ដោយៈ សុផល / ភ្នំពេញ៖ អង្គការអុកស្វាម កាលពីពាក់កណ្តាលសប្តាហ៍នេះ បានរៀបចំ សន្និសីទសារព័ត៌មាន ចែករំលែកអំពីយុទ្ធនាការ រយៈពេលបួនខែ ដែលមានឈ្មោះថា ” តាមដងទន្លេមេគង្គ ជាមួយសាយ ” ។ យុទ្ធនាការនេះ មានគោលបំណងលើកកម្ពស់ តំបន់អេកូទេសចរណ៍ធម្មជាតិ ជីវភាពរស់នៅ របស់សហគមន៍ ដែលងាយរងគ្រោះ ដោយសារផលប៉ះពាល់ ដោយការផ្លាស់ ប្តូរលំហូរទឹក និងការគំរាមកំហែង កើនឡើងដល់ សន្តិសុខស្បៀង នៅតាមដងទន្លេមេគង្គ។
” តាមដងទន្លេមេគង្គជាមួយសាយ ” គឺជាយុទ្ធនាការ តាមដងទន្លេមេគង្គ នៅតំបន់ភាគខាងជើង នៃប្រទេសកម្ពុជា ឆ្លងកាត់តាមខេត្តរតនគិរី ស្ទឹងត្រែង និងក្រចេះ របស់លោក អ៊ួន បឋម ដែលត្រូវបានគេស្គាល់គាត់ថា សាយ ដែលជាអគ្គរាជទូតសុឆន្ទៈ ជាតារាចម្រៀង និងតារាសម្តែង នៅប្រទេសកម្ពុជា ។
ដំណើររបស់ សាយ ដែលគេស្គាល់ថា ជាអ្នករត់ស្ទើរគ្រប់ ២៥ ខេត្ត រៃអង្គាសថវិកា ជួយមន្ទីរពេទ្យគន្ធបុប្ផានោះ បានផ្តិតយកសម្រស់ ដ៍គួរឱ្យភ្ញាក់ផ្អើល របស់ទន្លេមេគង្គ និងបង្ហាញនូវវប្បធម៌ចម្រុះ និងការរស់នៅ របស់អ្នកស្រុក។ មិនតែប៉ុណ្ណោះ យុទ្ធនាការនេះ ក៏បានបង្កើតឱ្យមានវេទិកា ស្តាប់សំឡេងរបស់ស្ត្រី បុរស ជនជាតិដើមភាគតិច និងសមាជិក ដទៃទៀត នៃសហគមន៍ក្រីក្រ ដែលរស់នៅ តាមដងទន្លេមេគង្គ។
លោកស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាម បានមានប្រសាសន៍ថាៈ យុទ្ធនាការ ” តាមដងទនេ្លមេគង្គ ជាមួយសាយ ” មានគោលបំណងលើកកម្ពស់ ការយល់ដឹង អំពីភាពសម្បូរបែប នៃអាងទន្លេមេគង្គ និងសារៈសំខាន់របស់វា ចំពោះជីវិតរបស់ប្រជាពលរដ្ឋ រាប់លាននាក់ ក៏ដូចជា បានផ្សារភ្ជាប់ការចូលរួម និងកិច្ចពិភាក្សាប្រកបដោយអត្ថន័យ រវាងយុវជន និងសហគមន៍ ដែលរងផល ប៉ះពាល់ ជាពិសេសក្រុមងាយរងគ្រោះ ដូចជា ជនមានពិការភាព និងជនជាតិ ដើមភាគតិច ដែលពួកគាត់ទាំងអស់នោះ ជាគោលដៅចម្បង របស់គម្រោង។
អ្នកស្រី បានបន្ថែមទៀតថាៈ ” បើទោះជាយុទ្ធនាការ បានបញ្ចប់ក៏ដោយ ក៏បេសកកម្ម ការពារទន្លេមេគង្គ និងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ របស់យើងនៅតែបន្តទៅមុខ ” ។
