ដោយ​៖ ដេប៉ូ / តូ​ក្យូ​៖ គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន បានរៀបចំ​កម្មវិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍ លើក​ទី​៧១ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២២) នៅ​សណ្ឋាគារ Asia Center of Japan ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

​ពិធី​នេះ​ប្រារព្វ​ធ្វើឡើង នៅ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២២ នេះ ក្រោម​អធិបតីភាព​លោក ទុយ រី ប្រធាន​គណៈកម្មាធិការ​គណបក្ស ប្រចាំ​ប្រទេស​ជប៉ុន ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់ លោក លោកស្រី អ្នកនាង​កញ្ញា ប្រធាន​-​អនុប្រធាន សាខា​បក្ស ជន​បង្គោល និង​សមាជិក សមាជិកា​គណបក្ស ប្រមាណ​ជា ៨០ នាក់ ទាំង​ផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​វី​ឌី​អូ Zoom ។​

​នៅក្នុង​ពិធី​សំណេះសំណាល​នេះ លោក ទុយ រី បាន​ថ្លែង​ពី​ប្រវត្តិ​សង្ខេប​របស់​គណបក្ស ប្រជាជន​កម្ពុជា ដែល​ត្រូវបាន​បង្កើត នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ដោយមាន​ប្រភព​ចេញ ពី​ចលនា​តស៊ូ​ស្នេហា​ជាតិ របស់​ប្រជាជន​កម្ពុជា ប្រឆាំង​អាណានិគមនិយម​បារាំង ដើម្បី​ឯករាជ្យ​ជាតិ​។​

​លោក ទុយ រី បាន​មានប្រសាសន៍ ពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិ​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានទទួល​ជោគជ័យ រហូតមកដល់​បច្ចុប្បន្ន​នេះ ដោយបាន​ពុះពារ​ការលំបាក ក៏ដូចជា ប្រវត្តិ​ដូចជាៈ ១)​ការ​ជំនះ​រាល់​ឧបសគ្គ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ហ៊ាន​ធ្វើ​ពលិកម្ម សំដៅ​កសាង​ប្រទេស​កម្ពុ​ជាមួយ ឯករាជ្យ សេរីភាព អ​ព្យា​ក្រឹត្យ ប្រជាធិបតេយ្យ និង​វឌ្ឍនភាព ។ ២) ការពុះពារ​ឆ្លងកាត់​ដំណាក់កាល​ធំៗ​នៃ ប្រវត្តិសាស្ត្រ​របស់​ជាតិ របស់​គណបក្ស ទោះបី​ត្រូវ​ប្រឈម​នឹង​ការវិវត្តន៍​ប្រែប្រួល យ៉ាង​ស្មុគស្មាញ​បំផុត នៃ​សភាពការណ៍​ជាតិ និង​សភាពការណ៍​អន្តរជាតិ យ៉ាងណាក្តី ក៏​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្ថិតនៅ​ផ្សាភ្ជាប់​ខ្លួន ជានិច្ច ជាមួយ​ប្រជាជន ។​ល​។​

​ជាមួយគ្នានេះ លោក ទុយ រី បាន​រំលឹក​ផងដែរ អំពី​ប្រវត្តិ​តស៊ូ​ដ៏​អង់អាច របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បានចេញ​ដំណើរ​ភៀសខ្លួន​ទៅ​វៀតណាម នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ដើម្បី​ស្វែងរក​ការជួយឧបត្ថម្ភ ក្នុង​ការតស៊ូ​រំដោះជាតិ ព្រមទាំង​រំលឹក​ឡើង​នូវ ថ្ងៃ​បង្កើត​កងក​ម្លាំ​ប្រដាប់អាវុធ សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃទី​១២ ខែឧសភា ១៩៧៨ ការបង្កើតឡើង រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ ដែលជា អង្គការ​ចាត់តាំង នយោបាយ​តែមួយគត់ របស់​ប្រជាជន​កម្ពុជា ព្រមទាំង​ជោគជ័យ​របស់ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ និង​កងកម្លាំងប្រដាប់អាវុធ​បដិវត្តន៍​កម្ពុជា ដែលមាន​ការគាំទ្រ ពី​ប្រជាជន នៅ​ទូទាំងប្រទេស ព្រមទាំង​ទទួលបាន​ការជួយឧបត្ថម្ភ​ដ៏​ស្មោះស ពី​សំណាក់ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​ការគាំទ្រ​ពី​កម្លាំង​ស្នេហា​សន្តិភាព និង​យុត្តិធម៌​នានា លើ​ពិភពលោក បាន​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ទទួលបាន​ជ័យជំនះ​។​

