១-​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ជាថ្មី ចំពោះមុខ​នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​វៀតណាម ពី​ការមិន​ប្រគល់​ដី​ឱ្យ​វៀតណាម សូម្បី ១​មី​លី​ម៉ែត្រ

​ក្នុងឱកាស​អញ្ជើញ​ចូលរួម​អបអរសាទរ ខួប​លើក​ទី ៤៥​ឆ្នាំ នៃ​ដំណើរ​ឆ្ពោះទៅ​ផ្តួលរំលំ​របប​ខ្មែរក្រហម នៅ​ថ្ងៃទី​២០ ខែមិថុនា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​នៅ​ចំពោះមុខ​នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​វៀតណាម ដោយមាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ និង​ហ្វេ​ស​ប៊ុ​កថា សម្តេច នឹងមិន​ប្រគល់​ដី​ឱ្យ​វៀតណាម សូម្បី ១​មី​លី​ម៉ែត្រ​។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើងថា កម្ពុជា ក៏​មិន​ចង់បាន​ដី​ពី​វៀតណាម​ឡើយ​។ សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ប្រកាស​បន្ត​រក្សា​កិច្ចសហការ​ល្អជា​មួយ​វៀតណាម ពិសេស​ការបង្កើត​តំបន់​ព្រំដែន​ជា​តំបន់​សន្តិភាព និង​ការអភិវឌ្ឍន៍ ដោយ​ក្នុងនោះ តំបន់​យោធា​តេ​ជោ​កោះ​ថ្ម X16 ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​ប៉ិ​ញ​ភឿ​ក របស់​វៀតណាម ក៏​គ្រោង​នឹង​អភិវឌ្ឍ៍​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង់ នៅពេល​ខាងមុខ​។

២-​សម្តេច​ក្រឡាហោម ស ខេង ណែ​នាំឱ្យ​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែល​ឈ្នះឆ្នោត កុំ​ឌឺដង​អ្នកចាញ់​ឆ្នោត

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ វត្ត​ពោធិ​រង្សី ហៅ វត្ត​ត្រពាំង​ទទឹម ស្ថិត​ក្នុងភូមិ​ត្រពាំង​ទឹម ឃុំ​ព្រាល ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង កាលពី​ថ្ងៃអាទិត្យ ទី​១៩ ខែមិថុនា សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែល​ឈ្នះ​ការបោះឆ្នោត​ត្រូវ​សងគុណ​ប្រជាពលរដ្ឋ ព្រោះ​ម្ចាស់​សិទ្ធិ ម្ចាស់​អំណាច​ឱ្យ​យើង ធ្វើ​មេឃុំ​នេះ គឺ​ពលរដ្ឋ​។ ដូច្នេះ​ត្រូវ​បម្រើ​ពួកគាត់​ឱ្យ​អស់ពី​លទ្ធភាព​។ សម្តេច​ក៏បាន​ណែនាំ​ដល់​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែល​ឈ្នះ​ការបោះឆ្នោត កុំ​អួតអាង និង​កុំ​ឌឺដង​អ្នក​ចាញ់ឆ្នោត ដែល​សម្តេច ចាត់ទុក​ទង្វើ​នេះ​ថា គ្មាន​បាន​ប្រយោជន៍​នោះទេ​។​

៣-​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម ចាត់ទុក​កម្ពុជា ជា​ប្រទេស​សន្តិ​សហ​វិជ្ជមាន​ខាង​សាសនា

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃទី​២១ ខែមិថុនា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម ដឹកនាំ​ដោយ​អគ្គលេខាធិការ លោក​បណ្ឌិត មហាម៉ាត់ អាប់​ឌុល​ការី​ម អាល់​អ៊ី​សា​។ លោក​បណ្ឌិត មហាម៉ាត់ អាប់​ឌុល​ការី​ម អាល់​អ៊ី​សា បានចាត់ទុក​ប្រទេស​កម្ពុជា ជា​ប្រទេស​គំរូ​មួយ​លើ​ពិភពលោក ដែល​ផ្តល់​សេរីភាព​គ្រប់គ្រាន់ សម្រាប់​ពលរដ្ឋ​គោរព​ជំនឿ​សាសនា​រៀងៗ​ខ្លួន ដោយ​មិន​ការ​រឹតត្បិត​។ លោក​បណ្ឌិត​អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម បន្ថែមថា អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម នឹង​យក​បទពិសោធន៍​ល្អៗ ពី​កម្ពុជា ទៅ​ចែករំលែក នៅតាម​វេទិកា​ផ្សេងៗ ជាមួយ​ថ្នាក់ដឹកនាំ​ដទៃទៀត​ផងដែរ​។​

