ដោយ​:​សិក្ខា​រិ​ន / ពោធិ៍សាត់​: ក្នុង​រយៈពេល ៦​ខែ ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២២ នេះ យើង​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ចំនួន ៧៨ ករណី និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១០៩ នាក់ ក្នុងនោះ ករណី​រក្សាទុក និង​ចែកចាយ​ជួញដូរ​ដោយ​ខុសច្បាប់ ចំនួន ៥៣ ករណី និង​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ចំនួន ២៥ ករណី​។

​លោក​វរៈសេនីយ៍ឯក ហែម មុន្នី ស្នងការរង​ទទួល​ផែន​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​រាយការណ៍​ដូច្នេះ នៅក្នុង​ពិធី​មី​ទ្ទីង​អបអរសាទរ ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង ញៀន នា​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ នៅ​វិទ្យាល័យ​ខេត្តពោធិសាត់ ក្រោម​អធិបតីភាព​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត និង​ជា​តំណាង​លោក ជាវ​តា​យ អភិបាល​នៃ​គណៈ​អភិបាល ខេត្តពោធិ៍សាត់ និង មានការ​ចូលរួម​ពី​នគរបាល​ជំនាញ នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល កងរាជអាវុធហត្ថ មេឃុំ ចៅសង្កាត់ ទាំង​៤៩ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស សរុប​ប្រមាណ ៨០០ នាក់ ។

​លោក​វរៈសេនីយ៍ឯក ហែម មុន្នី ស្នងការរង​ទទួល​ផែន​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បានឱ្យដឹងថា​: បើ​យោងតាម​របាយការណ៍ វត្ថុតាង​ដែល​ដកហូត​បាន មាន​សម្ភារៈ និង​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស រួមមាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន ២២២ កញ្ចប់ ទម្ងន់ ៨៥៦,០២ ក្រាម​, ថ្នាំ​ប្រភេទ អក្សរ WY ចំនួន ១៦២ គ្រាប់ ទម្ងន់​១៦,២១​ក្រាម​, ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន ៦​គ្រឿង​, រថយន្ដ​៦​គ្រឿង ម៉ូតូ​២១​គ្រឿង ទូរស័ព្ទដៃ ៤៦​គ្រឿង លុយ​ខ្មែរ ២.២៧២.៥០០​រៀល លុយ​អាម៉េរិក ៦១៥ ដុល្លារ លុយ​ថៃ ២០០ បាត កាំភ្លើង​ស្នប់​ចំនួន ៣​ដើម ដាវ​៥ កាំបិត​៧ ប្រដាប់​ឆក់ ៥​គ្រឿង ឧបករណ៍​វេច​ខ្ចប់ និង​បំរើ​ឲ្យ​ការជក់ មួយចំនួនធំ​ទៀត​។

​លោក​បាន​បន្តថា​: ពាក់ព័ន្ធ​នឹង​ករណីនេះ សមត្ថកិច្ច បាន​អនុវត្តតាម​ផ្លូវច្បាប់ ដោយបាន​បញ្ជូន​ជនសង្ស័យ​ទៅ​ពន្ធនាគារ ចំនួន​៦៥​នាក់ បញ្ជូនទៅ​មណ្ឌល​អប់រំ​កែប្រែ ស្ដារនីតិសម្បទា ចំនួន​១៤​នាក់ និង​ធ្វើ​ការអប់រំ​នៅ​ថ្នាក់មូលដ្ឋាន​ឱ្យទៅ​សហគមន៍​វិញ ចំនួន​៣​នាក់ (​ស្រី​)​។

​ដោយឡែក សមត្ថកិច្ច បាន​កោះហៅ​មុខសញ្ញា​មក​ធ្វើការ​អប់រំ ឲ្យ​បញ្ឈប់​ការប្រើប្រាស់​គ្រឿងញៀន និង​ធ្វើ​កិច្ចសន្យា​ប្រគល់​ឲ្យ​ឪពុកម្ដាយ អាណាព្យាបាល​ធ្វើការ​អប់រំ​បន្ត​។

​ជាមួយគ្នានេះ សមត្ថកិច្ច​ជំនាញ បានធ្វើ​ការសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​គ្រឹះស្ថានសិក្សា​នានា ធ្វើការ​ផ្សព្វផ្សាយ​អប់រំ ណែនាំ ស្តីពី​ច្បាប់ និង​ផលប៉ះពាល់ បណ្ដាលមកពី​ការប្រើប្រាស់​គ្រឿងញៀន បាន​ចំនួន ២៧ លើក​។

​នៅក្នុង​ឱកាស​នោះដែរ លោក ពៅ ពិសិដ្ឋ តំណាង​លោក ជាវ តា​យ អភិបាលខេត្ត​ពោធិសាត់ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ប្អូនៗ​យុវជន​ទាំងអស់ ក្នុង​ខេត្តពោធិ៍សាត់ ត្រូវ​ចាត់ទុក​គ្រឿងញៀន ជា​បញ្ហា​របស់​យើងទាំងអស់គ្នា ត្រូវ​រួមគ្នា​ធ្វើការ​ប្រយុទ្ធប្រឆាំង ហើយ​បើ​ដឹង ឬ​ឃើញ​មិត្ត​ភ​ក្កិ​កូនចៅ​អ្នកជិតខាង​ណា មាន​សញ្ញា​សេព​គ្រឿងញៀន ឬ​ជក់បារី​អេឡិចត្រូនិក ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច​ជាបន្ទាន់ ព្រោះ​ការប្រើប្រាស់​គ្រឿងញៀន បំផ្លាញ​អនាគត​ខ្លួនឯង បំផ្លាញ​គ្រួសារ និង​បំផ្លាញ​សង្គមជាតិ​ទាំងមូល​។

​លោក អភិបាលរង​ខេត្ត ក៏បាន​ផ្តាំផ្ញើ​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​រួមគ្នា​សហការ ពង្រឹង​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព ឱ្យបាន​តឹងរ៉ឹង​បំផុត ចំពោះ​បុគ្គល និង​ឧក្រិដ្ឋជន ដែលមាន​សកម្មភាព​ចែកចាយ​គ្រឿងញៀន ក្នុងភូមិ​សាស្ត្រ នៃ​ខេត្តពោធិ៍សាត់​របស់​យើង​។

​ជាមួយគ្នានេះ​ផងដែរ លោក ពៅ ពិសិដ្ឋ ក៍បាន​កោតសរសើរ ចំពោះ​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ សហការ​ជាមួយ​ស្ថាប័ន​តុលាការ ដែល​កន្លងមកនេះ បាន​បង្ក្រាប​មេ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ដ៍​ធំ​មួយ ក្នុង​ខេត្តពោធិ៍សាត់ ធ្វើឱ្យ​អត្រា នៃ​ការ​ប្រឈម​គ្រឿងញៀន បាន​ធ្លាក់ចុះ គួរ​ឲ្យ​កត់សម្គាល់ ហើយ​កិច្ច​ការបន្ត ត្រូវ​សហការគ្នា ឱ្យបាន​ខ្លាំង​ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ខេត្តពោធិ៍សាត់​យើង កាន់តែ​ថយចុះ និង​ឈានទៅ​លែងមាន​គ្រឿងញៀន នៅ​ថ្ងៃ​អនាគត​៕/V​