​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សារធាតុ​ញៀន និង​សារ​ធាតុគីមី ទម្ងន់ ៦ តោន និង ២៥៩ គីឡូក្រាម និង ៥៣.០៣២ ក្រាម ត្រូវបាន​ដុតបំផ្លាញ​ចោល នៅក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ ។

​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ថ្លែងថាៈ គ្រឿងញៀន ដែល ត្រូវ​ដុត​កម្ទេចចោល នាពេល​បន្តិចទៀតនេះ គណៈកម្មការ យើងខ្ញុំ​បានរៀបចំ តាម​លក្ខណៈ បច្ចេកទេស និង​សុវត្ថិភាព នៅ​ចំពោះមុខ​អង្គពិធី គឺ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ សេចក្តីសម្រេច​រឹបអូស បំផ្លាញចោល មាន​ចំនួន ៥៥ សំណុំរឿង ក្នុងនោះ ៖១.​សំណុំរឿង​ព្រហ្មទណ្ឌ ចំនួន ២៥ រឿង មាន​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ កំពុង​ចាត់ការ ដែល​ត្រូវបាន​ដក​សំណាក និង​ធ្វើ​កោសល្យវិច័យ​រួចហើយ ។  ២.​សំណុំរឿង​ព្រហ្មទណ្ឌ ចំនួន ១៤ រឿង មាន​សាលក្រម ដែល​បានសម្រេច​រឹបអូស បន្ទាប់ពី​បាន​ដក​សំណាក និង​ធ្វើ​កោសល្យវិច័យ​រួចហើយ ។ ៣.​សំណុំរឿង​ព្រហ្មទណ្ឌ ចំនួន ១៦ រឿង មាន​សាលក្រម មុន​អង្គសេចក្ដី ដែល​បានសម្រេច រឹបអូស បន្ទាប់ពី​បាន​ដក​សំណាក និង​កោសល​វិច័យ​រួចហើយ ។​

​លោក​បាន​បន្តថាៈ វត្ថុតាង​គ្រឿងញៀន សារធាតុ​គីមី​ផ្សំ និង​សារ​ធាតុគីមី ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ចំនួន ៥៥ រឿង ខាងលើនេះ មាន​ទម្ងន់​សរុប ៩០ តោន ៨០ គីឡូក្រាម ៦៦.៤៣០ ក្រាម ដែល​រួមមានៈ ៤. កញ្ឆា ទម្ងន់​សរុប ៦ គីឡូក្រាម ១៧២,៥៥ ក្រាម ៩ សារធាតុ​ញៀន ឈ្មោះ កេ​តា​មីន (​អង្គធាតុ​រាវ ទម្ងន់​សរុប ៤ តោន ៨៨៧ គីឡូក្រាម ៧៦.៦០០ ក្រាម​) , សារធាតុ​ញៀន ឈ្មោះ ហេ​រ៉ូ​អ៊ី​ន ទម្ងន់​សរុប ៩៤ គីឡូក្រាម ៥៨៨៨៩ ក្រាម , សារធាតុ​ញៀន ឈ្មោះ កូកាអ៊ីន ទម្ងន់​សរុប ១ គីឡូក្រាម ៩៨.៩១០ ក្រាម , សារធាតុ​ញៀន ឈ្មោះ អ៊ឹម ដេ អ៊ឹម អា (​ថ្នាំ​គ្រវី​) ទម្ងន់​សរុប ៥៤៤ គីឡូក្រាម ១៦៧,៦៧ ក្រាម , សារធាតុ​ញៀន ឈ្មោះ កា​ទី​ណូន ទម្ងន់​សរុប ១០៤ គីឡូក្រាម ៦២៦,១០ ក្រាម , សារធាតុ​ញៀន​ឈោះ្ម មេ​តំ​ហ្វេ​តា​មីន ទម្ងន់​សរុប ៧៣៩ គីឡូក្រាម ៨២៧,២៥ ក្រាម , សារធាតុ​ញៀន ឈ្មោះ កេ​តា​មីន ទម្ងន់​សរុប ៣ តោន ៤៧៨ គីឡូក្រាម ២៦៥,៧៤ ក្រាម ,​សារធាតុ​ញៀន​ឈ្មោះ​នី​មេ​តា ហ្សេ​ប៉ា​ម ទម្ងន់​សរុប ៣៤ គីឡូក្រាម ៦៧៣,៦៩ ក្រាម ,​សារធាតុ​គីមី​ផ្សំ​ទម្ងន់​សរុប ២៥ តោន ៨ គីឡូក្រាម ៩០០ ក្រាម ១១ , សារធាតុ​គីមី​ទម្ងន់​សរុប ៥៥ តោន ១៣៨ គីឡូក្រាម ២៧២២២ ក្រាម​។​

​លោក​បាន​បញ្ជាក់ថាៈ តាម​លក្ខណៈ​បច្ចេកទេស និង​សុវត្ថិភាព ក្នុងការ​បំផ្លាញចោល​នេះ គណៈកម្មការ​ដុតបំផ្លាញ​គ្រឿងញៀន និង​មន្ទីរពិសោធន៍ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានសម្រេច​បំផ្លាញ​គ្រឿងញៀន នៅ​ចំពោះមុខ​នេះ ដោយ​វិធីសាស្ត្រ​ដុត​នូវ​សារធាតុ​ញៀន និង​សារ​ធាតុគីមី ទម្ងន់ ៦ តោន ២៥៩ គីឡូក្រាម និង ៥៣.០៣២ ក្រាម ប៉ុណ្ណោះ ។​

