ដោយៈ ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់ បាន​បើកបរ​ម៉ូតូ ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន បុក​រថយន្ត​ពី​ខាងក្រោយ ចំហៀង​ខាងឆ្វេង បណ្ដាល​ឲ្យ​ស្លាប់ កាលពី​វេលា​ម៉ោង ៧:៤០​នាទី ព្រឹក ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២២ ស្ថិតនៅ​លើផ្លូវ​៦០​ម៉ែត្រ ច្រកចូល​សាលាខណ្ឌ ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក សាំ​យ៉ុង ពណ៌​ទឹកប្រាក់ ផ្លាកលេខ 2AE 8419 បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់ឈ្មោះ បើក​មក​ឈប់ នៅលើ​ផ្លូវថ្នល់​៦០​ម៉ែត្រ មាន​ទិសដៅ​ពី​ខាងត្បូង ទៅខាង​ជើង ស្របពេលនោះ ស្រាប់​តែមាន​ម៉ូតូ មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ស្ពឺ 1B 8878 បើកប​ដោយ​បុរស​ម្នាក់ ឈ្មោះ ហ៊ុន ប៊ុ​ន្នី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ អាស័យដ្ឋាន ភូមិ​ស្វាយ​កើត ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បើកបរ​ក្នុងទិសដៅ​ពី​ខាងត្បូង ទៅខាង​ជើង ស្រប​ទិស​គ្នា (​ពាក់មួក​សុវត្ថិភាព​) មក​បុក​ពីក្រោយ​រថយន្ត ពេញទំហឹង បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ម្នាក់ ស្លាប់ ក្រោយពី​បញ្ជូនទៅ​មន្ទីរពេទ្យ ព្រមទាំង​ម៉ូតូ​ខូចខាត យ៉ាងដំណំ​។ ចំណែក​រថយន្ត នៅ​កន្លែងកើតហេតុ រង​ការខូចខាត រីឯ​ម្ចាស់ រត់​បាត់​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ វាស់វែង​រួច យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា នៅពេល​ក្រោយ​៕/V​