ដោយ​: ចាន់តូ​/​ភ្នំពេញ​: កាល​វេលា​ម៉ោង​១១:៣០​នាទី​យប់​ថ្ងៃ​សៅរ៍ ទី​២៥ ខែមិថុនា ឆ្នាំ​២០២២ យុវជន​ម្នា​ក់បាន​ស្លាប់​ក្រោម​រថយន្ត​កុងតឺន័រ បន្ទាប់ពី​ជិះ​ម៉ូត​ទាក់ ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​បណ្ដាល​ឲ្យ​ដួល​ខ្ទាតចូល​រថយន្ត​កុងតឺន័រ កិន​ស្លាប់​ភ្លាមៗ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ចំណុច​មុខ មន្ទីរពេទ្យ​ឯករាជ្យ​១ ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ វាសនា សីហា អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ក្បាលដំរី ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ស្វាយរៀង ១E ៣៨៥៥ តែម្នាក់ឯង​។ ចំណែកឯ​រថយន្ត​ម៉ាក​ហ៊ី​ណូ ប្រភេទ​សណ្តោង​ទូរ​កុងតឺន័រ ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣F ១៧២៨ អ្នកបើករថយន្ត​បាន​រត់​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​រួច​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ ចំណែក​សព​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​