​បន្ទាប់​ពីថ្ងៃ​ជ័យជំនះ ៧​មករា ប្រទេសជាតិ នៅតែ​ប្រឈមមុខ​នឹង​ឧបសគ្គ​ធំៗ យ៉ាងច្រើន ព្រមទាំង​ផលវិបាក រាប់ម៉ឺន​ជំពូក ដែល​បន្សល់ទុក​ដោ​យស​ង្គ្រា​ម ៥ ឆ្នាំក្រោយ​ថ្ងៃ​រដ្ឋប្រហារ និង​របប​ប្រល័យពូជសាសន៍​។ លើ​មូលដ្ឋាន​ជ័យជំនះ ៧​មករា សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ប្តូរ​ឈ្មោះ​ជា រដ្ឋ​កម្ពុជា នៅ​ឆ្នាំ​១៩៨៩ ជា​រដ្ឋ​របស់​ប្រជាជន និង​ដើម្បី​ប្រជាជន ត្រូវបាន​បង្កើតឡើង និង​គ្រប់គ្រង​ប្រទេស ក្នុងស្ថានភាព ដែល​ខឿនសេដ្ឋកិច្ច សង្គម ត្រូវបាន​បំផ្លាញ​ខ្ទេចខ្ទីរ និង​ត្រូវ​ម​ជ្ឍ​ដ្ឋា​ន​ខាងក្រៅ​មួយចំនួន ហ៊ុមព័ទ្ធ​ទាំង​នយោបាយ និង សេដ្ឋកិច្ច យ៉ាង​អយុត្តិធម៌ និង​អមនុស្សធម៌​បំផុត​។​

​ដោយសារ​កម្លាំង​មហា​សាមគ្គី​ជាតិ បាន​នាំ​ប្រទេសជាតិ ឱ្យ​ឆ្លង​ផុត​ដំណាក់កាល​លំបាក​បំផុត ឈាន​មកដល់​ដំណាក់កាល​ពង្រឹង ពង្រីក​ខ្លួន ដែល​បាន​បង្ក​បុព្វបទ និង​លក្ខណៈសម្បត្តិ ចាំបាច់​ជា​មូលដ្ឋាន ឱ្យ​ប្រទេសជាតិ​យើង អាច​បន្ត​បោះជំហាន​ទៅមុខ ឥតឈប់ឈរ ប្រកបដោយ​ជោគជ័យ រហូតមកដល់​បច្ចុប្បន្ន​។​

​ក្នុង​ពិធី​នេះដែរ លោក ទុយ រី បាន​ជម្រាបជូន​ផងដែរ អំពី​សមិទ្ធិផល​ធំៗ ជូន​ជាតិ និង​ប្រជាជន ដែល​គណបក្ស​ប្រជាជន​កម្ពុជា សម្រេចបាន​ទាំង ១៤ កន្លងមក​។​

​ឆ្លងតាម​បណ្តា​សមិទ្ធផល ខាងលើនេះ បានបង្ហាញ​ច្បាស់​ថា ផ្តើមចេញពី​ជ័យជំនះ ៧​មករា ប្រជាជន​កម្ពុជា បានសម្រេច​បាន​នូវ ការផ្លាស់ប្តូរ​យ៉ាង​ធំធេង ដោយបាន​ប្រែក្លាយ ពី​វាលពិឃាដ ពី​សមរភូមិ នៃ​សង្គ្រាម​ដ៏​រាំ​ុ​រៃ ពី​ការបែកបាក់​ជាតិ និង​ការបែងចែក​ទឺ​កដី ពី​គំនរ​ផេះផង់ ទៅជា​ទឹកដី ដែលមាន​សន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

​សរុបសេចក្តី​មក នៅលើ​មាគ៌ា​នៃ​ជ័យជំនះ និង​ដំណើរ​ឆ្ពោះ​ទៅមុខទៀត គណបក្ស​ចងចាំ និង​ចារឹក​ទុក ជា​រៀងរហូត​នូវ ស្មារតី​លះបង់ និង​ការចូលរួម​យ៉ាង​ធំធេង របស់​សមាជិក សមាជិកា​គណបក្ស និង​ជនរួមជាតិ នៅ​គ្រប់ទិសទី នៅក្នុង​បុព្វហេតុ​ដ៏​ឧត្តុង្គឧត្តម របស់ ប្រជាជាតិ និង​គណបក្ស ហើយ​យើងខ្ញុំ គាំទ្រ​ពេញទំហឹង ចំពោះ​បេក្ខភាព​សម្តេច​តេ​ជា ជា​នាយករដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ព្រមទាំង​នីតិកាល បន្តបន្ទាប់​ទៀត​។​

​សម្តេច​តេ​ជោ គឺជា​ស្នូល​របស់ គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អគ្គ​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម នៃ​ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស ប្រកបដោយ​គតិបណ្ឌិត ភាពឈ្លាសវៃ និង​ភាព អង់អាច សម្រេចបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​បំផុត ជូន​ជាតិ មាតុភូមិ និង​ប្រជាជន​៕/V