​ដោយៈ មុនី​រត្ន / ភ្នំពេញៈ នៅ​ក្នុងឱកាស​សំណេះសំណាល ជាមួយ​កុមារី នៅក្នុង​អង្គការ មូលនិធិ​កុមារ​កម្ពុជា ជាង​៣០០​នាក់ នា​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ លោកស្រី​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា បានលើកឡើង​ថាៈ កាយឫទ្ធិ​នារី​កម្ពុជា បាន​យកចិត្តទុកដាក់ ចំពោះ​ការលើកកម្ពស់​គុណ​តម្លៃ និង​ការចូលរួម​របស់​យុវតី កុមារី នៅក្នុង​ការអភិវឌ្ឍ​សង្គម​។ លោកស្រី បញ្ជាក់ថាៈ កុមារី​នៅក្នុង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា នឹងមាន​ឱកាស​ទទួល​បាន នូវ​ការឧបត្ថម្ភ ទាំង​ផ្នែក​បញ្ញា ស្មារតី សម្ភារៈ ចំណេះដឹង បទពិសោធន៍​ការសិក្សា និង​ការរស់នៅ កាន់តែ​ទូលំទូលាយ​តាមរយៈ​ការបង្កើត​បណ្ដាញ ទំនាក់ទំនង ការសម្របសម្រួល និង​ការឧបត្ថម្ភ​របស់​សមា​គម​។

​លោកស្រី បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បានលើកឡើង​ថាៈ ការចូល​ជា​សមាជិក​របស់​សមាគម កាយរឹទ្ធិ​កម្ពុជា គឺ​បាន​ផ្ដល់ឱ្យ​សមាជិក នូវ​ចំណេះដឹង បទពិសោធន៍ ទាំង​ជីវិត​ការងារ និង​ការងារ​សង្គម ផ្តល់ឱកាស និង​លទ្ធភាព​ធ្វើការ​រួមគ្នា ដើម្បី​ផលប្រយោជន៍​សង្គម​។ លើសពីនេះ កុមារី យុវតី និង​សមាជិក របស់​សមាគម ត្រូវបាន​បណ្ដុះបណ្ដាល ភាពជា​អ្នកដឹកនាំ ធ្វើការ​ជា​ក្រុម ដើម្បី​ក្លាយជា​ធនធាន​ដ៏​ល្អ ជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ​។ មិនតែប៉ុណ្ណោះ សមាជិក​ទាំងអស់ ត្រូវបាន​ជំរុញ​លើកទឹកចិត្ត ឲ្យ​ក្លាយជា​កូន​ល្អ សិស្ស​ល្អ ប្រជាពលរដ្ឋ​ល្អ តាម​គោលបំណង និង​បេសកកម្ម និង​ពាក្យស្លោក​របស់​សមាគម កម្លាំង​ស្ម័គ្រចិត្ត ដើម្បី​កុមារី និង​យុវតី​កម្ពុជា​។

​លោក Scott Nisson ស្ថាបនិក​អង្គការ​មូលនិធិ​កុមារ​កម្ពុជា បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោកស្រី​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី និង​ថ្នាក់ដឹកនាំ សមាគម​កាយឫទ្ធិ​នារី កម្ពុជា ដែល​បាន​យកចិត្តទុកដាក់ និង​ផ្ដល់ឱកាស​ដល់​កុមារី នៅក្នុង​អង្គការ ដើម្បីឱ្យ​ពួកគេ មានការ​អភិវឌ្ឍ​ខ្លួន បានល្អ នៅក្នុង​សង្គម​។

​សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ដែលមាន​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​សមាគម​កាយឫទ្ធិ នារី​កម្ពុជា លោកស្រី​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជា​អគ្គស្នងការ​សមាគម តែងតែ​យកចិត្តទុកដាក់ ចំពោះ​សុខទុក្ខ និង​ការរស់នៅ​របស់​កុមារា កុមារី នៅក្នុង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា តាមរយៈ ការឧបត្ថម្ភ​គាំទ្រ ទាំង​សម្ភារៈ ថវិកា ស្មារតី ព្យាបាល និង​សកម្មភាព​ផ្សេងៗ​ទៀត​៕/V​