ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ បុគ្គលិក​អគ្គិសនី​ម្នាក់ បានធ្វើ​អត្តឃាត ឆក់​ខ្សែភ្លើង​ខ្លួនឯង​ស្លាប់ ដោយសារ​រឿង​មេ ប្តូរ​ការងារ​ពី​ខេត្តបាត់ដំបង ទៅ​ខេត្ត​ប៉ៃលិន ឆ្ងាយ​ពី​ផ្ទះ សាច់ញាតិ និង​ឆ្ងាយ​ពី​ប្រពន្ធ​។​

​មន្ត្រី​អគ្គិសនី​ខេត្តបាត់ដំបង បានបញ្ជាក់​ឲ្យ​ដឹង នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២​នេះ​ថាៈ អត្តឃាត​ជន មានឈ្មោះ ស៊ាន សា​រឿង មាន​តួនាទី​ជា​មន្ត្រី​ប្រចាំការ នៅ​ចំណុច​ចែកចាយ បណ្តាញ​ភ្លើង​អន្លុង​រុន ចុងក្រោយ ក៏ត្រូវ​ប្រធានការិយាល័យ សម្រេច​ប្តូរ​ទៅ​បំពេញការងារ នៅ​ខេត្ត​ប៉ៃលិន ជា​ប្រធានការិយាល័យ​វិញ ចន្លោះ​ពេលដែល​ទើប​ទទួល​ការងារ​ថ្មី​នេះ មិនដឹងថា មូលហេតុ​អ្វី ក៏​ស្រាប់តែ​មន្ត្រី​ម្នាក់នេះ បានធ្វើ​អត្តឃាត​ខ្លួនឯង ដោយ​ប្រើប្រាស់​ខ្សែ ភ្លើង​ស្រាត ចង កដៃ កជើង របស់ខ្លួន ហើយ​បើក​បារ៉ែត​ភ្លើង បណ្តាល​ឲ្យ​ឆក់ ឆេះ​ខ្លោច​ស្លាប់ យ៉ាង​អ​ណោ​ច​អាធ័ម​។​

​អ្នកស្រី វង្ស ភ័​ក្ត្រា ជា​ប្រពន្ធ​របស់​អត្តឃាត​ជន បានបញ្ជាក់ តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ឲ្យ​ដឹងថាៈ ប្តី​របស់​អ្នកស្រី មានឈ្មោះ ស៊ាន សា​វឿ​ង ជា​បុគ្គលិក​អគ្គិសនី ខេត្តបាត់ដំបង ប្រចាំ​ទីស្នាក់ការ​បណ្តាញ​អគ្គិសនី ( GS ) ក្នុងភូមិ​អន្លុង​រុន ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ប្តី​របស់​អ្នកស្រី បានធ្វើ​អត្តឃាត បញ្ចប់ជីវិត​ខ្លួនឯង កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២២ នៅត្រង់​ទីស្នាក់ការ​ចែកចាយ បណ្តាញ​អគ្គិសនី ក្នុង​ខេត្ត​ប៉ៃលិន​។​

​ក្នុងការ​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​គ្រោងទុក​មុននេះ ប្តី​របស់​អ្នកស្រី បាន​សរសេរ​បង្ហោះ ក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ដោយ​បញ្ជាក់ថាៈ ” ការធ្វើអត្តឃាត​នេះ សូម​ផ្ញើ​ដល់​ថ្នាក់ដឹកនាំ ទុក​សម្រាប់​ជា​មេរៀន ហេតុដូចម្តេច បានជា​ផ្ទេរ​ទីតាំង​ការងារ​របស់​បុគ្គលិក ពី​ទីតាំងនៅ​នឹង ស្រុកកំណើត​ខេត្តបាត់ដំបង ទៅ​ឯ​ខេត្ត​ប៉ៃលិន ឆ្ងាយ​ផ្ទះ ឆ្ងាយ​ប្រពន្ធ និង​ឳ​ពុក​ម្តាយ ទាំង​ម្ចាស់​សា​ម៉ី​ខ្លួន មិន​ចង់ទៅ សូម​ថ្នាក់ដឹកនាំ ពិចារណា​ឡើងវិញ ” ។​

​អ្នកស្រី បាន​បន្តថាៈ ការស្លាប់​របស់​ប្តី​អ្នកស្រី ក៏បាន​បន្សល់ទុក នូវ​លិខិត​បណ្តាំ​បែងចែក​កេ​រ្ត៍ ព្រមទាំង​ប្រាក់​ដែលមាន​ចំនួន ៣០ លាន​រៀល​ផងដែរ ក្នុងនោះ​ទី​១- ម៉ូតូ​ហុងដា ឌ្រី​ម សេរី​២០២១ និង​ដី ២​ឡូត៍ ទុក​សម្រាប់​ចែក​ដល់​ប្រពន្ធ​, ទី​២- ម៉ូតូ​ហុងដា Wave ចែក​ឲ្យ​អាឡយ កូន​ចែ​វៀង​, ទី​៣- ដីស្រែ​ជូន​ម៉ែយាយ​វិញ​ចុះ​, ដោយឡែក ទី​៤- លុយ​នៅក្នុង​កុង​ធនាគារ ចំនួន ៣០ លាន​រៀល បែង​ចែកជា ៣ ចំណែក ក្នុងនោះ ចំនួន ២០ លាន ទុក​ចិញ្ចឹម​ពុក និង​ម៉ែយាយ ជាការ​សងគុណ និង ១០ លាន​រៀល​ទៀត ទុក​សម្រាប់​ផ្គត់ផ្គង់ ការរៀនសូត្រ របស់​ប្រពន្ធ ឲ្យ​បាន​ចប់ និង​លុយ​ក្នុង​កុង​ធនាគារ មួយចំនួនទៀត ទុក​ធ្វើ​បុណ្យសព​គាត់ (​អត្តឃាត​ជន​)៕/V​