ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ទីក្រុងប៉េកាំងរបស់ចិនកាលពីថ្ងៃសៅរ៍ទី២៥មិថុនាបាននិយាយថាខ្លួននឹងអនុញ្ញាតអោយសាលាបឋមសិក្សានិងមធ្យមសិក្សាបន្តបើករៀននិងបង្រៀនផ្ទាល់នៅតាមថ្នាក់ឡើងវិញនៅពេលប្រធានបក្សទីក្រុងសៀងហៃបានប្រកាសជោគជ័យលើសង្រ្គាមប្រឆាំងកូវីដ១៩បន្ទាប់ពីទីក្រុងហិរញ្ញវត្ថុចិនមួយនេះប្រកាសមិនមានអ្នកឆ្លងថ្មីណាម្នាក់ជាលើកដំបូងក្នុងរយៈពេលពីរខែមកនេះ។

ទីក្រុងសំខាន់ទាំងពីរស្ថិតចំណោមទីកន្លែងជាច្រើននៅចិនដែលបានអនុវត្តការរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩ប្រភេទអូមីក្រុងក្នុងអំឡុងខែមីនាដល់ឧសភាដោយទីក្រុងសៀងហៃធ្វើការបិទខ្ទប់អស់ពេលពីរខែនិងទើបដកចេញកាលពីថ្ងៃ០១មិថុនា។

កិច្ចខិតខំ ដែលជាផ្នែកនៃគោលនយោបាយកូវីដសូន្យរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងបណ្តាលអោយចំនួនឆ្លងថយចុះ តែវិធានការធ្ងន់ដៃពេកបានបង្កកំហឹងនិងការតវ៉ាប្រឆាំងព្រមទាំងប៉ះពាល់សេដ្ឋកិច្ចខ្លាំងផងដែរ។

ស្រ្តីជិះកង់ដឹកកូនកាត់សាលារៀននៅក្រុងប៉េកាំងដែលបិទដោយសារវិធានការប្រឆាំងកូវីដ១៩

ទីក្រុងប៉េកាំងបានបិទសាលារៀនកាលពីដើមខែឧសភាហើយបានស្នើសុំអោយសិស្សងាកទៅរៀនពីចម្ងាយដោយប្រើបច្ចេកវិទ្យាអេឡិចត្រូនិច ចំពេលមានកំណើននៃការឆ្លងក្នុងមូលដ្ឋាន។ទោះជាយ៉ាងណាសិស្សធំៗត្រូវបានអនុញ្ញាតអោយវិលទៅរៀនតាមថ្នាក់វិញកាលពីថ្ងៃ០២មិថុនា។

កាលពីថ្ងៃសៅរ៍ ក្រោយចំនួនឆ្លងកូវីដ១៩ថ្មីបន្តធ្លាក់ចុះ គណៈកម្មាធិការអប់រំក្រុងបាននិយាយថា សិស្សបឋមសិក្សានិងមធ្យមសិក្សាទាំងអស់ក្នុងទីក្រុងនេះអាចវិលទៅរៀនតាមថ្នាក់ចាប់ពីថ្ងៃចន្ទទី២៧មិថុនា រីឯសាលាមត្តេយ្យនឹងបើកនៅថ្ងៃ៤កក្កដា។

ក្នុងពេលជាមួយគ្នា ក្រុងសៀងហៃបានរាយការណ៍អ្នកឆ្លងកូវីដប្រចាំថ្ងៃចំនួនសូន្យនាក់ជាលើកដំបូងគិតចាប់តាំងពីថ្ងៃ២៣កុម្ភៈ ទាំងចេញរោគសញ្ញានិងមិនចេញរោគសញ្ញា នៅ២៤ម៉ោងកន្លងទៅ។

លេខាបក្សក្រុងលោក លី គាំង (Li Qiang)បាននិយាយក្នុងពេលបើកសមាជបក្សក្រុងកាលពីថ្ងៃសៅរ៍ថា អាជ្ញាធរបាន«ឈ្នះសង្រ្គាមការពារទីក្រុងសៀងហៃ»ទល់នឹងកូវីដ១៩ ដោយសារតែអនុវត្តតាមការណែនាំរបស់លោកប្រធានាធិបតី ស៊ី ជីនភីងនិងថាវិធានការបង្ការជំងឺឆ្លងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង«ពិតជាត្រឹមត្រូវទាំងស្រុង»៕

ក្រុងសៀងហៃបានរាយការណ៍អ្នកឆ្លងកូវីដប្រចាំថ្ងៃចំនួនសូន្យនាក់ជាលើកដំបូងគិតចាប់តាំងពីថ្ងៃ២៣កុម្ភៈ