ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ពេលចាប់ផ្តើមកិច្ចប្រជុំG7ក្រុមប្រទេសមានឧស្សាហកម្មជឿនលឿនលើពិភពលោកទាំងប្រាំពីរកាលពីថ្ងៃអាទិត្យទី២៦មិថុនាបានយល់ព្រមហាមឃាត់ការនាំចូលមាសពីប្រទេសរុស្ស៊ី ក្នុងគោលបំណងចាត់វិធានការថ្មីដើម្បីកម្ទេចធនធានសម្រាប់ធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូនិងពង្រឹងការការពាររបស់អ៊ុយក្រែន។
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន និងសមភាគីរបស់លោកមកពីប្រទេសឧស្សាហកម្មរីកចម្រើនបំផុតរបស់ពិភពលោក កំពុងជួបជុំគ្នានៅប្រាសាទអែលមូ (Elmau)ក្នុងតំបន់ភ្នំអាល់របស់អាល្លឺម៉ង់ មុនពេលពួកគេបន្តដំណើរទៅកាន់ទីក្រុងម៉ាឌ្រីដ (Madrid)ដើម្បីពិភាក្សាជាមួយដៃគូរបស់អង្គការណាតូ។
មេដឹកនាំទាំងអស់នេះកំពុងព្យាយាមរួបរួមគ្នាសម្រាប់អ៊ុយក្រែនប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ីខណៈកំពុងប្រឈមមុខនឹងផលវិបាកជាសកលខ្លាំងឡើងពីសង្គ្រាមនេះ។
លោកបៃដិនបានប្រាប់អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូល (Olaf Scholz) ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរយៈពេលបីថ្ងៃនេះថា “ពួកយើងត្រូវតែរួបរួមគ្នា”។
លោកបៃដិននិយាយថា “ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន សង្ឃឹមយ៉ាងមុតមាំថា ណាតូនិងក្រុម G7 នឹងបែកបាក់គ្នា។ ប៉ុន្តែយើងមិនបានបែកបាក់គ្នាទេ ហើយយើងនឹងមិនបែកបាក់នោះឡើយ”។
លោកស្កូលក៏បានសាទរផងដែរចំពោះការរួបរួមរបស់លោកខាងលិច ដែលគាត់និយាយថា “ពូទីនមិនដែលរំពឹងអ៊ីចឹងនោះទេ” ដោយបន្ថែមថា សមាជិកនីមួយៗនៃក្រុម G7″ត្រូវចែករំលែកការទទួលខុសត្រូវ” ដើម្បីតតាំងនឹងបញ្ហាប្រឈមខ្លាំងឡើង ដែលបង្កឡើងដោយសង្គ្រាម។
សេចក្តីថ្លែងការណ៍រួមនេះបានកើតឡើងខណៈរុស្ស៊ីបានបន្តការវាយប្រហារលើក្រុងគៀវជាលើកដំបូងក្នុងរយៈពេលបីសប្តាហ៍ ដែលការវាយប្រហារនេះត្រូវបានលោកបៃដិនថ្កោលទោសថាជា “អំពើព្រៃផ្សៃខ្លាំងឡើងរបស់ពួកគេ”។
ក្រឡេកទៅមើលក្នុងកិច្ចប្រជុំកំពូលនេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba)បានជំរុញឱ្យក្រុម G7អនុម័តទណ្ឌកម្មបន្ថែមលើទីក្រុងមូស្គូនិងផ្តល់អាវុធធុនធ្ងន់បន្ថែមទៀតសម្រាប់អ៊ុយក្រែន ដើម្បីកម្ចាត់ “ចក្រពត្តិនិយមដែលឈឺរបស់រុស្ស៊ី”។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងធ្វើការអង្វរដូចគ្នានេះដែរនៅពេលលោកចូលរួមកិច្ចប្រជុំតាមវីដេអូនៅថ្ងៃចន្ទនេះ។
រាប់ចាប់ពីអតិផរណាខ្ពស់រហូតដល់វិបត្តិស្បៀងអាហារនិងកង្វះថាមពល ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលឥឡូវឈានដល់ខែទីប្រាំរបស់ខ្លួន បានធ្វើឱ្យពិភពលោកមានវិបត្តិជាបន្តបន្ទាប់។
មេដឹកនាំ G7 ក៏កំពុងប្រឈមមុខនឹងការគំរាមកំហែងនៃការធ្លាក់ចុះសេដ្ឋកិច្ចក៏ដូចជាសម្ពាធជុំវិញបម្រែបម្រួលអាកាសធាតុផងដែរ។
ដោយស្វះស្វែងបង្កើនកម្តៅលើទីក្រុងមូស្គូ ក្រុមប្រទេស G7 បានប្រកាសថាខ្លួននឹងហាមឃាត់ការនាំចូលមាសរបស់រុស្ស៊ី។សហរដ្ឋអាម៉េរិកបាននិយាយថាមាសគឺជាការនាំចេញដ៏ធំទីពីរសម្រាប់រុស្ស៊ីនិងជាប្រភពចំណូលដ៏សំខាន់សម្រាប់លោកពូទីននិងសម្ពន្ធមិត្តរបស់គាត់៕
មេដឹកនាំ G7 យល់ព្រមហាមឃាត់ការនាំចូលមាសពីរុស្ស៊ី