​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កងកម្លាំង​រុស្ស៊ី​កំពុង​ស្វះស្វែង​លេប​យក​ទី​តាំង​ឈរជើង​ចុងក្រោយ​របស់​អ៊ុយ​ក្រែន​នៅ​តំបន់លុន​ហាន់​សខ៍ភាគ​ខាងកើត ដោយ​ជំរុញ​ការ​រុលទៅមុខ​ក្រោយ​ការ​ចូល​កាន់​​កាប់​ទាំងស្រុង​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​សខ៍និង​រោងចក្រ​គីមី​មួយ កន្លែង​ដែល​ទាហាន​អ៊ុយ​ក្រែ​ន​និង​ជន​ស៊ីវិល​រាប់រយ​នាក់​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ទីនោះ​។​

​រុស្ស៊ី​ក៏បាន​បាញ់​កាំជ្រួច​រាប់សិប​ដើម​ទៅ​លើ​តំបន់​ជាច្រើន​នៅ​ទូទាំង​ប្រទេស​នៅ​ឆ្ងាយៗ​ពី​សមរភូមិ​ខាងកើត​។​កាំជ្រួច​ខ្លះ​ត្រូវ​បាន​បាញ់​ចេញពី​យន្តហោះ​ទម្លាក់​គ្រាប់បែកចម្ងាយ​ឆ្ងាយធុន​Tu-22​ចេញពី​បេឡា​រូស​ជា​លើក​​ដំបូង​។​

​ការបាញ់​ផ្លោង​និង​ទម្លាក់​គ្រាប់បែក​នេះ​កើត​ឡើង​មុន​ជំនួប​មួយ​រវាង​មេដឹកនាំ​រុស្ស៊ី និង​បេឡា​រូ​ស ដែល​ក្នុងអំឡុងពេល​ប្រជុំ​នេះ​មេដឹកនាំ​រុស្ស៊ី​បាន​សន្យា​ផ្តល់​អោយ​បេឡា​រូ​សនូ​ប្រព័ន្ធ​កាំជ្រួច​Iskander-M ។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​យប់​ថ្ងៃ​សៅរ៍​ថា​កងកម្លាំង​រុស្ស៊ី​និង​កងកម្លាំង​ផ្តាច់​ទឹកដី​ឥឡូវ​កំពុង​គ្រប់គ្រង​ទីក្រុងស៊ី​វី​រ៉ូ​ដូណិត​សខ៍និង​បណ្តា​ភូមិ​ជុំវិញ​។​លោក​ថា​ការប៉ុនប៉ង​របស់​​កងកម្លាំង​អ៊ុយ​ក្រែន​ដើម្បី​ប្រែក្លាយ​ជា​រោងចក្រ​អា​ហ្សុត​( Azot)​ទៅ​ជា​ម​ជ្ឈ​ម​ណ្ឌ​ល​តស៊ូរឹងមាំត្រូវបាន​រារាំង​។​

​ក្នុងពេល​ជាមួយគ្នា​អភិបាលខេត្ត​លូ​ហាន់​សខ៍រ​បស់​អ៊ុ​យក្រែន បាន​និយាយថា ទាហាន​អ៊ុយ​ក្រែន​បាន​ដក​ចេញពី​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​សខ៍ក្រោ​យ​ការបាញ់​ផ្លោង​និង​ទម្លាក់​គ្រាប់​លើ​អស់​រាប់​សប្តាហ៍​និង​ការ​​ប្រយុទ្ធ​គ្នា​ពី​ផ្ទះមួយ​ទៅ​ផ្ទះមួយ​។​លោក​បាន​បញ្ជាក់ថា ទីក្រុង​នេះ​ធ្លាក់​ក្នុង​ដៃ​រុស្ស៊ី​និង​ពួក​យុទ្ធជន​បំបែក​ខ្លួន​ទាំង​ស្រុង​។​

ទីក្រុងស៊ី​វី​រ៉ូ​ដូណិត​សខ៍និង​បណ្តា​ភូមិ​ជុំវិញត្រូវរុស្ស៊ីនិងក្រុមផ្តាច់ខ្លួនចូលគ្រប់គ្រងក្រោយទាហានអ៊ុយក្រែនដកចេញ

