​ដោយ​: វណ្ណៈ​/​ព្រះសីហនុ​: មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​ព្រះសីហនុ​បាន​អះអាងថា គិតពី​ថ្ងៃទី​២០ ដល់​២៥ ខែមិថុនា ឆ្នាំ​២០២២ ពុំបាន​រកឃើញថា​សិស្សានុសិស្ស​តាម​សាលារៀន​ក្នុង​ខេត្ត​ព្រះសីហនុ មានប្រើ​ប្រាស់​បារី​អេឡិចត្រូនិក (E-cigarette/Vape) និង​ផលិតផល អេ​ច​ឆ៍ ធី ភី (HTPs Heated Tobacco Products) ទេ ទាំង​តាម​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ និង​តាម​គ្រឹះស្ថានសិក្សា​ឯកជន ។​

​សេចក្តី​រាយ​ការ​ណ៏​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ការណែនាំ​រប​ស់​គណៈបញ្ជាការ ខេត្ត គ្រប់​សាលា​ក្នុង​ខេត្ត​ព្រះសីហនុ​បានធ្វើ​ការឆែកឆេរ​សិស្ស កា​តាប​របស់​សិស្ស ជាប្រចាំ​រាល់ថ្ងៃ​ទាំង​ម៉ោង​ចូលរៀន និង ម៉ោង​សិស្ស​រៀន​ក្នុង​ថ្នាក់ ព្រមទាំង​ពេលចេញ​លេង ។

(រូបភាពពីមន្ទីរអប់រំខេត្ត)

​នាយក នាយិកា​សាលា​បានរៀបចំ​កម្លាំង​គ្រូ យុវជន​កាយរឹទ្ធិ កាកបាទក្រហម ក្រុមប្រឹក្សា​យុវជន និង​ក្រុមប្រឹក្សា​កុមារ ឆ្លាស់​វេន​ដោយ​កំណត់​ម៉ោង​ឆែកឆេរ ដើរ​ពិនិត្យមើល​តាម​បន្ទប់ទឹក និង​កន្លែង​សង្ស័យ​ផ្សេងៗ​ក្នុង​បរិវេណ​សាលារៀន​។ ជា​លទ្ធផល ពុំមាន​ចាប់បាន​សិស្ស​ណា​ម្នាក់ មាន​បារី​អេឡិចត្រូនិក (E-cigarette /Vape) និង​ផលិតផល អេ​ច​ឆ៍ ធី ភី (HTPs Heated Tobacco Products) ឬ​ប្រើប្រាស់​វា​ឡើយ ។

​ក្នុងអំឡុង​ពេលនេះ ទោះបីជា​ពុំមាន​សិស្ស ដែលមាន​បារី​អេឡិចត្រូនិក (E-cigarette /Vape) និង​ផលិតផល អេ​ច​ឆ៍ ធី ភី (HTPs Heated Tobacco Products) ក៏ដោយ មន្ទីរអប់រំ​ខេត្ត​ព្រះសីហនុ នៅតែ​អំពាវនាវ​ឱ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ស្មារតី​ខ្ពស់ ទប់ស្កាត់ រាល់​ការផ្សព្វផ្សាយ អូសទាញ​យុវវ័យ សិស្សានុសិស្ស ប្រើប្រាស់​បារី​អេឡិចត្រូនិក (E-cigarette /Vape) និង​ផលិតផល អេ​ច​ឆ៍ ធី ភី (HTPs Heated Tobacco Products) ដែល​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ដូចជា​បង្ក​ជា​ជំងឺមហារីក បង្កើត​ហានិភ័យ​ជំងឺ​បេះដូង ជំងឺ​សួត ធ្វើឱ្យ​ខួរក្បាល​មានដំណើរ​ការ​មិន​ប្រក្រតី​ក្នុងអំឡុងពេល​ប្រើប្រាស់ និង​ប៉ះពាល់​យូរអង្វែង​ដល់​ការលូតលាស់​ខួរក្បាល​របស់​កុមារ និង​យុវវ័យ ព្រមទាំង​បង្ក​អន្តរាយ​ដល់​រាងកាយ ។​

(រូបភាពពីមន្ទីរអប់រំខេត្ត)

មន្ទីរ​បាន​ប្រាប់​ការិយាល័យ​អប់រំ យុវជន និង​កីឡា​នៃ​រដ្ឋបាល​ក្រុង​ស្រុក​ទាំង​៥ គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​គ្រប់​កម្រិត​អនុវត្តតាម​ការណែនាំ​ខាងក្រោម ៖

១.​ធ្វើការ អប់រំ ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​តាម​គ្រប់​រូបភាព អំពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​បារី​អេឡិចត្រូនិក (E-cigarette /Vape) និង​ផលិតផល អេ​ច​ឆ៍ ធី ភី (HTPs Heated Tobacco Products) បុគ្គលិក​អប់រំ​និង​អ្នកសិក្សា​។​
២.​ហាមឃាត់​ការប្រើប្រាស់​ការចែក​ចាយ​ការជួញដូរ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​រូបភាព​អំពី​បារី​អេឡិចត្រូនិក (E-cigarette /Vape) និង​ផលិតផល អេ​ច​ឆ៍ ធី ភី (HTPs Heated Tobacco Products) ក្នុង​ខាងក្នុង និង​ជុំវិញ​បរិវេណ​គ្រឹះស្ថានសិក្សា ។​
៣.​សហការ​ជាមួយ មាតាបិតា អាណាព្យាបាល បុគ្គលិក​អប់រំ និង​អ្នកសិក្សា ក្នុង​ការកំណត់​មុខសញ្ញា​ទីតាំង​ចែកចាយ និង​ជួញដូរ​បារី​អេឡិចត្រូនិក (E-cigarette /Vape) និង​ផលិតផល អេ​ច​ឆ៍ ធី ភី (HTPs Heated Tobacco Products) ដើម្បី​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន ៕​