ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅវេលា​ម៉ោង ៥ ថ្ងៃទី​២៥ មិថុនា ២០២២ ក្មេងស្រី​ម្នាក់ បាន​ចុះ​លេង​ទឹកស្រះ​ក្រោយ​ផ្ទះ បណ្តាលឱ្យ​លង់​ស្លាប់​ខណៈពេល​ក្មេងស្រី​ម្នាក់​នោះ មក​រស់នៅ​ជាមួយ​ជីដូន ចាស់ជរា ។​

​លោក​វរសេនីយ៍ឯក ខែម វិបុល អធិការ​នគ​បាល​ស្រុក​ទឹកផុស បានឱ្យដឹង នៅ​ថ្ងៃទី​២៦ មិថុនា នេះ​ថាៈ ក្មេងស្រី​រងគ្រោះ មានឈ្មោះ លី ស្រី​ពេជ្រ អាយុ ១២ ឆ្នាំ រស់នៅ​ជាមួយ​ជីដូន ចាស់ជរា ក្នុងភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ឪពុក​ឈ្មោះ លី ប្រុស ម្តាយ ឈ្មោះ វង់ ភឺន នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ។ ក្មេងស្រី​រងគ្រោះ មក​រស់នៅ​ជាមួយ​ជីដូន ឈ្មោះ ជឹម យ៉​ន នៅ​ភូមិ ឃុំ កើតហេតុ ។​

​លោក​អធិការ នគ​បាល​ស្រុក​ទឹកផុស បានឱ្យដឹង​ទៀតថាៈ នៅ​មុនពេល​កើតហេតុ ក្មេងស្រី​រងគ្រោះ ខាងលើ បាន ទៅ​មុជ​ទឹកស្រះ ជាមួយ​ប្អូនប្រុស​ម្នាក់ទៀត ហើយ​បាន​រអិល ជើង ធ្លាក់ចូល​ក្នុង​ស្រះ​ទឹក ខាងក្រោយ​ផ្ទះ ដោយ​ឃើញ​បងស្រី មិនឃើញ​ឡើងមក​វិញ ប្អូនប្រុស បានរ​ត់ទៅ​ហៅ​ជីដូន ហើយ​បាន​ស្រែក​ឆោឡោ ឱ្យ​អ្នកស្រុក ជួយ​ចុះ​រាវរក ដើម្បី​យកមក​សង្គ្រោះ តែ​ក្មេងស្រី​រងគ្រោះ ខាងលើ បាន​ស្លាប់​បាត់ទៅហើយ ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន បាន​ពិនិត្យ សាកសព និង​បានធ្វើ​កំណត់ ហេតុ រួច​ប្រគល់ឱ្យ​ក្រុមគ្រួសារ សាច់ញាតិ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕/V​