ដោយៈយោធិន/ភ្នំពេញៈ ប្រមុខកងយោធាមួកខៀវកម្ពុជាស្នើជប៉ុនបន្តការហ្វឹកហ្វឺនជំនាញវិស័យរក្សាសន្តិភាពបន្ថែមចំនួនប្រាំឆ្នាំទៀតឲ្យដល់កងយោធាមួកខៀវកម្ពុជាដោយផ្តោតជាសំខាន់លើផ្នែកវាស់ស្ទង់ តូប៉ូ(ឋានលេខា) សំណង់ផ្តេក  បញ្ឈរនិងតាមទិដ្ឋភាពជាក់ស្តែងក្នុងតំបន់បេសកកម្ម ។

ប្រមុខកងយោធាមួកខៀវកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានលើកឡើងនូវសំណូមក៏ដូចជាការស្នើសុំបន្តរយៈពេលប្រាំឆ្នាំបន្ថែមសម្រាប់ការហ្វឹកហ្វឺនជំនាញឲ្យដល់កងយោធាមួកខៀវកម្ពុជាព្រមទាំងការស្នើសុំកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជានិងជប៉ុនមួយចំនួនទៀតសំដៅបង្កើនសមត្ថភាពនិងប្រសិទ្ធភាពក្នុងការបំពេញបេសកកម្មអង្គការសហប្រជាជាតិនាពេលខាងមុខនោះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទវគ្គហ្វឹកហ្វឺនផ្នែកបច្ចេកវិទ្យា វាស់ស្ទង់ផ្លូវថ្នល់ ក្រោមជំនួយរបស់ជប៉ុន កាលពីថ្ងៃទី២៤ ខែ។មិថុនា ឆ្នាំ២០២២ នៅស្នាក់ការមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

តាមរយៈលោកស្រីម៉ាទូសាវ៉ា តូម៉ូកូ (MATUZAWA Tomoko)នាយកកិច្ចសហប្រតិបត្តិការការពារនៃផ្នែកគោលនយោបាយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានស្នើបន្ថែមផងដែរនូវគម្រោងបន្តកិច្ចសហប្រតិបត្តិការមួយចំនួនរួមមានៈផ្តល់អាហារូបករណ៍ដល់សិក្ខាកាមឆ្នើមក្រោមការហ្វឹកហ្វឺនរបស់យោធាចារ្យជប៉ុនឲ្យទៅបំប៉នបន្ថែមរយៈពេលខ្លី មធ្យម នៅសាលាវិស្វកម្មជប៉ុន ។ ផ្តល់ការហ្វឹកហ្វឺនទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងលើជំនាញវាស់ស្ទង់ តាមរយៈម៉ាស៊ីនទំនើប និងការប្រើប្រាស់ដ្រូន(Drone)ផងដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍បច្ចុប្បន្ន ដែលមានភាពស្មុគ្រស្មាញ  ។ ដំណើរការស្នើសុំផ្លាស់ប្តូរទស្សនកិច្ចប្រចាំឆ្នាំរវាងប្រទេសទាំងពីរក៏ត្រូវបានលើកឡើងផងដែរ ។

ជាមួយនឹងការទទួលយកនូវរាល់ការលើកឡើងរបស់ប្រមុខកងយោធាមួកខៀវកម្ពុជាលោកស្រីម៉ាទូសាវ៉ា តូម៉ូកូ បានថ្លែងថាៈជប៉ុនបានដំណើរការសហប្រតិបត្តិការជាមួយស្ថាប័នមួកខៀវវកម្ពុជាចាប់តាំងពីខែមករា ឆ្នាំ២០១៣ ក្នុងរយៈកាលជិត៣០ឆ្នាំបើគិតមកដល់បច្ចុប្បន្ន។ 

ក្នុងរយៈកាលជិតបីទសវត្សរ៍កន្លងទៅនេះជប៉ុនបានរិតចំណងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដោយបានបញ្ជូនយោធាចារ្យមកជួយហ្វឹកហ្វឺនជំនាញវិស្វកម្មឲ្យដល់កងយោធាមួកខៀវកម្ពុជាជាបន្តបន្ទាប់។

សូមបញ្ជាក់ថាៈ ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ននេះជប៉ុនបានហ្វឹកហ្វឺនជំនាញឲ្យដល់កងយោធាមួកខៀវចំនួន៩វគ្គ សរុបសិកហខាកាមចំនួន១៤០នាក់ និងហ្វឹកហ្វឺនតាមរយៈ Online បានចំនួន៥នាក់ ខណៈដែលកូវីដ-១៩ រាលដាលពាសពេញលើសកលលោក។ នេះបើតាមការបញ្ជាក់បន្ថែមពី នាយឧត្តមសេនីយ៍ សែម សុវណ្ណនី៕/PC