​ដោយ​: សុវណ្ណ​កុម្ភៈ / ភ្នំពេញ​: បួន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF (International Taekwondo Federation) កម្ពុជា បាន​គូសបញ្ជាក់ថា​: សម្រាប់​ការប្រកួត​កីឡា​និស្សិត​នេះ សហព័ន្ធ បាន​បញ្ជូន​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម​តេ​ក្វាន់​ដូ ITF សរុប​ចំនួន ១៦ នាក់ មក​ចូលរួម​រៀបចំ​ការប្រកួត ប្រចាំឆ្នាំ​២០២២ នេះ​។​​នេះ​ជា​ព្រឹត្តិការណ៍​ថ្មី​មួយទៀត ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​បន្ថែម ដល់​មន្ត្រី​សហព័ន្ធ ដើម្បី​ឲ្យ​មាន​ភាពប្រាកដប្រជា​នៃ​ដំណើរ​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។

​លោក​អគ្គលេខាធិការ បាន​បន្ថែមថា​: តាមរយៈ​ការរៀបចំ​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF នៃ​ព្រឹត្តិការណ៍​ឧ​ត្ត​ម​សិក្សា​ថ្នាក់ជាតិ​នេះ គឺ​ល្អ​ខ្លាំងណាស់ ក្នុង​ការជួយ​ជំរុញ​ឲ្យ​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម​របស់​សហព័ន្ធ បាន​ដុះខាត់​សមត្ថភាព​បន្ថែម ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

​ជាមួយគ្នា​នោះ សហព័ន្ធ ក៏​នឹង​អាច​ពិនិត្យមើល​លើ​ចំណុច​ខ្វះខាត​របស់​ពួកគាត់ ដើម្បី​កែលម្អ ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ដើម្បី​គោលដៅ​រៀបចំ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF នៅក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ជា​លើកដំបូង​របស់​កម្ពុជា​ផង និង​ជា​ប្រវត្តិសាស្ត្រ​ដំបូង របស់​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF ក្នុង​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម ក្នុង​រយៈពេល ៣២ លើក គឺ​រយៈពេល ៦៤ ឆ្នាំ​ហើយ​ដែល​តេ​ក្វាន់​ដូ ITF មិន​ដែលមាន​វត្តមាន នៅ​ស៊ី​ហ្គេម ។

​ក្នុងការ​ប្រកួត​កីឡា​និស្សិត​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​នេះ សហព័ន្ធ​តេ​ក្វាន់​ដូ ITF បាន​ប្រើប្រាស់​មន្ត្រី​គណៈកម្មការ​ប​ច្ចេ​ទេស ចំនួន​១៦​នាក់ ហើយ​ក្នុង​ចំនួន​នេះ គឺមាន​មន្ត្រី​អាជ្ញាកណ្តាល ចៅក្រម​ចំនួន ៥ នាក់ ដែលមាន​សមត្ថភាព​ខ្ពស់ ក្នុងការ​បម្រើ​ដល់​​ការប្រកួត​កម្រិត​អន្តរជាតិ ជាពិសេស​គឺ​ចូលរួម​កាត់សេចក្តី ក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ខណ​:​គោលការណ៍ របស់​សហព័ន្ធ​តេ​ក្វាន់​ដូ ITF អាស៊ី ក៏បាន​កំណត់​ដែរ​ថា ម្ចាស់ផ្ទះ អាចដាក់​អាជ្ញាកណ្តាល​ចៅក្រម​កម្រិត​អន្តរជាតិ​របស់ខ្លួន បាន​ចំនួន ៥​នាក់ ក្នុងការ​ចូលរួម​កាត់​សេចក្តី ជាមួយ​អាជ្ញាកណ្តាល​-​ចៅក្រម​អន្តរជាតិ នាពេល​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

​ស្របពេល​ជាមួយនឹង​គោលដៅ ដែល​បានដាក់​ចេញពី​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ​ITF រួមទាំង​ប្រភេទ​កីឡា​ទាំងអស់​ត្រូវតែ​គោរព​ឲ្យ​បានជា​ដាច់ខាត នូវ​តម្លាភាព​យុត្តិធម៌​។​គោលដៅ​របស់​យើង ជំរុញ​ឲ្យ​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំង​មន្ត្រី​បច្ចេកទេស ទាំង​ការចូលរួម​ប្រកួតប្រជែង​របស់​កីឡាករ កីឡាការិនី​ទាំងអស់ គោរព​ឲ្យ​បាន​នូវ​យុត្តិធម៌ ស្មារតី​កីឡា ដែល​ទទួលយកបាន​គ្រប់ៗ​គ្នា​។

​ក្នុងនាម​លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា និង​ថ្នាក់ដឹកនាំ​ប្រតិបត្តិ​សហព័ន្ធ លោក បួន​ហ៊ីង សុធី​យ៉ា បាន​ចាត់ទុកថា ការរៀបចំ​កា​ប្រកួត​កីឡា​និស្សិត​ឧ​ត្ត​ម​សិក្សា​ថ្នាក់ជាតិ​នេះ កំពុង​ជួយ​ជំរុញ​លើកកម្ពស់​បន្ថែម​
​ដល់​ការអភិវឌ្ឍ​បច្ចេកទេស ព្រមទាំង​ការអភិវឌ្ឍ​ធនធាន​កីឡាករ កីឡាការិនី ជា​និស្សិត ឲ្យ​កាន់តែ​សម្បូរបែប និង​មាន​គុណភាព​ខ្ពស់ នា​ថ្ងៃ​អនាគត​។

​លោក​បង្ហាញ​នូវ​ជំនឿ​ចិត្ត​ថា តាមរយៈ​ការរៀប​ចំនេះ នឹង​ជួយ​ពង្រឹង​បន្ថែម ក្នុងការ​អភិវឌ្ឍ​និស្សិត អាច​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ និង​អាច​ក្លាយជា​គ្រូបង្វឹក នា​ថ្ងៃ​អនាគត​។ ព្រឹត្តិការណ៍​និស្សិត​ឧ​ត្ត​ម​សិក្សា​នេះ​មាន​ផលចំណេញ យ៉ាងច្រើន ដើម្បី​អភិវឌ្ឍន៍​ពួកគាត់ ឲ្យ​កាន់តែ​ល្អប្រសើរ សម្រាប់​ការប្រកួត​ផ្សេងៗ​ទៀត នាពេលខាងមុខ​។

​ក្នុងការ​ប្រកួត​កីឡា​និស្សិត​នេះ លើ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF មាន​កីឡាករ កីឡាការិនី ជា​និស្សិត​ចូលរួម សរុប​ចំនួន ៦៤ នាក់ (​កីឡាករ ៣៦​នាក់ កីឡាការិនី ២៨ នាក់​) មកពី​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ចំនួន​៧ ដោយមាន ១៣ វិញ្ញាសា ក្នុងនោះ​រៀបចំ​វិញ្ញាសា សម្តែង​មេគុណ ចំនួន​៤ និង​វិញ្ញាសា​ប្រយុទ្ធ​ចំនួន​៩​។

​ការ​ប្រ​កួ​កីឡា​និស្សិត​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២២ ដំណើរការ​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​៣០ ខែមិថុនា ដោយមាន ១២ ប្រភេទ​កីឡា ស្មើនឹង ៨៨ វិញ្ញាសា ក្រោម​ការរៀបចំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​បច្ចេកទេស ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ទាំង ១២ ប្រភេទ​កីឡា​៕/V​