ដោយៈ ទេពកង្រី/កំពង់ឆ្នាំងៈ នៅវេលាម៉ោងប្រហែល ១២:២០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ មានករណីបុរសស្ត្រីវ័យចំណាស់ពីរនាក់ប្ដីប្រពន្ធ ត្រូវបានក្រុមជនសង្ស័យមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿងស្ទាក់ផ្លូវដេញកាប់នឹងដាវទៅលើជនរងគ្រោះហើយដណ្តើមយកម៉ូតូជិះគេចខ្លួនបាត់ នៅចំណុចលើផ្លូវក្រាលគ្រួសក្រហមមួយកន្កែងស្ថិតក្នុងភូមិអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ ជូន វុធ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិច្រាបកន្ទួតឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូឌុបប្រពន្ធរបស់គាត់ ម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១J ៥៤៩៨ ត្រូវក្រុមជនសង្ស័យកាប់នឹងដាវសាមូរ៉ៃ បណ្តាលឱ្យរបួសកែងដៃស្តាំ និងចំមួកសុវត្ថិភាពផ្នែកខាងក្រោម។
បច្ចុប្បន្នសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសាម្គីមានជ័យកំពុងសហការជាមួយកម្លាំងអធិការនគរបាលស្រុកសាមគ្គីមានជ័យបើកការស្រាវជ្រាវបន្ទាន់ ដើម្បីស្វែងរកជនសង្ស័យដៃដល់ដើម្បីនាំយកមកផ្ដន្ទាទោទៅតាមផ្លូវច្បាប់៕