ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដាក់កំហិតដល់រដ្ឋបាល ព្រៃឈើខេត្តនេះ ត្រូវរៀបចំកម្លាំងចុះល្បាត ឲ្យបានតឹងរឹងបំផុត ដើម្បីការពារព្រៃអង់តែន ដែលត្រូវបានផ្ទេរពីក្រសួងបរិស្ថាន មកឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់គ្រងវិញ ។

លោក ងួន រតនៈ បានដាក់កំហិតបែបនេះ នៅពេលលោក​បានដឹកនាំក្រុមការងារ​និងមន្ត្រី ជំនាញ ចុះត្រួតពិនិត្យស្ថានភាពព្រៃអង់តែន ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំបឹងល្វា និងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ។

ក្រោយការចុះពិនិត្យជាក់ស្តែង លោកបានពិនិត្យឃើញថា មានជនទុច្ចរិត បានកាប់ព្រៃ ទន្ទ្រានយកដី ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ហើយពាក់ព័ន្ធករណីនេះ មន្ត្រីបរិស្ថាន ក៏បានបញ្ជូន សំណុំរឿង ទៅកាន់សាលាដំបូងខេត្ត បានមួយចំនួនដែរ ។

ក្នុងនោះដែរ​លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញដល់មន្ត្រីជំនាញ ត្រូវធ្វើដីកា ពីសាលាដំបូងខេត្ត ដើម្បីធ្វើការដកហូតដីរដ្ឋមកវិញ និងស្រាវជ្រាវ រកជនល្មើសទាំងអស់នោះ ឱ្យខាងតែបាន ដែលបានកាប់ទន្ទ្រានដីព្រៃ​ ដែលបានកាប់ទន្ទ្រានដីព្រៃ ដើម្បីយកមកផ្ដន្ទា ទោស តាមច្បាប់ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ ត្រូវនាំគ្នាថែរក្សាសម្បត្តិនេះ ឲ្យបានគង់វង្ស កុំនាំគ្នាទុក ឲ្យដំបៅរីក ត្រូវនាំគ្នាព្យាបាល ចំពោះស្នាក់ការបរិស្ថាន កុំទាន់អាលរុះរើ ត្រូវរៀបចំឯកសារ ឲ្យបានច្បាស់លាស់ និងទុកឲ្យកម្លាំងរដ្ឋបាលព្រៃឈើ ធ្វើការសិន ហើយមន្ទីរនីមួយៗ ត្រូវរៀបចំឯកសារគតិយុត្ត ដោយមានលេខនិយាមការ ឱ្យបានច្បាស់លាស់ មុនធ្វើការប្រគល់ -ទទួល ហើយកុំឲ្យជះទឹកដាក់គ្នា ព្រោះយើងឃើញហើយ ការប្រគល់មិនទាន់បានមួយខែផង មានការប្រែប្រួលច្រើន (បាត់បង់ព្រៃឈើ) នៅពេលប្រគល់ទទួលហើយ ក្រុមការងាររដ្ឋបាល ព្រៃឈើ ត្រូវរៀបចំកម្លាំងចុះល្បាត ឲ្យបានតឹងរឹងបំផុត ប្រសិនបើមានការប្រែប្រួល រដ្ឋបាលព្រៃឈើ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់។

លោកបានបន្ថែម ចំពោះសមត្ថកិច្ច រកស៊ីបទល្មើស ត្រូវដកខ្លួនចេញជាបន្ទាន់ ហើយលោក នឹងតាមដានបញ្ហានេះ ប្រសិនមានករណីនេះ និងចាត់ការហើយ ឬបញ្ជូនសំណុំរឿង ទៅកាន់តុលាការ ជាកំហិត៕/V-PC