​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ប្រធានាធិបតី​អាម៉េរិកលោក ចូ បៃ​ដិន បាន​ចេញដំណើរ​ទៅ​ពង្រឹង​សម្ពន្ធភាព​សកល​មួ​យ​និងបន្ថែមការ​ដាក់ពិន័យ​រុស្ស៊ី​ចំពោះ​ការឈ្លានពាន​អ៊ុ​យក្រែន នៅ​ពេល​លោក​ចាប់ផ្តើម​ដំណើរ​​ទស្សនកិច្ច​នៅ​អឺរ៉ុប​ចំនួន​ប្រាំ​ថ្ងៃ ខណៈ​ដែល​សង្គ្រាម​ចំណាស់​បួន​ខែ​មិន​បង្ហាញ​សញ្ញា​ណា​ថា​វា​នឹង​ថមថយ​ចុះ​ហើយ​វិបត្តិ​ស្បៀង​និង​ថាមពល​សកល​ក៏កាន់តែ​ធ្ងន់ធ្ងរ​ទៅ​។​

​លោកបៃ​ដិន​ដំបូង​នឹងចូលរួម​កិច្ចប្រជុំ​ក្រុម​ប្រទេស​មាន​ឧស្សាហ​កម្ម​ជឿនលឿន​ទាំង​ប្រាំពីរ​(G7)​នៅ​ប្រទេស​អាឡឺម៉ង់ ហើយ​ក្រោយមក​នឹង​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​ម៉ា​ឌ្រី​ដ​សំរាប់​ជំនួប​កំពូល​មួយ​ជា​​មួយ​ក្រុម​មេដឹកនាំ​សមាជិក​អង្គការ​ណា​តូ​ទាំង៣០​ប្រទេស​។​

​ដំណើរ​ទស្សនកិច្ច​នេះ​កើត​ឡើង​នៅ​ពេល​ក្រុមចំរុះ​សកល​ប្រឹងប្រែង​គាំទ្រ​ជួយ​អ៊ុយ​ក្រែ​ន​និង​បង្កើន​ការដាក់​ពិន័យរុស្ស៊ី​ចំពោះ​ការ​ចូល​ឈ្លានពាន​ប្រទេស​ក្បែរ​ខាង​ខ្លួន នៅពេល​មិន​មាន​សញ្ញា​នៃ​ការ​ថមថយ​ចុះ​​ការប្រយុទ្ធ​គ្នា ហើយ​អតិផរណា​ហក់​ឡើង​កប់​ពពក​ទៅលើ​តំលៃ​ស្បៀង​និង​ថាមពល​។​

​លោកបៃ​ដិន ដែល​បាន​ទៅដល់​អាឡឺម៉ង់​កាលពី​ថ្ងៃ​សៅរ៍ និង​ក្រុម​មេដឹកនាំ​G7​មានបំណង​ប្រកាស​ផែនការ​ហាម​នាំចូល​មាស​ពី​រុស្ស៊ី នេះ​បើ​តាម​ប្រភពព័ត៌មាន​ដែល​ដឹង​ផែនការ​របស់​សេត​វិមាន​។​

​មាស​ជា​ទំនិញ​នាំចេញ​ធំ​ទី​ពីរ​របស់​រុស្ស៊ី​បន្ទាប់​ពី​ថាមពល​។​

​សង្គ្រាម​អ៊ុយ​ក្រែន​ពេលនេះបាន​ចូល​ដល់​ដំណាក់កា​ល​សង្កៀត​ធ្មេញ​ដាក់​គ្នា​ខ្លាំង​ឡើង​ចាប់តាំងពី​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​របស់​លោកបៃ​ដិន​នៅ​អឺរ៉ុប​កាលពី​ខែ​មីនា នៅ​ពេល​តែ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​រុស្ស៊ី​ធ្វើ​​ការវាយប្រហារ​ចូល​អ៊ុ​យក្រែន​។​ពេលនោះ​លោក​បាន​ជួប​សម្ពន្ធមិត្ត​នៅក្នុង​ទីក្រុង​ព្រុច​សែ​លហើយ​លោក​បាន​ព្យាយាម​ធានា​ដៃគូ​នៅ​អឺរ៉ុប​ខាងកើត​ថា​​ពួកគេ​នឹង​មិន​ក្លាយជា​គោលដៅ​បន្ទាប់​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី​ឡើយ​៕

​បៃ​ដិន​ចេញដំណើរ​មក​ដល់អឺ​រ៉ុប​កាលពី​ថ្ងៃ​សៅរ៍​