​ទាហាន​រុស្ស៊ី​និង​យុទ្ធជន​ផ្តាច់ខ្លួន​កំពុង​ព្យាយាម​វាយយក​ទីក្រុង​លី​ស៊ី​ចាន់​ស​ខ៍​នៅក្បែរ​នោះ​មួយ​ទៀត​។​ទីភ្នាក់ងារ​សារព័ត៌មាន​អាំងទែរ​ហ្វាក់​រុស្ស៊ី បាន​ស្រង់​សម្តី​អ្នក​នាំពាក្យកងកម្លាំង​ផ្តាច់​ទឹកដី​ដែល​បាន​​និយាយថា ទាហាន​រុស្ស៊ី​និង​យុទ្ធជន​ផ្តាច់ខ្លួន​បាន​ចូល​ក្នុង​ទីក្រុង​លី​ស៊ី​ចាន​ស​ខ៍ និង​ការប្រយុទ្ធ​គ្នា​កំពុង​កើតមាន​នៅ​កណ្តាល​ក្រុង​។​

​ការ​ដណ្តើម​បាន​ទីក្រុង​លី​ស៊ី​ចាន​ស​ខ៍ នឹង​អោយ​កងកម្លាំង​រុស្ស៊ី​គ្រប់គ្រង​គ្រប់​និគម​ធំៗ​ទាំងអស់នៅក្នុង​ខេត្ត ដែល​ជា​ជំហាន​ដ៏​សំខាន់​សំរាប់​រុស្ស៊ី​ចា​ប់​យក​តំបន់​ដុន​បាស​ទាំងមូល​។​ឥឡូវ​កងកម្លាំង​រុស្ស៊ី​និង​ពួក​បំ​​បែក​ខ្លួន​កំពុង​គ្រប់គ្រង​ពាក់កណ្តាល​ខេត្ត​ដុន​ណិ​ត​ស​ខ៍ ដែល​ជា​ខេត្ត​ទី​ពីរ​នៃ​តំបន់​ដុន​បា​ស​។​

​កាំជ្រួច​រុស្ស៊ី​ចូល​ទៅ​ដល់​ភាគ​ខាងលិច​អ៊ុយ​ក្រែន​ចម្ងាយ​១.០០០​គីឡូម៉ែត្រ​ពី​ព្រំដែន​រុស្ស៊ី ដោយ​បួន​គ្រាប់​ធ្លាក់ចំ​ទីតាំង​យោធា​មួយ​នៅ​ទីក្រុង យ៉ា​រ៉ូវី​វ ។​កាំជ្រួច​រុស្ស៊ី​ប្រមាណ​៣០​គ្រាប់​ក៏​ធ្លា​ក់លើ​តំបន់​ហ្ស៊ី​តូ​មៀ​​នៅ​អ៊ុយ​ក្រែ​នភាគ​កណ្តាល​កាលពី​ថ្ងៃ​សៅរ៍​។​

​នៅ​ភាគ​ពាយ័ព្យ កាំជ្រួច​ពីរ​ដើម​បាន​ធ្លាក់ចំ​ស្ថានីយ​សេវា​មួយ​និង​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត​មួយ​នៅ​ក្រុង សា​នី ដោយ​សម្លាប់​មនុស្ស​បីនាក់​។​នៅ​ព្រំដែន​អ៊ុយ​ក្រែន​ភាគខាងត្បូង ជាប់​នឹង​ឆ្នេរសមុទ្រ​ខ្មៅ​កាំជ្រួច​ចំនួន​ប្រាំបួន​គ្រាប់​ដែល​ត្រូវបាន​បាញ់​ចេញពី​តំបន់​គ្រីមេបាន​ធ្លាក់​ចូល​ទីក្រុង​មី​កូឡាអ៊ីវ ហើយ​នៅ​ភាគ​ខាងជើង កាំជ្រួច​ប្រមាន​ម្ភៃ​គ្រាប់​ត្រូវ​បាន​បាញ់​ចេញពី​បេឡា​រូស​និង​ធ្លាក់​ចូល​តំបន់​ឆែ​នី​​ហ៊ី​វ​៕