ដោយ: សុវណ្ណកុម្ភៈ / ភ្នំពេញ: សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) បានអនុញ្ញាតឲ្យផលិតកម្មល្បីៗ និពន្ធបទចម្រៀងបង្កើតថ្មី (Original Song) ដែលមានខ្លឹមសារ បំផុសព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។
ពាក់ព័ន្ធនឹងការអនុញ្ញាតឲ្យផលិតកម្មល្បីៗ និពន្ធបទចម្រៀងបង្កើតថ្មី (Original Song) CAMSOC បានអះអាងថា: គឺមានគោលបំណងទាក់ទាញការចាប់អារម្មណ៍ ចំពោះព្រឹត្តិការណ៍ នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ហើយបានចាត់ទុកថា ការផលិតបទចម្រៀងបង្កើតថ្មី (Original Song) ពិតជាមានសារសំខាន់ ក្នុងការរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍នេះ មានភាពអធិកអធម ដែលជាកាលានុ
វត្តភាពដ៏ប្រសើរ ក្នុងការជំរុញសន្ទុះការគាំទ្រពីមហាជនគ្រប់ស្រទាប់វណ្ណៈ និងនិន្នាការនយោបាយ នៅកម្ពុជាព្រមជាមួយនឹងការផ្សព្វផ្សាយ ពីវប្បធម៌ដ៏សម្បូរបែប និងបង្ហាញពីកិត្យានុភាពជាតិ លើឆាកអន្តរជាតិ ក្នុងសម័យសន្តិភាពតេជោសែន ។
ជាមួយនឹងការប្រមូលធាតុផ្សំ នៃឋាមពលព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គណៈកម្មាធិការជាតិ CAMSOC អនុញ្ញាតឱ្យវិស័យឯកជន ចូលរួមជំរុញផ្សព្វផ្សាយសម្បូរបែប។ អនុញ្ញាតឲ្យផលិតកម្មផលិតបទចម្រៀងល្បីៗ ចូលរួមផលិតចម្រៀងបង្កើតថ្មី គាំទ្រព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ គណៈកម្មាធិការជាតិ CAMSOC ផ្ដល់ខ្លឹមសារគោល ដោយត្រួតពិនិត្យ មុនការចេញ ផ្សាយ ជាសាធារណៈ ហើយជាមួយគ្នានេះ អនុញ្ញាតឲ្យផលិតកម្ម ប្រើប្រាស់រូបសញ្ញា (Logo) និងនិមិត្តរូប Mascot របស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងការផលិតបទចម្រៀងថ្មី គាំទ្រព្រឹត្តិការណ៍ ខាងលើ ។ អនុញ្ញាតឲ្យប្រើប្រាស់ឈ្មោះ និងស្លាកសញ្ញា (Logo) ផលិតកម្ម ក្នុងបទចម្រៀង ធ្វើជាកម្មសិទ្ធិបញ្ញារបស់ខ្លួន ។ រាល់បទចម្រៀងដែលផលិតពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវឆ្លងកាត់ការត្រួតពិនិត្យខ្លឹមសារ ទំនុកច្រៀង ពីគណៈកម្មាធិការជាតិ CAMSOC ៕/V