​ដោយ​: សុខុម​/​រតនគិរី​: ស្ត្រី​ជនជាតិដើម​ភាគតិច​ទំពួន​រស់ នៅ​ខេត្ត​រតនគីរី​មកទល់នឹង​បច្ចុប្បន្ន​នៅតែ​បន្ត​រក្សា​ប្រពៃណី​ត្បាញ​ក្រណាត់​ធ្វើ​ពី​អំបោះ​ដើម្បី​កែច្នៃ ជា​សម្លៀកបំពាក់ និង​សម្ភារៈប្រើប្រាស់​ផ្សេងៗ​ប្រចាំថ្ងៃ​។​

​មុខរបរ​ត្បាញ​ក្រណាត់​នេះ មាន​តាំងពី​យូរណាស់​មកហើយ​។ ដោយ​ការ​ត្បាញ​ក្រណាត់ ពី​ដើម​បងប្អូន​ជនជាតិ ដើម​ភាគតិច​បាន​យក​កប្បាស កី និង​ប្រើ​វិធី​ជ្រលក់​ក​ស្លឹក​រុក្ខជាតិ​ឱ្យ​អំបោះ​ក្លាយជា​ពណ៌​។ ក៏ប៉ុន្តែ វត្ថុធាតុដើម​ពិបាក​រក​ទើប​សព្វថ្ងៃ ស្ត្រី ជនជាតិ​ទំពួន​បាន​ទិញ​អំបោះ ដែលមាន​ពណ៌​ស្រាប់​ពី​ផ្សារ​បាន​លុង យកមក​ត្បាញ​ជា​ក្រណាត់​ច្នៃ បានជា​ច្រើន​មុខ​សម្រាប់​ប្រើប្រាស់​នៅក្នុង​គ្រួសារ​។ ក្រោយពី​ត្បាញ​រួច​មួយផ្នែក​ខ្លះ​បាន​យកទៅលក់​នៅ​រមណីយដ្ឋាន បឹង​យក្ខ​ឡោម ឬក៏​ផ្សារ​បាន​លុង និង​អ្នកបញ្ជា​ទិញ​។ មុខរបរ​ត្បាញ​ក្រណាត់​នេះ ក៏បាន​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ​ថែម​មួយកម្រិត​។​

​ប្រពៃណី​ត្បាញ​ក្រណាត់​ជនជាតិដើម​ភាគតិច​ទំពួន គេ​មាន​ត្រណម​មិន​ឲ្យ​បុរស​ត្បាញ​ក្រ ណាត់​បានទេ​។ ចាស់ៗ​មានជំនឿថា បើសិនជា​បុរស​ត្បាញ​ក្រណាត់​ពេល​ដើរចូល​ព្រៃ​នឹងត្រូវ​សត្វ​ខ្លាខាំ​។​ហេតុនេះហើយ​បានជា​គេ​មិន​អនុញ្ញាតអោយ​បុរស​មក​ត្បាញ​ក្រណាត់​។​ទម្លាប់​មួយទៀត​ពេល​ត្បាញ​ក្រណាត់​អ្នកភូមិ​ជនជាតិដើម​ភាគតិច​ក៏មាន​ពិធី​សែន​ផងដែរ​។ ពិធី​សែន​នោះគេ​មិន​ប្រើ​ធូប​ទៀន​ឡើយ គឺ​តែងតែ​កាប់​មាន់ និង​កាប់​ជ្រូក យក​គ្រឿងក្នុង ដែលមាន​ឈាម​ទៅ​ក្រលៀស​ជាមួយ​មាត់​ស្រា​ពាង​។ ហើយ​យក​គ្រឿងក្នុង​មាន់​ឬ​ជ្រូក ទៅ​ដោត​ជាមួយ​ឈើ​រួច​ធ្វើ​ពិធី​សុំ​ម្ចាស់​ទឹក ម្ចាស់​ដី អារក្សអ្នកតា ដើម្បី​មាន​សុខ​សប្បាយ​ដល់​ក្រុមគ្រួសារ​។​

​ពិធី​សែន​នេះ គឺ​គេ​តែងតែ​ធ្វើ​នៅពេល​ក្រោយ​ត្បាញ​ក្រណាត់​រួចរាល់​បាន​ច្រើន​។ នៅក្នុង​ពិធី សែន​នោះគេ​ក៏​មិន​អនុញ្ញាតឱ្យ អ្នក​ពី​ក្រៅ​ចូលទៅ​ថត​ក្នុង​បរិវេណ​រៀបចំ​ពិធី​សែន​បានទេ​។ ក្រៅពីនេះ​ពេល​បង្ហាត់បង្រៀន​ដល់​អ្នកជំនាន់ក្រោយ​ក៏ត្រូវ​មាន​រៀបចំ​ពិធី​សែន​ផងដែរ​។

​ផ្ទុយ​ពីនេះ​បើសិនជា​ត្បាញ​ក្រណាត់​យកទៅលក់​ដោយ​មិនបាន​សែន គេ​មានជំនឿថា ស្ត្រី​ដែល​ត្បាញ​នោះ​នឹង​ងងឹតភ្នែក​។​

