ដោយៈ គង់ហេង/ ត្បូងឃ្មុំៈ បុរសពីរនាក់បានរងរបួសធ្ងន់ និងបានស្លាប់នៅពេលបញ្ជួនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ក្រោយពីជនជនរងគ្រោះទាំងពីរ បានធ្វើដំណើរតាមម៉ូតូមួយគ្រឿង បានបុកជាមួយរថយន្តមួយគ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ កាលពីម៉ោងប្រមាណជាង ១១ យប់ ថ្ងៃទី ២៥ មិថុនា។
មន្ត្រីនគរបាលបានឱ្យដឹងថាៈ បុរសជាអ្នកដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ទាំងពីរនាក់មាន អាយុ ៣០ ឆ្នាំស្មើគ្នា ដោយម្នាក់ឈ្មោះ សូត វីរៈ ជាអ្នកបើកបរម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១AT-២៤១៨ ឌុបអ្នកស្លាប់ម្នាក់ទៀតឈ្មោះ អ៊ាត បុត្រ ដែលមានទីលំនៅភូមិទំពូង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ប្រភពព័ត៌មាននោះបានឱ្យដឹងទៀតថាៈ ចំណែកខាងភាគីអ្នកបើកបររថយន្តម៉ាកតូយូតា កាមរី ពណ៌ទឹកមាស ពាក់ស្លាកលេខ ២K-០៥៧៤ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ដោយនៅក្រោយកើតហេតុ អ្នកបើកបររថយន្តម្នាក់នេះបានចតទុករថយន្តចោល គេចខ្លួនបាត់។
ទាក់ទងករណីគ្រោះថ្នាក់រថយន្តបុកជាមួយម៉ូតូស្លាប់បុរសពីរនាក់ខាងលើនេះ នៅមិនទាន់មានប្រភពណាអាចបញ្ជាក់ពីមូលហេតុនៃការបុកគ្នានោះទេ៕