​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ស្រីលង្កា ដែល​ខ្វះ​សាច់ប្រាក់ កាលពី​ថ្ងៃអាទិត្យ​ទី​២៦​មិថុនា​បាន​ប្រកាស​បញ្ជូន​ក្រុម​រដ្ឋមន្ត្រី​ទៅ​កាន់​ប្រទេស​រុស្ស៊ី​និង​កាតា​ដើម្បី​ព្យាយាម​ធានាបាន​នូវ​ប្រេង​ថោកៗ ពោលគឺ​មួយថ្ងៃ​គត់​បន្ទាប់​ពី​រដ្ឋាភិបាល​និយាយថា​ខ្លួន​អស់​ប្រេងឥន្ធនៈ​ទៅហើយ​។​

​ទន្ទឹមនឹងនេះ រដ្ឋាភិបាល​បាន​បន្ត​ការបិទ​ស្ថាប័នរដ្ឋ​មិន​សំខាន់​រយៈពេល​ពីរ​សប្តាហ៍​រហូតដល់​មាន​ការជូន​ដំណឹង​បន្ថែម ដើម្បី​សន្សំ​សំចៃ​ប្រេង ដោយ​រក្សា​ទុក​តែ​បុគ្គលិក​សំខាន់ៗ​ប៉ុណ្ណោះ​ដើម្បី​ផ្តល់​​សេវាកម្ម​ជា​អប្បបរមា​។​

​រដ្ឋមន្ត្រី​ថាមពល​លោក កាន់​ចា​ណា វី​ជេស​កេ​រ៉ា (Kanchana Wijesekera) បាន​និយាយថា រដ្ឋមន្ត្រី​ពីររូប​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​ទី​២៧​មិថុនា​ដើម្បី​ពិភាក្សា​អំពី​ការទិញ​ប្រេង​​បន្ថែមទៀត បន្ទាប់ពី​បាន​ទិញ​ប្រេង​ឆៅ​តំបន់​ស៊ី​បេរី​ចំនួន ៩០.០០០ តោន​កាលពី​ខែ​មុន​។​

​ការនាំ​ចូល​ប្រេង​ទាំងនោះ​ត្រូវបាន​រៀបចំឡើង​តាមរយៈ​ក្រុមហ៊ុន Coral Energy ដែល​ជា​អន្តរការី​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូ​បៃ​ប៉ុន្តែ​អ្នក​នយោបាយ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ធ្វើ​ការចរចា​ដោយ​​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន​។​

​លោក​វី​ជេស​កេរ៉ាបាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុ​ង​កូឡុំបូ​ថា “​រដ្ឋ​មន្ត្រី​ពីរ​នាក់​នឹង​ទៅ​ប្រទេស​រុស្ស៊ី​ហើយ​ខ្ញុំ​នឹង​ទៅ​ប្រទេស​កាតា​នៅ​ថ្ងៃស្អែក​ដើម្បី​មើល​ថា​តើ​យើង​អាច​រៀបចំ​លក្ខខណ្ឌ​សម្បទាន​​បាន​ឬ​អត់​”​។​

​លោក​វី​ជេស​កេរ៉ាបាន​ប្រកាស​កាលពី​ថ្ងៃ​សៅ​រ៍ថា ស្រីលង្កា​បាន​អស់​សាំង​និង​ម៉ា​ស៊ូ​តទៅ​ហើយ បន្ទាប់​ពី​ការដឹក​ប្រេង​តាម​កាលវិភាគ​ជាច្រើន​ត្រូវបាន​ពន្យារពេល​ដោយ​គ្មាន​កាល​កំណត់​ដោយ​សារ​ហេតុផល “​ធនាគារ​”​។​

​លោក​វី​ជេស​កេរ៉ាបាន​និយា​យខណៈ​សុំទោស​ចំពោះ​ស្ថានភាព​នេះ​ថា ទុនបម្រុង​ប្រេងឥន្ធនៈ​គឺ​គ្រប់គ្រាន់​ដើម្បី​បំពេញ​តម្រូវការ​តិចជាង​ពីរ​ថ្ងៃ ហើយ​វា​ត្រូវបាន​បម្រុង​ទុក​សម្រាប់​សេវាកម្ម​សំខាន់ៗ​។​

​ក្រុមហ៊ុន​សាជីវកម្ម​ប្រេង​សី​ឡុន (Ceylon Petroleum Corporation)​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ កាលពី​ថ្ងៃអាទិត្យ​បាន​ដំឡើងថ្លៃ​ប្រេងម៉ាស៊ូត ១៥ ភាគរយ​គឺ​ស្មើនឹង ៤៦០ រូ​ពី (១,២៧ ដុល្លារ​) ក្នុង​មួយ​លីត្រ និង​ប្រេងសាំង ២២ ភាគរយ គឺ ៥៥០ រូ​ពី​។​

​ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក តម្លៃ​ប្រេងម៉ាស៊ូត​បាន​ឡើងថ្លៃ​ជិត​បួន​ដង ហើយ​សាំង​ឡើងថ្លៃ​ជិត​បី​ដង​។​

​លោក​វី​ជេស​កេរ៉ាបាន​និយាយ​ថា​នឹង​មាន​ការពន្យារពេល​គ្មាន​កាលកំណត់​ក្នុង​ការទទួល​បាន​ប្រេង​ថ្មី​ហើយ​បាន​ជំរុញ​ឱ្យ​អ្នកបើកបរ​យានយន្ត​មិនចាំបាច់​តម្រង់​ជួរ​ទេ​រហូត​ដល់​គាត់​ណែនាំ​ប្រព័ន្ធ​​កំណត់​ចំនួន​ទិញ​ដល់​យានយន្ត​ក្នុង​ចំនួន​កំណត់​ប្រចាំថ្ងៃ​៕

​ប្រជាជន​ស្រីលង្កា​តម្រង់​ជួរ​ចាំ​ទិញ​សាំ​នៅមុខ​ស្ថានីយ ដែល​គ្មាន​ប្រេង​