​ប្រយុទ្ធប្រឆាំង និង​បុគ្គល ព្រមទាំង​អង្គការ​ចាត់តាំង ដែល​ពាក់ព័ន្ធ​នឹង​ការ​ចរាចរ​គ្រឿងញៀន​ទាំងអស់ ត្រូវតែ​ដាក់ទោស ទៅតាម​ច្បាប់​របស់ បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​នីមួយៗ​។​

​កិត្តិ​សេដ្ឋា​បណ្ឌិត ក៏បាន​លើកឡើងថាៈ នេះ​ជា​ពេលវេលា​ដ៏​មាន​សារៈ​សំខាន់បំផុត សម្រាប់ សមាជិកសភា​អាយ​ប៉ា​ទាំងអស់ ក្នុងការ​ពិភាក្សា ដោះស្រាយ និង​ស្វែង រក​មធ្យោបាយ ប្រកបដោយ​ប្រសិទ្ធិភាព ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​កំពុង​កើតមាន​។ ដោយ​មើល ឃើញ​ស្ថានភាព​នេះ សភា​កម្ពុជា​បានដាក់ ចេញ​នូវ​ប្រធានបទ ” ការដោះស្រាយ​ប្រឈម​រួមគ្នា ដើម្បី​អាស៊ាន​គ្មាន​គ្រឿងញៀន ” សម្រាប់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​អាយ​ប៉ា ស្តីពី​គ្រឿងញៀន លើក​ទី​៥ នេះ ដែលមាន សារៈសំខាន់​បំផុត ដល់​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ពាក់ព័ន្ធ ដទៃទៀត​។​

​កិត្តិ​សេដ្ឋា​បណ្ឌិត ក៏បាន​មានប្រសាសន៍​ទៀតថាៈ នៅពេលដែល​ជំងឺ​រាតត្បាត ចង្រៃ​កូ​វីដ​-១៩ នៅ​បន្ត​ការកើតឡើង កត្តា​ប្រឈម​ថ្មីៗ​ទៀត គម្រាមកំហែង ដល់​សេចក្តីប្រាថ្នា នៃ​ការធ្វើឱ្យ សហគមន៍ អាស៊ាន​មួយ​គ្មាន​គ្រឿងញៀន​។ គ្រឿងញៀន នៅតែ​បន្ត​កើនឡើង និង​មាន​ទម្រង់ ថ្មីៗ ដូចជា​សារធាតុ​ដែល មាន​ឥទ្ធិពល លើ​ប្រព័ន្ធ​ប្រសាទ សារធាតុ​គីមី និង​មិនមែន​គីមី សម្រាប់​ផលិត និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ មានការ​កើនឡើង ក្នុងចំណោម​ប្រទេស សមាជិក​អាស៊ាន ជាពិសេស​នៅ​តំបន់ត្រីកោណមាស​។ កត្តា​ប្រឈម​ទាំងនេះ នឹង​រារាំង សហគមន៍​អាស៊ាន​មួយ គ្មាន​គ្រឿងញៀន និង​មាន​ឥទ្ធិពល​អវិជ្ជមាន ដល់​ទស្សនៈវិស័យ សហគមន៍​អាស៊ាន ឆ្នាំ​២០២៥ សហគមន៍​សន្តិសុខ នយោបាយ​អាស៊ាន សហគមន៍​សេដ្ឋកិច្ច អាស៊ាន និង​របរ​ចិញ្ចឹមជីវិត សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៥ របស់​ក្រុមប្រឹក្សា​យោបល់​អាយ​ប៉ា ស្តីពី​គ្រឿងញៀន ក៏បាន​បន្ត ដោយ​ការធ្វើ​បទ​បង្ហាញ ចែករំលែក​បទពិសោធ​ន៍ ស្តីពី​គ្រឿងញៀន ពី​តំណាង​ការិយាល័យ អង្គការសហប្រជាជាតិ ទទួលបន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម មន្ត្រីជាន់ខ្ពស់​អាស៊ាន ស្តីពី បញ្ហា​គ្រឿងញៀន រួម​នឹង​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន​លើកឡើង ពី​បញ្ហា​ប្រឈម​ទាំង​ក្នុង​តំបន់ និង​ជាស​កល ជូន​ដល់​អង្គប្រជុំ​ផងដែរ​។​

​បន្ទាប់ពី​ការ​ស្តាប់​បទ​បង្ហាញ ខាងលើ​រួចមក អង្គប្រជុំ ក៏បាន​បន្តធ្វើ​ការពិភាក្សា យ៉ាង​ផុលផុស លើ​សេចក្តីព្រាង​សេចក្តីសម្រេច​។ ជា​លទ្ធផល ប្រតិភូ​អាយ​ប៉ា បាន​ឯកភាព​លើ​ខ្លឹមសារ សេចក្តីព្រាង​សេចក្តីសម្រេច ស្តីពី ” ការដោះស្រាយ ប្រឈម​រួមគ្នា ដើម្បី​អាស៊ាន​គ្មាន គ្រឿងញៀន ” ដោយ​ភ្ជាប់​ជាមួយ​នូវ​របាយការណ៍ កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៥​នេះ និង​មាន ប្រធាន​ប្រតិភូ​សភា ទាំង​៧ ប្រទេស បាន​ចុះហត្ថលេខា ដើម្បី​ដាក់ជូន​មហាសន្និបាត​អាយ​ប៉ា លើក​ទី​៤៣ ដើម្បី​សុំ​ការអនុម័ត​។​

​នៅក្នុង​ពិធី​បិទ កិត្តិ​សេដ្ឋា​បណ្ឌិត ប្រធាន​ក្រុម​រដ្ឋសភាជាតិ អាយ​ប៉ា​ជាតិ​-​កម្ពុជា បាន​សង្កត់ធ្ងន់ថាៈ ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​អាយ​ប៉ា ស្តីពី​គ្រឿងញៀន បាន​ដើរតួរ​នាទី​យ៉ាង សំខាន់ នៅក្នុង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន តាមរយៈ សមាជិក សមាជិកា អាយ​ប៉ា ដែលមាន​តួនាទី ជា​អ្នកសម្របសម្រួល និង​ផ្លាស់ប្តូរ យោបល់ គោលនយោបាយ និង​ការជំរុញ​ការអនុវត្ត​ច្បាប់ ក្នុងចំណោម​រដ្ឋ ជា​សមាជិក​អាស៊ាន​។ លើសពីនេះទៅទៀត សមាជិក សមាជិកា សភា​អាយ​ប៉ា នឹង​ជំរុញ​នូវ​ស្មារតី​ធ្វើការ​រួមគ្នា និង​មាន​ឆន្ទៈ​រួមគ្នា ឱ្យស្រប​ទៅនឹង​សហគមន៍​មួយ នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ក្នុង​ការយក​ជ័យជំនះ លើ​បញ្ហា​ប្រឈម​ទាំងនេះ ដែល​ដំណើរ​អាច​វែងឆ្ងាយ​ទៅមុខទៀត និង​មាន​បញ្ហា​ប្រឈម ច្រើន​ទៀត ប៉ុន្តែ​ការការពារ និង​ការ​រួបរួមគ្នា​ត្រូវតែ​ជា​ចំណុច​ស្នូល ដើម្បី​ឆ្លើយតប​ទៅ នឹង​គោលបំណង​នេះ​៕/V​-PC