៤-​សម្ដេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ចប់​អាណត្តិ​ការងារ​ការទូត​ពី​កម្ពុជា

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២១ ខែមិថុនា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា ដែល​បានបញ្ចប់​អាណត្តិ​ការងារ​ការទូត​របស់​ខ្លួន ពី​ព្រះរាជាណាចក្រ​កម្ពុជា​។ ជំនួប​ពិភាក្សា​ការងារ​នោះ បានធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។

៥-​សម្តេច​តេ​ជោ ហ៊ុន សែន​៖ រាជរដ្ឋាភិបាល ចងចាំ​ជានិច្ច​នូវ​ការលះបង់ និង​គុណបំណាច់​របស់​អតីតយុទ្ធជន

​នៅក្នុង​ឱកាស​ខួប​លើក​ទី​១៥ ទិវា​អតីតយុទ្ធជន ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២ នេះ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា បានចេញ​សារលិខិត ចូលរួម​អបអរសាទរ ដោយ​សម្តេច លើកឡើងថា ទាំង​រាជរដ្ឋាភិបាល ទាំង​ប្រជាជន​ទូទាំងប្រទេស នៅតែ​ចងចាំ​ជានិច្ច​នូវ​ការលះបង់ និង​គុណបំណាច់​ដ៏​ធំធេងរ​បស់បង​ប្អួ​ន​អតីតយុទ្ធជន​គ្រប់រូប ចំពោះ​ជាតិ​មាតុភូមិ​។​

៦-​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើឱ្យ​ជប៉ុន បន្ត​ពង្រីក​បន្ថែមទៀត លើ​កិច្ចសហការ​ផ្នែក​យោធា​ជាមួយ​កម្ពុជា

​កាលពី​ថ្ងៃទី​២២ ខែមិថុនា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា តាមរយៈ​រដ្ឋមន្ដ្រី​ការពារជាតិ​ជប៉ុន បានស្នើ​ឱ្យ​ជប៉ុន បន្ត​ពង្រឹងពង្រីក​កិច្ចសហការ​ផ្នែក​យោធា​បន្ថែមទៀត​ជាមួយ​កម្ពុជា​។ បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី កិច្ចសហការ​រវាង​ប្រទេស​ទាំងពីរ ល្អប្រសើរ​ហើយ នាពេល​បច្ចុប្បន្ន តែ​សម្តេច​ចង់ឃើញ​កម្រិត​នៃ​សហប្រតិបត្តិការ​ផ្នែក​យោធា​រវាង​ប្រទេស​ទាំងពីរ កាន់តែ​ល្អប្រសើរ​មួយកម្រិត​ថែមទៀត ពិសេស​ការផ្លាស់ប្តូ​រទ​ស្សន​កិច្ច ការបណ្ដុះបណ្ដាល​នាយទាហាន​វ័យក្មេង លើ​ការងារ​មនុស្សធម៌ និង​សង្គ្រោះ​គ្រោះមហន្តរាយ ជាដើម​។​

៧-​កម្ពុជា បាន​បំពេញ​តួនាទី​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន បាន​ពេញលេញ ដោយ​គ្មាន​ការរើសអើង​

​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន លើក​ទី​១៦ ដែល​រៀបចំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២២ ខែមិថុនា បានបញ្ចប់​ដោយ​ភាពជោគជ័យ​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា និង​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន បាន​បញ្ជាក់ថា កម្ពុជា​បាន​បំពេញ​តួនាទី​ជា​ម្ចាស់ផ្ទះ​បាន​ពេញលេញ ដោយ​គ្មាន​ការរើសអើង​សមាជិក​អាស៊ាន​ណាមួយ​នោះទេ​។​

៨-​សម្តេច​តេ​ជោ ហ៊ុន សែន ថ្វាយ​សារលិខិត​ជូន​ព្រះមហាក្សត្រ សម្តេចម៉ែ ជម្រាបជូន​ថ្នាក់ដឹកនាំ និង​ជនរួមជាតិ ពី​ការកែតម្រូវ​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​សម្តេច​

