ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ក្រុមអ្នករុករកបានរកឃើញបំណែកនាវាលិចដ៏ជ្រៅបំផុតមិនធ្លាប់មាន ដែលត្រូវបានកំណត់អត្តសញ្ញាណជានាវាពិឃាដរបស់កងទ័ពជើងទឹកអាម៉េរិកដែលលិចក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។
នាវា USS Samuel B Robertsបានលិចក្នុងអំឡុងសមរភូមិនៅក្បែរឆ្នេរសាម៉ា (Samar) ក្នុងសមុទ្រហ្វីលីពីននៅខែតុលា ឆ្នាំ ១៩៤៤។ វាស្ថិតនៅក្នុងទឹកជម្រៅ ៦.៨៩៥ ម៉ែត្រ។
អ្នកផ្តល់ហិរញ្ញប្បទាននិងជាអ្នកផ្សងព្រេងនៅរដ្ឋតិចសាស លោក វីកទ័រ វេស្កូវ៉ូ (Victor Vescovo) ដែលជាម្ចាស់នាវាមុជទឹកមុជជម្រៅជ្រៅមួយ បានរកឃើញ នាវា “Sammy B”ដែលរក្សារូបរាងសឹងតែនៅដដែល។
នាវានេះមានភាពល្បីល្បាញសម្រាប់ការឈរជើងចុងក្រោយបំផុតយ៉ាងក្លាហានដើម្បីប្រឆាំងនឹងជប៉ុន។
ដោយចាញ់ប្រៀបទាំងចំនួននាវានិងអាវុធ នាវានេះនៅតែអាចទប់ទល់នឹងនាវាសត្រូវជាច្រើនគ្រឿង មុនពេលវាលិចទៅបាតសមុទ្រ។
ក្នុងចំណោមនាវិក ២២៤ នាក់របស់នាវា Samuel B Roberts មាន ៨៩ នាក់ត្រូវបានសម្លាប់។ អ្នកនៅរស់រានមានជីវិតចំនួន ១២០ នាក់បានតោងពោងសុវត្ថិភាពអស់រយៈពេល ៥០ម៉ោងដើម្បីរង់ចាំការជួយសង្គ្រោះ។
លោកវេស្កូវ៉ូ ដែលជាទាហានជើងទឹកក្នុងសម័យកាលរបស់គាត់ បាននិយាយថា វាគឺជាកិត្តិយសដ៏អស្ចារ្យក្នុងការកំណត់ទីតាំងនាវាលិចមួយនេះហើយតាមរយៈការធ្វើដូច្នេះគឺមានឱកាសដើម្បីនិយាយឡើងវិញនូវរឿងរ៉ាវវីរភាពដ៏អស្ចារ្យនិងកាតព្វកិច្ចរបស់វា។
លោកបានប្រាប់ BBC Newsថា “យើងសូមនិយាយថា ដែកមិនចេះកុហកទេ ហើយដូច្នេះបំណែកនាវាទាំងនេះគឺជាសាក្សីចុងក្រោយនៃសមរភូមិ ដែលពួកវាបានប្រយុទ្ធ”៕
នាវា USS Samuel B Roberts បានលិចក្នុងអំឡុងសមរភូមិនៅក្បែរឆ្នេរសាម៉ា (Samar) ក្នុងសមុទ្រហ្វីលីពីននៅខែតុលា ឆ្នាំ ១៩៤៤