ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ ហ្វ៊ុស​សា អ៊ែ​ន រ៉ា​វេណា​(Fuschia Anne Ravena)​បានឈ្នះ​ការប្រឡង​បវរកញ្ញា​អធិរាជ​នី​អន្តរជាតិ​ឆ្នាំ​២០២២( Miss International Queen 2022)​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ការប្រឡង​មួយ​នៅ​ថៃ​ដែល​ត្រូវបាន​ចាត់ទុក​ថា​ជា​ការប្រឡង​បវរកញ្ញា​មនុស្ស​ប្រុស​កែ​មក​ជា​ស្រី​ធំ​បំផុត​និង​ប្រជាប្រិយ​បំផុត​ក្នុង​លោក​។​

​ម្ចាស់​អាជីវកម្ម​វ័យ​២៧​ឆ្នាំ​រូប​នេះ បាន​យក​ឈ្នះ​បេក្ខជន​២២​នាក់​ផ្សេង​ទៀត ហើយ​ចំណាត់ថ្នាក់​ទី​ពីរ​និង​ទី​បី​បាន​ទៅ​ខ្ទើយ​មក​ពី​កូឡុំប៊ី និង​បារាំង​។​

រ៉ា​វេណា ដែល​បាន​ពាក់​រ៉ូប​រាត្រី​ពណ៌​ប្រាក់ចាំង​ផ្លេកៗ បាន​និយាយថា​« សារ​ដំបូង​របស់​ខ្ញុំ​ចំពោះ​គ្រប់​គ្នា​គឺ​ត្រូវ​ចែករំលែក​ក្តីស្រឡាញ់​និង​សន្តិភាព ព្រមទាំង​ឯកភាព​ដោយសារ​តែ​វា​ជា​វត្ថុ​សំខាន់បំផុត​ដែល​​យើង​ធ្វើ​នៅពេល​នេះ​និង​អ្វី​ដែល​កំពុង​កើត​នៅក្នុង​ពិភពលោក​នៅ​ពេល​ឥឡូវ​»​។​

​ការប្រឡង ដែល​ត្រូវបាន​ផ្អាក​អស់​ជិត​ពីរ​ឆ្នាំ​ដោយសារតែ​ជំងឺឆ្លង ត្រូវ​បាន​បន្ត​ធ្វើ​នៅក្នុង​រមណីយដ្ឋាន​ប៉ា​តាយ៉ា​របស់​ថៃ ក្នុងអំឡុងពេល​ពិភពលោក​ប្រារព្វ​ទិវា​មនុស្ស​ភេទ​ទី​បី​ដើម្បី​អបអរ​សមភាព​ជេន​ឌឺ​​នេះ​បើ​តាម​លោក អា​លី​សា ផាន​ធុ​សាក់ នាយក​ក្រុមហ៊ុន​រៀបចំ​ការប្រឡង​។​

​សូម​រំលឹក​ថា ការប្រឡង​ដែល​ទាក់ទាញ​អ្នកចូលរួម​មក​ពី​ជុំវិញ​ពិភពលោក បានចាប់ផ្តើម​កាល​ពី​មួយ​ទសវត្សរ៍​មុន​ដើម្បី​ជួយ​ពួក​ស្ត្រី​កែ​ភេទ​មកពី​បុរស​ត្រូវ​សង្គម​អាច​ទទួលយក​បាន​ខ្លាំង​ឡើង​។​

​ថៃ​ជា​ប្រទេស​មាន​សហគមន៍​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​និង​មនុស្ស​ស្រឡាញ់​ភេទ​ទាំងពីរ​និង​អ្នក​កែ​ភេទ​(LGBT)​ធំ​និង​បើកចំហ​បំផុត​នៅក្នុង​លោក តែ​ពួក​សកម្មជន​បាន​និយាយថា ច្បាប់​និង​ស្ថាប័ន​ថៃ​​នៅ​មិន​ទាន់​បង្ហាញ​ការផ្លាស់ប្តូរ​ឥរិយាបទ​សង្គម ហើយ​នៅតែ​រើសអើង​ប្រឆាំង​មនុស្ស​ខ្ទើយ​ឬ​ប្តី​ប្រពន្ធ​ភេទ​ដូចគ្នា​៕

​ហ្វ៊ុស​សា អ៊ែ​ន រ៉ា​វេណា ប្រតិកម្ម​ក្នុងអំឡុងពេល​ប្រឡង​Miss International Queen 2022​នៅ​ប៉ា​តាយ៉ា​កាលពី​ថ្ងៃ​សៅរ៍​