​រីឯ​សារធាតុ​ញៀន សារធាតុ​គីមី និង​សារ​ធាតុគីមី​ផ្សំ ទម្ងន់ ៨៣ តោន ៨២១ គីឡូក្រាម និង ១៣៣,៩៨ ក្រាម ដែលជា​សារធាតុ​រំលាយ ហើយ​ជា​អាស៊ីដ និង​គីមី​ពុល​ឆាបឆេះ​ខ្លាំង មិនអាច​ធ្វើការ​បំផ្លាញ តាម​វិធីសាស្ត្រ​ដុត​បាន គឺ​គណៈកម្មការ​ដុតបំផ្លាញ​គ្រឿងញៀន សម្រេច​ប្រគល់ ជូន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​បន្សាប និង​បំផ្លាញចោល តាម​លក្ខណៈ​បច្ចេកទេស នាពេល​ក្រោយ​ទៀត ។​

​លោក​បាន​អះអាងថាៈ បរិមាណ​គ្រឿងញៀន ច្រើនសន្ធឹក​សន្ធាប់ ខាងលើនេះ គឺ​ពួកក្រុម​ឧក្រិដ្ឋជន បាន​យក​គ្រឿងញៀន ធ្វើជា​មុខរបរ​ជំនួញ​របស់​ពួកគេ ហើយ​គ្រឿងញៀន នេះ បាន​ពង្វក់ស្មារតី​អូសទាញ ដល់​ជនស្លូតត្រង់ ភាគច្រើន ជា​យុវវ័យ បាន​ប្រើប្រាស់ ដោយ​ខុសច្បាប់ បណ្តាលឱ្យ​ខូចសុខភាព និង​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ដូចជាៈ អំពើ​ឃាតកម្ម ចាប់ជំរិត រំលោភ​សេពសន្ថវៈ លួច ឆក់ ប្លន់​ទ្រព្យសម្បត្តិ បង្កើតជា​ក្រុម​បងតូច បងធំ ប្រព្រឹត្ត​អំពើហិង្សា​ក្នុង​គ្រួសារ បង្ក​ភាពអសន្តិសុខ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ សាធារណៈ និង​របៀបរៀបរយ​សាធារណៈ ក្នុង​សង្គមជាតិ ។ ចំណែក​សមត្ថកិច្ច​រប​ស់​យើង ទាំង​មន្ត្រីនគរបាល មន្ត្រី​កងរាជអាវុធហត្ថ អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​អយ្យការ តុលាការ បាន​ខិតខំ​យកចិត្តទុកដាក់ អនុវត្ត​វិធានការ​ច្បាប់​ដោយ​មិន​យោគយល់ ឬ​អត់ឱន​ឱ្យ​ជន​ទាំង ឡាយ​ណា ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ទាំងអស់នេះ តុលាការ នឹង​ផ្តន្ទាទោស​ជនល្មើស យ៉ាង​ម៉ឺងម៉ាត់ តាម​បញ្ញត្តិ​ច្បាប់ ជា​ធរមាន ។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ គណៈកម្មការ​យើង ធ្លាប់​បានធ្វើ​ការដុត បំផ្លាញ​គ្រឿងញៀន អស់​មួយចំនួនធំ ជា​សាធារណៈ រួចហើយ ។ ដោយឡែក ថ្ងៃនេះ វត្ថុតាង​គ្រឿងញៀន​ជាច្រើន ដែល​នឹងត្រូវ​ដុតបំផ្លាញ ក្នុងពេល​បន្តិចទៀតនេះ គឺជា​លទ្ធផល ដែល​សមត្ថកិច្ច បាន​បង្ក្រាប និង​ចាប់យក​នៅក្នុង​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ ហើយក៏​ជា លទ្ធផល នៃ​ការអនុវត្ត​ផែនការ ស្តីពី​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី ៦ និង​លើក​ទី​៧ ឆ្នាំ​២០២២ របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​។ ហើយ​សកម្មភាព​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​លើក​ទី​៧ ដែល​បង្ហាញ​ឱ្យ​សាធារណជន និង​ប្រជាពលរដ្ឋ បាន​ឃើញថា សមត្ថកិច្ច​បានធ្វើការ​ដុតបំផ្លាញ​វត្ថុតាង​ជាច្រើន លើស​សព្វមួយដង ដែល​បាន​បង្ក្រាប នាពេល​កន្លងមក ។

មានមតិ​ជាច្រើន បាន​លើកឡើងថា សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន បាន​ហើយ មិនដឹង​ជា​យក​ទៅណា​? នេះ​គឺជា​សារ​ឆ្លើយតប និង​ជា​សកម្មភាព​ដែល​បង្ហាញ​ឲ្យ សារ​ធា​រណ​ជន​ទូទៅ បានឃើញ និង​បណ្ដាញសារព័ត៌មាន​នានា ប្រើប្រាស់​សម្រាប់​ជួយ ផ្សព្វផ្សាយ ឲ្យ​បាន​ទូលំទូលាយ​ថា វត្ថុតាង​គ្រឿងញៀន ដែល​បង្ក​ហានិភ័យ និង​នាំ​ឲ្យ មាន​ភាព​អន្តរាយ ត្រូវបាន​ដុតបំផ្លាញ​ចោល នាឱកាស​ប្រារព្វ​ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន អន្តរជាតិ ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ នេះ ក្រោម​ប្រធានបទ ” ដោះស្រាយ​បញ្ហា​គ្រឿងញៀន ក្នុង​វិបត្តិ​សុខភាព និង​មនុស្សធម៌ ” ៕/V​