​បន្ទាប់ពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​លិខិត​សម្រេច​កែតម្រូវ​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​សម្តេច​រួច​មក សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សរសេរ​សារលិខិត ទូលថ្វាយ​ព្រះមហាក្សត្រ សម្តេចម៉ែ ជម្រាបជូន​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ និង​បង​ប្អួ​ន​ជនរួមជាតិ អំពី​ការកែតម្រូវ​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​សម្តេច ពីថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​១៩៥១ ទៅជា​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​១៩៥២ ជា​ថ្ងៃកំណើត​ពិតប្រាកដ​រប​ស់ស​ម្តេច​វិញ​។​

៩-​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ BRICS Plus ដែល​ចិន ធ្វើជា​ម្ចាស់ផ្ទះ

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ «BRICS Plus» ដែល​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​យប់​ថ្ងៃទី​២៤ ខែមិថុនា​។ នៅ​ចំពោះមុខ​មេដឹកនាំ​មក​ប្រទេស​ប្រេ​ស៊ី​ល រុស្ស៊ី ឥណ្ឌា អាហ្វ្រិក​ខាងត្បូង និង​ប្រទេស​កំពុងអភិវឌ្ឍន៍​មួយចំនួន​ផ្សេងទៀត សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ ផ្តោតលើ​ការរួម​គ្នា​ស្តារ​សេដ្ឋកិច្ច​ទ្បើង​វិញ ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ក៏ដូចជា​ការអនុវត្ត​ន៍​គោលការណ៍​ពហុភាគី​និយម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដោយ​ផ្អែកលើ​វិធាន​ច្បាប់ ជាដើម​។​

១០-​ប្រាំបួន​គណបក្ស ជាប់ឆ្នោត នៅក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ កាលពី​ថ្ងៃទី​៥​មិថុនា

​កាលពី​ថ្ងៃទី​២៤ ខែមិថុនា គ​.​ជ​.​ប បានប្រកាសថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ដែល​បាន​បោះឆ្នោត កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ មាន​គណបក្សនយោបាយ ចំនួន ៩ គណបក្ស បាន​ជាប់ឆ្នោត ទទួលបាន​អាសនៈ​នៅ​ក្រុមប្រឹក្សាឃុំ​សង្កាត់ ទូទាំងប្រទេស​។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ច្រើនជាងគេ រហូតដល់​ជាង ៩០០០​អាសនៈ បន្ទាប់មក​គណបក្ស​ភ្លើងទៀន ជាង ២០០០​អាសនៈ និង​តិចជាងគេ គឺ​គណបក្ស​កម្ពុជា​និយម និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទទួលបាន​ក្នុង​គណបក្ស​និ​មួយៗ តែ ១​អាសនៈ​ប៉ុណ្ណោះ​។​

១១-​កិច្ចប្រជុំ​ប្រចាំឆ្នាំ លើក​ទី​៥ របស់​អាយ​ប៉ា ស្ដីពី បញ្ហា​គ្រឿងញៀន ចាប់ផ្ដើម​ហើយ នៅ​ថ្ងៃទី​២៤​មិថុនា​នេះ​

​សមាជិក​មហាសន្និបាត​កិច្ចប្រជុំ​អន្ដរ​សភា​អាស៊ាន ហៅ​កាត់​ថា អាយ​ប៉ា (AIPA) ទាំង ១០ ប្រទេស ក្នុង​សហគមន៍​អាស៊ាន រួមមាន​៖ ប្រទេស​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សឹង្ហ​បុរី ថៃ និង​ប្រទេស​វៀតណាម បាន​បើក​កិច្ចប្រជុំ លើក​ទី​៥ ស្ដីពី បញ្ហា​គ្រឿង​ញៀ់​ន ក្រោម​ប្រធានបទ “​ការដោះស្រាយ​កត្តា​ប្រឈម​ទាំងអស់គ្នា ដើម្បី​អាស៊ាន គ្មាន​គ្រឿងញៀន​។ កិច្ចប្រជុំ កាលពី​ថ្ងៃទី​២៤ ខែមិថុនា បានធ្វើ​ឡើង​ពេញ​មួយថ្ងៃ នៅ​វិមាន​រដ្ឋសភា តាមរយៈ​ប្រព័ន្ធ​វីដេអូ​៕​