​ដោយៈ​បាយ័ន / សៀមរាបៈ រដ្ឋបាល​ខេត្តសៀមរាប បានដាក់​ឱសានវាទ ១៥ ថ្ងៃ ជា​កំហិត ឱ្យ​រុះរើ​សំណង់ និង​ការ្យ​ផ្សេងៗ នៅ​លើដី​ចំណីផ្លូវ​ចំនួន ៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ដែល​នឹង​ចាប់ ផ្ដើម​ដំណើរការ​ស្ថាបនា នាពេល​ដ៏​ខ្លី​ខាងមុខ ហើយ​បាន​ព្រមាន​ថា នឹង​ចាត់វិធានការ ក្នុងករណី​អ្នក​ពុំបាន​ចូលរួម​សហការ​រុះរើ តាម​ការកំណត់​។

​យោងតាម​សេចក្តីជូនដំណឹង របស់​សាលាខេត្ត​សៀមរាប ចុះ​ថ្ងៃទី​២៣ ខែមិថុនា កន្លងទៅនេះ ស្តីពី​ការរុះរើ​សំណង់ និង​ការ្យ​ផ្សេងៗ នៅ​លើដី​ចំណីផ្លូវ​ចំនួន ៨ ខ្សែ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប បានឱ្យដឹងថាៈ ពាក់ព័ន្ធ​នឹង​ការស្ថាបនា​ផ្លូវ​ចំនួន ៨ ខ្សែ ខាងលើ បងប្អូន​ត្រូវ ចូលរួម​សហការ​រុះរើ​ដោយ​ខ្លួនឯង តាម​ជើង​ម៉ែត្រ នៃ​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ (LMAP) ឱ្យ​រួចរាល់ ក្នុង​រយៈពេល ១៥ ថ្ងៃ ជា​កំហិត ដោយ​គិត​ចាប់ពី​ថ្ងៃ ចេញ​សេចក្តី ជូនដំណឹង​នេះ តទៅ​។

​ទន្ទឹមនឹងនេះ រដ្ឋបាល​ខេត្តសៀមរាប បាន​ព្រមាន​ថា ក្នុងករណី​ពុំបាន​ចូលរួម​សហការ រុះរើ​តាម​ការកំណត់ ដូច​ការជូនដំណឹង ខាងលើនេះ​ទេ រដ្ឋបាលខេត្ត នឹង​ចាត់វិធានការ​រុះរើ តាម​នីតិវិធី​ច្បាប់ ជា​ធរមាន ដោយ​មិន​ទទួលខុសត្រូវ ចំពោះ​រាល់​ការខូចខាត និង​បាត់បង់​ទ្រព្យសម្បត្តិ​ផ្សេងៗ របស់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ​។​

​ព័ត៌មាន​លម្អិត សូម​អាន​សេចក្តីជូនដំណឹង ដូច​មានភ្ជាប់ មកជា​មួយ នៅ​ខាងក្រោម​៖​