ដោយៈ ទេពកង្រី/កំពង់ឆ្នាំងៈ មនុស្សពីរនាក់បានស្លាប់ និង៦នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំដឹកត្រីពីរគ្រឿងបុកគ្នានៅលើកំណាត់ផ្កូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៣ និង៦៤ ស្ថិតក្នុងភូមិសូរ្យវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាវេលាម៉ោង៦:៥៧នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកស្រុកកំពង់ត្រឡាចបានអោយដឹងនៅកន្លែងកើតហេតុថា រថយន្តរថយន្តដឹកត្រីទាំងពីរគ្រឿងនេះធ្វើដំណើរច្រាស់ទិសគ្នាដែលរថយន្តមួយគ្រឿង ម៉ាក FRONTER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២N ៤៩៤៤ បើកបរដោយឈ្មោះ សឿន រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ រស់នៅក្នុងភូមិស្វាយទោល ឃុំជ្រៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង និងមានអ្នករួមដំណើរពីរនាក់ គឺ ឈ្មោះ ផាម យ៉ាំងផាម ភេទស្រី ជនជាតិវៀតណាម (ស្លាប់) រស់នៅក្នុងភូមិព្រែកល្វា ឃុំពញ្ញាឮ ស្រុកពញ្ញាឮ ខេត្តកណ្ដាល និងម្នាក់ទៀតមិនស្គាល់ឈ្មោះនិងអាសយដ្ឋាន។
ដោយឡែករថយន្តម្ខាងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង ១A ១៤២៧ បើកបរដោយឈ្មោះ ធី ផារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ដោយមានមនុស្ស៤នាក់រួមដំណើររួមមាន៖ ១.ឈ្មោះខាត់សារុំ ភេទប្រុស អាយុ៣២ឆ្នាំ, ២.ឈ្មោះ ជួប កុម្ភៈ ភេទប្រុស អាយុ៣៣ឆ្នាំ, ៣.ឈ្មោះធី ឆៃរិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ និងម្នាក់ផ្សេងទៀតមិនស្គាល់អត្តសញ្ញាណ។
ក្រោយពេលកើតហេតុអ្នកស្លាប់ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារសពនាំយកទៅធ្វើបុណ្យតាមប្រពៃណីដោយឡែកអ្នករងរបួសធ្ងន់ និងស្រាលត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយរបស់មន្ទីពេទ្យ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចផងដែរ ។
ដោយឡែករថយន្តទាំង ២ គ្រឿងត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅអធិការនគរបាលស្រុកកំពង់ត្រឡាចដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសមត្ថកិច្ចនគរបាលចរាចរស្រុកកំពង់ត្រឡាចបានធ្វើការសន្និដ្ឋានថាបណ្ដាមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿន ៕