សាយ ដែលជាទូតសុឆន្ទៈនៃយុទ្ធនាការរបស់យើង បានលើកឡើងថាៈ ” ទន្លេនាំទឹក និង សារធាតុចិញ្ចឹម ទៅកាន់ទូទាំងពិភពលោក ហើយទន្លេ គឺជាជីវិតមនុស្ស ជាពិសេសសហគមន៍ ដែលពឹងអាស្រ័យលើទន្លេនេះ។ បន្ទាប់ពីដំណើរតាមដង ទន្លេមេគង្គមក ខ្ញុំមានទំនាក់ទំនង ជិតស្និទ្ធជាមួយទន្លេជាងមុន។ សូមអរគុណ ដល់អង្គការអុកស្វាម ដែលបានអនុញ្ញាតឱ្យខ្ញុំ មានឱកាសស្វែងយល់ ពីភាព សម្បូរបែប នៃទន្លេមេគង្គរបស់យើង និងជីវិតរបស់សហគមន៍ ជាពិសេសក្រុម ជនជាតិដើមភាគតិច និងក្រុមងាយរងគ្រោះ ដែលជីវិត និងវប្បធម៌របស់ពួកគាត់ មានទំនាក់ទំនងជាមួយទន្លេ និងព្រៃឈើ “។
សាយ បាននិយាយបន្ថែមថាៈ ” ខ្ញុំសូមផ្តាំផ្ញើដល់យុវជនទាំងអស់ ឲ្យចូលរួមការពារ ទន្លេ ទាំងអស់គ្នា ព្រោះទន្លេ មិនមែនជាកម្មសិទ្ធិរបស់អ្នកណាម្នាក់ទេ គឺទន្លេជា របស់យើងទាំងអស់ គ្នា។ ទន្លេគឺជាជីវិតរបស់យើង ” ។
មិនតែប៉ុណ្ណោះ សាយ មានក្តីសង្ឃឹមថា តាមរយៈកម្មវិធីនេះ យើងនឹងអាចជួយ ផ្សព្វផ្សាយ ពីតំបន់ទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពល នៅតាមដងទន្លេ ដើម្បីជួយជំរុញដល់ ភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរក្នុងស្រុក ឱ្យមកទស្សនា តាមតំបន់កម្សាន្តនានា ដើម្បីជួយជំរុញជីវភាព ដល់បងប្អូននៅក្នុងសហគមន៍។
លោកស្រី ណាង ណយ ដែលជាប្រធានគម្រោងរបស់អង្គការទន្លេបី ហើយក៏ជា ដៃគូដែលបាន ចូលរួម រៀបចំយុទ្ធនាការនេះ ជាមួយអង្គការអុកស្វាម បានថ្លែងពី ចំណាប់អារម្មណ៌របស់ខ្លួនថាៈ ” យុទ្ធនាការនេះ អាចនឹងផ្សព្វផ្សាយ ពីព័ត៌មាន ទាំងអស់របស់ ជនជាតិដើមភាគតិច ដែលគាត់ រស់នៅអាស្រ័យ លើទន្លេហ្នឹង ដល់សាធារណជន ទូទាំងពិភពលោក ឱ្យបានយល់ដឹងថា ពួក គាត់ រស់ពឹងពាក់ ទៅលើអី និងបញ្ហាផ្សេងៗ ដែលស្រី្តរស់នៅតាមដងទន្លេ កំពុងជួបប្រទេះ ” ។
លោកស្រី ក៏បានបង្ហើបពីទឹកចិត្តរបស់លោកស្រីថាៈ ” ទោះបីហត់ ក៏នៅសប្បាយ ចិត្តដែរ ប្រសិនបើយុទ្ធនាការនេះ អត់មានសារប្រយោជន៍ទេ គឺវាត្រូវតែហត់ហើយ តែយើងគិតថា វាជាសារប្រយោជន៍ របស់បងប្អូន ជនជាតិដើមភាគតិចយើង ដើម្បីឱ្យពួកគាត់មានឱកាស ក្នុងការរៀនសូត្រ ” ។
អ្វីដែលជាគួរជាទីមោទន នោះគឺ ខ្សែវីដេអូ ដែលជាលទ្ធផល នៃយុទ្ធនាការនេះ ត្រូវបានជ្រើស រើស ដើម្បីចាក់បញ្ចាំងនៅក្នុងកម្មវិធីការស្វែងយល់ពីទន្លេមេគង្គ (Mekong Discovery) របស់មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដែលជា មហោស្រព ភាពយន្តដ៏ធំបំផុត នៅកម្ពុជា។ ការចាក់បញ្ចាំងលើកដំបូង នឹងធ្វើឡើង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅសាលមហោ ស្រពចតុមុខ ៕/V-PC