ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មេដឹកនាំចិន លោក ស៊ី ជីនភីង នឹងធ្វើទស្សនកិច្ចនៅហុងកុងនៅសប្តាហ៍ក្រោយដើម្បីប្រារព្ធខួបលើកទី ២៥នៃការប្រគល់អតីតអាណានិគមអង់គ្លេសមួយនេះមកប្រទេសចិន បន្ទាប់ពីការបង្ក្រាបលើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានធ្វើឱ្យមានភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោននិងអឺរ៉ុប។
ទីភ្នាក់ងារព័ត៌មានស៊ីនហួរបានប្រកាសកាលពីថ្ងៃសៅរ៍ទី២៥មិថុនាថា លោកស៊ីនឹងចូលរួមក្នុងការប្រជុំលើកដំបូងជាមួយនាយកប្រតិបត្តិថ្មីរបស់រដ្ឋាភិបាលហុងកុងគឺលោក ចន លី (John Lee)។ ស៊ីនហួមិនបានបង្ហាញថាតើលោកស៊ី ដែលជាប្រធានាធិបតីនិងជាអគ្គលេខាបក្សកុម្មុយនីស្តកំពុងកាន់អំណាច នឹងស្នាក់នៅរយៈពេលប៉ុន្មានថ្ងៃឬផ្តល់ព័ត៌មានលម្អិតផ្សេងនោះទេ។
លោកស៊ីបានចៀសវាងការធ្វើដំណើរនៅក្រៅចិនដីគោក ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកាលពីជាង២ឆ្នាំមុន។ ការសម្រេចចិត្តរបស់លោកទៅកាន់ទីក្រុងហុងកុងដែលជួបការលំបាកក្នុងការទប់ស្កាត់កំណើនករណីឆ្លងកូវីដនៅឆ្នាំនេះ ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃខួបលើកនេះចំពោះលោកស៊ី ដែលចង់ឱ្យគេមើលឃើញថាជាអ្នកដឹកនាំ “ស្តារជាតិឡើងវិញ”ចំពេលមានការពង្រឹងយោធានិងគោលនយោបាយចិននៅបរទេស។
ខួបលើកនេះធ្វើឡើងបន្ទាប់ពីការបង្ក្រាបមួយផ្នែក ដែលដឹកនាំដោយលោកលី ជាអតីតប្រធានសន្តិសុខហុងកុង ដើម្បីកម្ទេចអ្វីដែលលោកខាងលិចហៅថាចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យតែចិនហៅថាក្រុមអនាធិបតេយ្យក្រោយខ្សែញាក់នៃកម្លាំងបរទេស។សកម្មជនជាច្រើនរូបត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ មនុស្សជាច្រើននាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ហើយកាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏លេចធ្លោបំផុតរបស់ហុងកុងត្រូវបានបិទ។
ការគ្រប់គ្រងកាន់តែតឹងតែងក្រោមច្បាប់សន្តិសុខជាតិដែលបានដាក់ចេញក្នុងឆ្នាំ ២០២០ បានជំរុញឱ្យមនុស្សមួយចំនួនចាកចេញទៅកាន់កោះតៃវ៉ាន់ ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត។
ការណ៍នោះបានជំរុញឱ្យមានការព្រមានថា គណបក្សកាន់អំណាចចិនកំពុងបំផ្លាញឋានៈរបស់ហុងកុងជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងហិរញ្ញវត្ថុពិភពលោក៕
លោកស៊ីនឹងធ្វើទស្សនកិច្ចនៅហុងកុងសប្តាហ៍ក្រោយ