ដោយៈសុផល/ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និង មជ្ឈមណ្ឌលសាកលវិទ្យាល័យ វេជ្ជសាស្ត្រស៊ុនជុនយ៉ាងនៃសាធារណរដ្ឋកូរ៉េ បានរៀបចំសិក្ខាសាលារួម កម្ពុជា – កូរ៉េ លើកទី២ ស្តីអំពី ជំងឺត្រចៀក ច្រមុះ បំពង់ក ជាមួយក្រសួងសុខាភិបាល និង មន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២២នៅសណ្ឋាគារ ហៃយ៉ាតរីជិនស៊ី ភ្នំពេញ ប្រទេសកម្ពុជា។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមវត្តមាន លោក គីម ខ្វាងវុក(Kim Kwang Wook)ប្រធានតំណាងស្តីទី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រចាំការិយាល័យប្រទេសកម្ពុជា លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង លោកសាស្ត្រាចារ្យ លូ លីឃាង  នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ត្រាចារ្យ យូ ប្យុងវុក (Yoo Byung Wook) ប្រធានគម្រោង នៃមជ្ឈមណ្ឌល សាកលវិទ្យាល័យ វេជ្ជសាស្ត្រស៊ុនជុនយ៉ាង។ 

លោក គីម ខ្វាងវុក  បានមានប្រសាសន៍ថា:សិក្ខាសាលានេះជាសិក្ខាសាលាលើកទី២ បន្ទាប់ពីសិក្ខាសាលាលើកទី១ ប្រព្រឹត្តិឡើងកាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ និងពិធីសម្ពោធជាផ្លូវការ ដើម្បីបញ្ចប់ការសាងសង់ និងជាពិធីប្រគល់ និងទទួលជាផ្លូវការនូវអគារ ត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ដល់ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ។

លោក បានបញ្ជាក់ផងដែរថា គោលបំណងនៃសន្និសីទលើកទី២នេះ គឺដើម្បីគឺចែករំលែកនិងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក  និងជំនាញរបស់ប្រទេសនីមួយៗ (កម្ពុជា កូរ៉េ)នៅក្នុងវិស័យ ត្រចៀក ច្រមុះ និង បំពង់ក ជាពិសេសក្នុងការពង្រឹងប្រសិទ្ធភាពនៃការព្យាបាលរួមគ្នា រវាងផ្នែក ត្រចៀក ច្រមុះ បំពង់ក ក្បាល និងក ដោយប្រើវិធីសាស្ត្រពហុជំនាញ។ 

ថ្លែងក្នុងឱកាសនោះ លោក ម៉ម ប៊ុន ហេង  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់អគារថ្មី និងជំនួយបច្ចេកទេសសម្រាប់ជំងឺត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង តាមរយៈ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និង មជ្ឈមណ្ឌលសាកលវិទ្យាល័យ វេជ្ជសាស្ត្រស៊ុនជុនយ៉ាងនៃសាធារណរដ្ឋកូរ៉េ។

ក្នុងអំឡុងពេលនៃសិក្ខាសាលា ភាគីកូរ៉េបានពន្យល់អំពី  ទី១)-ការវះកាត់កែកុនក្បាល និងក ទី២)-ករណីសំខាន់ៗនៅមជ្ឍមណ្ឌលសាកលវិទ្យាល័យវេជ្ជសាស្ត្រស៊ុនជុនយ៉ាងទាក់ទងទៅនឹង ត្រចៀក ច្រមុះ បំពង់ក ទី៣)-ករណីសិក្សា ត្រចៀក ច្រមុះ បំពង់ក (ច្រៀក) និង ការសិក្សា ត្រៀក ច្រមុះ បំពង់ក (ក្បាល និងក) និង ទី៤)- ការពិភាក្សាលើបច្ចេកទេសវះកាត់ចុងក្រោយទាក់ទងទៅនឹងត្រចៀក ច្រមុះ បំពង់ក។  ចំណែកខាងភាគីកម្ពុជាបានធ្វើបទបង្ហាញអំពី ១)-ការចែករំលែកចំណេះដឹងផ្នែក ត្រចៀក ច្រមុះ បំពង់ក ក្បាល និងក ទី២)-ការចែករំលែកចំណេះដឹងផ្នែកវះកាត់កែសម្ផស្ស ទី៣)-ករណីសំខាន់ៗនៅផ្នែកត្រចៀក នៅមន្ទីរពេទ្យព្រះអង្គឌួង និង ទី៤)-ករណីសំខាន់ៗនៅផ្នែកក្បាល  និង ក នៅមន្ទីរពេទ្យព្រះអង្គឌួង។

គួររំឭកថារដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA-កយកា) បានផ្តល់ជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន ប្រាំបី លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ “គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT) នៅមន្ទីរពេទ្យព្រះអង្គឌួង” ដែលបានអនុវត្តចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២២នេះ។ អគារត្រចៀក ច្រមុះ បំពង់ក ចំនួន មួយខ្នងដែលមានកំពស់៥ជាន់ បានសាងសង់រួចរាល់ហើយ នៅក្នុងបរិវេណ មន្ទីពេទ្យព្រះអង្គឌួង ហើយអគារនះបានបំពាក់នូវសំភារៈទំនើបបំផុត ចាំបាច់នានា ដើម្បីពិនិត្យ ព្យាបាល និងវះកាត់ ធ្វើយ៉ាងណា ដើម្បីបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីពេទ្យអោយល្អប្រសើរមួយកំរិតថែមទៀត។ 

ក្រៅពីការលើកកំពស់ផ្នែកហេដ្ឋារចនាសម្ពន្ធរូបវន្ត សមត្តិភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេស និង បុគ្គលិកទាំងអស់នឹងត្រូវបានបង្កើនសមត្តិភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និង ការផ្ទេរចំណេះដឹង និង  ចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ៕/PC