ដោយ: សុវណ្ណកុម្ភៈ/ ភ្នំពេញ: វិទ្យាស្ថានខេមអេដ បានដាក់ក្ដីសង្ឃឹមថាក្នុងព្រឹត្តិការណ៍ប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យសិក្សាបច្ចេកទេសថ្នាក់ជាតិប្រចាំឆ្នាំ២០២២ ដែលកំពុងដំណើរការនេះក្រុមបាល់បោះទាំងបុរស នារីរបស់ខ្លួនកំពុងតែសង្ឃឹមប្រជែងបានមេដាយល្អ។
បើមើលពីលទ្ធផលនៃការប្រកួតជម្រុះវិលជុំ គឺក្រុមបាល់បោះបុរសវិទ្យាស្ថានខេមអេដបានយកឈ្នះ២ប្រកួត ដោយប្រកួតឈ្នះក្រុមសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅប្រកួតទី១ ដោយលទ្ធផលបច្ចេកទេស៩៦ទល់៥៨និងបន្តយកឈ្នះនៅប្រកួតទី២លើក្រុមវិទ្យាស្ថានផារ៉ាហ្គេម ក្នុងលទ្ធផល ១០៩ទល់៦១។សម្រាប់ក្រុមបាល់បោះនារីវិទ្យាស្ថានខេមអេដបានយកឈ្នះវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយលទ្ធផល ៣៨ទល់១៨ ។
តាមការបញ្ជាក់ពីមន្ត្រីបច្ចេកទេសនៃសហព័ន្ធកីឡាបាល់បោះកម្ពុជាដែលសហការរៀបចំជាមួយក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថាប្រភេទកីឡាបាល់បោះនេះផ្នែកបុរសមាន៦ក្រុមចូលរួមខណៈផ្នែកនារីមាន៤ក្រុម។ក្នុងផ្នែកបុរសនិងផ្នែកនារីត្រូវប្រកួតវិលជុំចំនួន១ជុំយកចំណាត់ថ្នាក់តែម្តង។
នាយកវិទ្យាស្ថានខេមអេដ (CamEd Business School) លោក ខេស៊ី បាណេត (Casey Barnett) មាន ប្រសាសន៍ថា សម្រាប់ការចូលរួមប្រកួតកីឡាឧត្តមសិក្សាថ្នាក់នេះ គឺវិទ្យាស្ថានខេមអេដចូលរួម កីឡារួមមាន៖ បាល់បោះ (បុរស-នារី) តេក្វាន់ដូ WT (នារី) ហែលទឹក (បុរស-នារី) វាយសី (បុរស-នារី) តេក្វាន់ដូ ITF (បុរស-នារី) ការ៉ាតេ (នារី) អត្តពលកម្ម (បុរស-នារី) និងវាយកូនឃ្លីលើតុ (បុរស)។
លោកបញ្ជាក់ ថា កីឡាករ កីឡាការិនី ដែលជានិស្សិតរបស់ខេមអេដ ចូលរួមសរុបមាន ចំនួន ៤៥នាក់ ដោយក្នុងនោះមាននិស្សិតនារី ២៣នាក់ និងបុរស ២២នាក់។ គិតមដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ និស្សិតខេមអេដបានចាប់ផ្តើមការប្រកួតខាងប្រភេទកីឡាបាល់បោះផ្នែកនារី និងបុរស ជាមួយនឹងក្តីសង្ឈឹមខ្ពស់ថានឹងដណ្តើមបានមេដាយ លើប្រភេទកីឡាបាល់បោះនេះ។សម្រាប់ប្រភេទកីឡាផ្សេងៗទៀតបន្ទាប់ពីចាប់ឆ្នោតចែកពូលថ្ងៃទី២៥មិថុនារួចរាល់នោះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២៕