ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ កាំជ្រួចរបស់រុស្ស៊ីបានធ្លាក់ចំប្លុកអាគារមនុស្សរស់នៅក្នុងរដ្ឋធានីគៀវកាលពីដើមថ្ងៃអាទិត្យទី២៦មិថុនា ដោយបណ្តាលអោយរបួសមនុស្សពីរនាក់ នេះបើតាមការបញ្ជាក់ពីអភិបាលក្រុងលោក វីតាលីគ្លីតស្កូ។
គេឮការផ្ទុះចំនួនបួននៅដើមថ្ងៃអាទិត្យនៅប្រមាណកន្លះម៉ោងក្រោយសឺរ៉ែនព្រមានបានបន្លឺឡើងនៅក្នុងរដ្ឋធានីដែលមិនបានរងការបាញ់ផ្លោងនិងការទម្លាក់គ្រាប់បែកពីរុស្ស៊ីអស់ពេលជិតបីសប្តាហ៍។
អភិបាលក្រុង វីតាលី គ្លីតស្កូ បាននិយាយតាមតេឡេក្រាមថា «មានការផ្ទុះជាច្រើននៅសង្កាត់សេវឆិនគីវស្គី(Shevchenkivsky)។ឡានពេទ្យនិងអ្នកជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុភ្លាមៗ។ការងារជួយសង្គ្រោះនិងជម្លៀសមនុស្សកំពុងធ្វើនៅអាគារចំនួនពីរ »។
ផ្សែងហុយក្រោយការផ្ទុះនៅទីក្រុងគៀវកាលពីថ្ងៃ៥មិថុនា ឆ្នាំ២០២២
លោកគ្លីតស្កូ ដែលបានចុះទៅដល់កន្លែងកើតហេតុបាននិយាយថា «មានមនុស្សកប់នៅក្រោមគំនរបាក់បែក។អ្នកខ្លះទៀតត្រូវបានជម្លៀស និងមនុស្សរបួសពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ»។
លោកគ្លីតស្កូបានបន្ថែមថា វាជាការវាយប្រហារដោយកាំជ្រួចរុស្ស៊ីមួយដែលមានបំណងបំភិតបំភ័យជនជាតិអ៊ុយក្រែននៅមុនជំនួបកំពូលរបស់របស់អង្គការណាតូនៅទីក្រុងម៉ាឌ្រីដចាប់ពីថ្ងៃ២៨ដល់៣០មិថុនា។
មន្ត្រីអ៊ុយក្រែនម្នាក់បាននិយាយថា រុស្ស៊ីបានបាញ់កាំជ្រួច១៤ដើមដាក់ទីក្រុងគៀវនិងតំបន់គៀវកាលពីព្រឹកថ្ងៃអាទិត្យ៕
អ្នកពន្លត់អគ្គិភ័យធ្វើការនៅអាគារមនុស្សស្នាក់នៅដែលរងការវាយប្រហារដោយកាំជ្រួចរុស្ស៊ីកាលពីថ្ងៃ២៦មិថុនា