ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក និងលោកលោក នាង សូរិទ្ធិយ៉ា ដោយលោកទើបត្រឡប់ពីធ្វើអាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមនោះ ត្រូវបានទទួលការអញ្ជើញ ទៅធ្វើជាអាជ្ញាកណ្ដាល ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ។

សម្រាប់អាស៊ានប៉ារ៉ាហ្គេមនេះ ជាលើកដំបូងហើយ ដែលកម្ពុជា បានទទួលការអញ្ជើញទៅ ចូលរួម ធ្វើជាអាជ្ញាកណ្ដាល ។ សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើក
ទី១១ នេះ នឹងចាប់ផ្ដើមប្រកួត ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ហើយកីឡាចំនួន ១៤ ប្រភេទ ត្រូវបានដាក់ឲ្យប្រកួត។ សម្រាប់កម្ពុជា នឹងបញ្ជូនកីឡា ចំនួន ១១ ប្រភេទ ទៅចូលរួមប្រកួតដែរ ។

កីឡាទាំង ១៤ ប្រភេទនោះ រួមមាន អត្តពលកម្ម, បាញ់ធ្នូ, វាយសី, បូស្យា, បាល់ទាត់៧ម្ខាង (ចលករខួរក្បាល), អុក, បាល់បោះជនពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ, វាយកូនបាល់លើរទេះ, បាល់ទះអង្គុយ និងបាល់បោះរទេះ។

ចំពោះកម្ពុជា នឹងចូលរួមប្រកួតលើ ១១ ប្រភេទកីឡា រួមមាន អត្តពលកម្ម, ហែលទឹក, បាល់ទះអង្គុយបុរស និងនារី, បាល់បោះរទេះបុរស និងនារី, បាល់បោះជនពិការភ្នែក, បាល់ទាត់៧ម្ខាង (ចលករខួរក្បាល), វាយកូនឃ្លីលើតុ, វាយសី, លើកទម្ងន់, អុក និង បូស្យា។

មន្រ្ដីបច្ចេកទេសអន្តរជាតិរបស់កម្ពុជា ទាំង២រូប នឹងធ្វើដំណើរចាកចេញពី ព្រះរាជាណាចក្រ កម្ពុជា នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ និងត្រឡប់មកវិញ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ៕/V-PC