ដោយ : ភ្នំស្វាយ / ព្រះវិហារៈ ទឹកធ្លាក់ព្រះនិម្មិតឫ សុភមិត្រនៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅ២ស្រុកឆែប  មានភ្ញៀវទៅទស្សនាឥតដាច់   ហើយបើនៅរដូវបុណ្យចូលឆ្នាំសាកល  ចូលឆ្នាំចិន ចូលឆ្នាំខ្មែរ និងថ្ងៃឈប់សម្រាកភ្ញៀវមានកាន់ច្រើន ។

លោក សុខសាន្ត ណារ៉ា អភិបាលស្រុកឆែបបានប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី២៤ខែមិថុនាថា: សហគមន៍ទេសចរណ៍ទឹកធ្លាក់ព្រះនិម្មិតនេះជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ នារាល់ថ្ងៃមានភ្ញៀវជាតិនិងអន្តរជាតិទៅទស្សនាកំសាន្តឥតដាច់ពោលគឺប្រមាណជាពីពី៣០ទៅ៥០នាក់ ហើយបើជាជាថ្ងៃបុណ្យទានប្រពៃណីនិងថ្ងៃឈប់សម្រាកសម្រាប់មន្រ្តីរាជការ មានភ្ញៀវច្រើនដល់រាប់រយពាន់នាក់ក្នុង១ថ្ងៃៗ ។

នៅទីនោះ ត្រូវបានអភិវឌ្ឍន៍ខ្លះៗដោយសហគមន៍និងវិនិយោគដោយក្រុមហ៊ុនបរទេសមួយមកពីប្រទេសម៉ាឡេស៊ី  ក្នុងនោះគេបានសាង់សង់កាស៊ីណូនិងបន្ទប់សម្រាក៥៨បន្ទប់ផងដែរ ។

ហើយបើភ្ញៀវចង់ទៅសម្រាកនៅមូលដ្ឋានជិតៗនោះ មានសេវាផ្ទះសំណាក់នៅឃុំកំពង់ស្រឡៅ១និងនៅកំពង់ស្រឡៅ២ ថែមទៀត ។

លោកបន្តថា  ទឹកជ្រោះឬទឹកធ្លាក់ព្រះនិម្មិតនៅបណ្តោយមាត់ទន្លេមេគង្គប្រវែង៣០ម៉ែត្រនិងទទឺងពោះទន្លេរាប់រយម៉ែត្រ ។ វាជាទឹកធ្លាក់/ជ្រោះក្នុងពោះទន្លេមេគង្គធំបង្អស់បន្ទាប់ពីល្បាក់ខោននាស្រុកមឿងខូងខេត្តចំប៉ាសាក់ប្រទេសឡាវ នាខាងលើទឹកធ្លាក់នេះ ។

លោកបានបន្ថែមថា នៅពេលមកដល់ភ្ញៀវអាចបានត្រឹមតែទស្សនានិងថតរូបប៉ុណ្ណោះ មិនអាចចុះលេងឬមុជទឹកឡើយ  ត្បិតអីទឹកហូរខ្លាំង ជ្រោះជ្រៅ ចោត ថ្មស្រួចៗ 

ទោះយ៉ាងណា នៅឆ្ងាយបន្តិចពីចំណុចទឹកជ្រោះ ក៏នៅមានកន្លែងចុះមុជនិងហែលទឹកលេងបានដែរ គ្រាន់តែទីធ្លាតូច ។

នៅទីនោះ  អ្នកស្រុកបានលក់ដូរម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ដែលភាគច្រើនជាផលិតផលសិប្បកម្មជនជាតិឡាវដូចជាសំពត់ស៊ឹង កាតាប ស្បៃពានា និងលក់ដូរត្រីទន្លេមេគង្គ  ផ្សឹត បន្លែ ទំពាំង ។

សម្រាប់ផ្លូវឆ្ពោះទៅកាន់ទឹកធ្លាក់ព្រះនិម្មិត គឺលោកអ្នកអាចធ្វើដំណើរពីខេត្តព្រះវិហារតាមផ្លូវជាតិលេខ៩ ទៅកើតដល់ហួសសាលាស្រុកឆែប ក្នុងឃុំឆែប២ រួចបត់ទៅជើងផ្លូវខេត្ត(ក្រាលគ្រួស) ពុះទ្រូងព្រៃព្រះរកាទៅជើងដល់ឃុំកំពង់ស្រឡៅ១ បត់ទៅកើតនិងអគ្នេយ៍វិញចម្ងាយ៨០គមពីសាលាស្រុកឆែបនិងពីខេត្តស្ទឹងត្រែងតាមផ្លូវជាតិលេខ៩នេះដែរ ទៅលិច ដល់ភូមិសាស្ត្រស្រុកថាឡាបរិវ៉ាត់រួចបត់ទៅជើងតាមផ្លូវខេត្តក្រាលគ្រួសចម្ងាយ៣៧គម ។

ឬបើគិតពីរាជធានីភ្នំពេញ មានចម្ងាយជាង៥០០គម ៕/PC