​ទំនៀមទម្លាប់​ខាងលើនេះ​បាន​បន្ត​រក្សា​រហូត មកដល់​សព្វថ្ងៃ​។ អង្គុយ​សណ្ដូកជើង​ទាំង ពីរ​ទៅមុខ​លើ​កន្ទេល​ក្រាល​ផ្ទាល់​ដី​ក្រោមផ្ទះ ជាមួយ​កាយវិការ​ដៃ​ទាំងសងខាង​រស់​រវើក​គឺជា​សកម្មភាព ត្បាញ​ក្រណាត់ របស់​បងប្អូន​ជន ជាតិ​ដើម ភាគតិច​ទំពួន រស់នៅ​ភូមិ​ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្ត​រតនគីរី​។​

​ស្ត្រី​ឈ្មោះ បឺត ហ្លុ​ន វ័យ​៥២ ឆ្នាំ ជនជាតិដើម​ភាគតិច​ទំពួន​រស់នៅ​ភូមិ​ខាងលើនេះ បាន​និយាយ​រៀបរាប់ថា មុខរបរ​ត្បាញ​ក្រណាត់ គឺជា​ការងារ​របស់​ស្ត្រី​ជនជាតិដើម​ភាគតិច ដើម្បី​ត្បាញ​ក្រណាត់​យកទៅ​ប្រើប្រាស់ និង​លក់​តាម​ការបញ្ជាទិញ​។ មុខរបរ​មួយ​នេះ​គឺជា​ទំនៀមទម្លាប់​ដែល​កើតមាន​តាំងពី​បុរាណ​មកហើយ​។​

​ស្ត្រី​ជនជាតិ​ទំពួន​ម្នាក់ទៀត ជា​អ្នកលក់​ក្រណាត់​ជនជាតិភាគតិច​នៅ​រមណីយដ្ឋាន​បឹង​យក្ខ​ឡោម ឈ្មោះ វិ តូ​ញ​​បាន​រៀបរាប់​ពី​ការលក់ដូរ​ក្រណាត់ ដែល​បាន​ច្នៃ​សម្រាប់​ប្រើប្រាស់ និង​ទុកជា​អនុស្សាវរីយ៍​លក់​ជូន​ភ្ញៀវ​ទេសចរណ៍ ដោយ​បង្ហាញ​ពី​ការព្រួយបារម្ភ ខ្លាច​បាត់បង់​ទំនៀមទម្លាប់​ប្រពៃណី ជនជាតិដើម​ភាគតិច​ទំពួន​។​

​ក្រៅពី​ជា​អ្នកលក់ដូរ​នៅក្នុង​សហគមន៍​រមណីយដ្ឋាន​បឹង​យក្ខ​ឡោម អ្នកស្រី​ក៏​ជា​គ្រូបង្រៀន​ត្បាញ​ក្រណាត់​ដល់​ស្ត្រី​ជនជាតិ​ទំ​ពូន​ផងដែរ គឺ​នៅតែ​ចង់ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​រក្សា​ប្រពៃណី​របស់ខ្លួន​ឱ្យបាន​ល្អ​។​

​លោក ថុល យុ​ពង្ស ប្រធានការិយាល័យ​សិប្បកម្ម​សូន​រូប និង​ទទួលបន្ទុក​ការងារ​មរតក​អរូបី​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តរតនគិរី​បាន​និយាយថា ដើម្បី​កុំ​ឲ្យ​វប្បធម៌​ប្រពៃណី​មួយ​នេះ​បាត់បង់​ខាង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តរតនគិរី ក៏បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ចងក្រង​ប្រពៃណី​ត្បាញ​ក្រណាត់​របស់​ស្ត្រី​ជនជាតិ​ទំពួន​គ្រោង​នឹងដាក់​បញ្ជូនទៅ​ក្រសួង​ដើម្បី​សុំ​បញ្ចូល​ជា​ឯកសារ​កត់​ត្រាទុក​បោះពុម្ព​ជា​សៀវភៅ​ប្រពៃណី​តម្បាញ​ក្រណាត់​ជនជាតិដើម​ភាគតិច​ទំពួន​ខេត្តរតនគិរី​។​

​លោក ថុល យុ​ពង្ស បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តរតនគិរី ក៏បាន​រៀបចំ​ចងក្រង​ប្រពៃណី​មុខម្ហូប​នៅតាម​តំបន់​ជនជាតិ​ទាំង​៨ ស្នើសុំ​ទៅ​ក្រសួង និង​កំពុង​បន្ត​បន្ថែមទៀត ក្រោម​ការដឹកនាំ​របស់​លោក ឆាយ សាវុធ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តរតនគិរី​។ ក្នុងនោះ​ប្រពៃណី​មួយចំនួន​ត្រូវបាន​កត់ត្រា​ទុក​បោះពុម្ព​ជា​សៀវភៅ និង​មានការ​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​៕​