ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ រួម​ដំណើរ​ដោយ​លោក ជឹម ប៊ុន អាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត កងកម្លាំងប្រដាប់អាវុធ នគរបាល លោក ហ៊ឹ​ល រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែមិថុនា ឆ្នាំ​២០២២ បាន​អញ្ជើញ​ចុះ​ដឹកនាំ​ពិនិត្យ និង​ជួយ​ជួសជុលផ្ទះ​ឡើងវិញ ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ នៅ​ក្រុង​សិរីសោភ័ណ កាលពី​ល្ងាច​ថ្ងៃទី​២៥ មិថុនា កន្លងទៅនេះ ។​

​យោង​របាយការណ៍​រប​ស់​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថាៈ កាលពី​ថ្ងៃទី​២៥ ខែមិថុនា វេលា​ម៉ោង ៦​និង​៣៧​នាទី​ល្ងាច មាន​ខ្យល់​កន្ត្រាក់ លាយឡំ​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង បាន​ធ្វេ​ី​ឱ្យ​ប៉ះពាល់ ខូចខាត​ផ្ទះ​ពលរដ្ឋ នៅ ៣ សង្កាត់ ក្នុងនោះ ​សង្កាត់​កំពង់ស្វាយ ១៣ ខ្នង (​រ​បេ​ី​ក​ដំបូល​), សង្កាត់​ព្រះ​ពន្លា ៤៧ ខ្នង (​រ​បេ​ី​ក​ដំបូល​) និង សង្កាត់​អូរ​អំបិល ២​ខ្នង (​រ​បេ​ី​ក​ដំបូល​) សរុប ៦២​ខ្នង ក្នុងនោះ ៤​ខ្នង ខូចខាត​ខ្ទេច​ទាំងស្រុង និង​ដួលរលំ បាក់​ខូចខាត​សំណង់ ដើមឈើ ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត ប៉ុន្តែ​គ្មាន​មនុស្ស គ្រោះថ្នាក់​ទេ ។​

​ក្នុងឱកាស​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​នេះ លោក​អភិបាល ខេត្តបន្ទាយមានជ័យ បាន​ចូលរួម​សោកស្តាយ ចំពោះ​បាតុភូតធម្មជាតិ ដែល​បង្ក​គ្រោះថ្នាក់ ក៏ដូចជា បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​ពលរដ្ឋ ។ លោក​ក៏បាន​ណែនាំ​ដល់​ពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូតធម្មជាតិ ពិសេស​ខ្យល់​កន្ត្រាក់ រន្ទះ ខ្សែ​ចរន្តអគ្គិសនី និង​គ្រោះថ្នាក់​នានា​៕/V​